ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរសុខៗកិនចំគ្រាប់មីនខ្ទេចអស់​២គ្រឿង​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​មាន​ដឹក​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​មួយ​គ្រឿង​បាន​កិន​ចំ​គ្រាប់​មីន​មួយ​គ្រាប់​បណ្តាល​ឱ្យ​ផ្ទុះ​នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង កាលពី​ល្ងាច ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ខាងលិច​ភូមិ​ស្វាយ ឃុំ​ត្រី​ញ័រ ស្រុក​ពួក…

ខេត្តសៀមរាប ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​មាន​ដឹក​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​មួយ​គ្រឿង​បាន​កិន​ចំ​គ្រាប់​មីន​មួយ​គ្រាប់​បណ្តាល​ឱ្យ​ផ្ទុះ​នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង កាលពី​ល្ងាច ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ខាងលិច​ភូមិ​ស្វាយ ឃុំ​ត្រី​ញ័រ ស្រុក​ពួក និង​បណ្ដាល​ឱ្យ​រងការ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង ប៉ុន្តែ​សំណាងល្អ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​។

បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍​ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​ថា ករណី​ផ្ទុះ​គ្រាប់​មីន​មួយ​គ្រាប់​នៅ​លើ​ផ្លូវលំ​ដែល​ជា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ធ្វើស្រែ រាល់ថ្ងៃ​នោះ ស្ថិត​នៅ​ចំណុច​ខាងលិច​ភូមិ​ស្វាយ ឃុំ​ត្រី​ញ័រ ចម្ងាយ​៣​គីឡូម៉ែត្រ ជា​ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​ត្រី​ញ័រ ទៅ​ឃុំ​ក្តី​រុន ក្នុងស្រុក​ពួក ខេត្ត សៀម​រាប បណ្ដាល​ឱ្យ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង ក្នុង​នោះ​រថយន្ត​ម៉ាក​ថៃ​ល័​រ ជា​ប្រភេទ​រថយន្ត​ដឹក​រថយន្ត ពណ៌​ស ពាក់​ផ្លា​ក​លេខ ក​.០១១៨ ភព​៣ មាន​ដឹក​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះ អុត ទក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ម្ចាស់​រថយន្ត​និង​ម្ចាស់​អេ​ស្កា​វ៉ា​ទ័​រ មុខរបរ​ជីកដី និង​ដឹក​ដី​លក់ ចំណែក​រួម​ដំណើរ​ម្នាក់​ឈ្មោះ អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​អធិការ​នគរបាល​ស្រុក​ពួក​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ថៃ​ល័​របា​ន​ដឹក​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពី​ឃុំ​ក្តី​រុន​ទៅ​ឃុំ​ត្រី​ញ័រ លុះដល់​មក​កន្លែង​កើតហេតុ​បាន​កិន​ចំ​គ្រាប់​មីន​បណ្តាល​ឱ្យ​ផ្ទុះ​ចំ​កង់​ក្រោយ​ខាងឆ្វេង តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។

លោក​អធិការ​នគរបាល​ស្រុក​ពួក​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រី​ញ័រ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​ការ​ពិនិត្យ​និង​សន្និដ្ឋាន​របស់​កម្លាំង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រាប់​មីន​ដែល​ផ្ទុះ​ខាងលើ​នេះ សង្ស័យ​ជា​ប្រភេទ​មីនតោន​ដាក់​បង្កប់​ដោយនៅ​សេសសល់​ពី​សម័យ​សង្គ្រាម ខណៈ​ផ្លូវ​ខាងលើ​នេះ​ជា​ផ្លូវ​តូច ហើយ​កន្លង​មក​ពុំដែល​មាន​រថយន្ត​ធុន​ធំ និង​ធុន​ធ្ងន់​បើកបរ​លើ​ផ្លូវ​នេះ​ឡើយ គឺ​មាន​តែ​គោ​យន្ត​កន្ត្រៃ​តូច​ៗ​បើកបរ​លើ​ផ្លូវ​នេះ​តែ​ប៉ុណ្ណោះ ទើប​ពុំ​​បណ្តាល​ឱ្យ​ផ្ទុះ ។ បច្ចុប្បន្ន​រថយន្ត​ទាំង​២​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ ប្រគល់​ឱ្យ​ម្ចាស់​យក​ទៅ​រក្សា​ទុក​នៅផ្ទះ​របស់​ខ្លួន​វិញ​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ