ខេត្តព្រៃវែង ៖ ជនម្នាក់ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅតាមបណ្ដាខេត្តនានា និងនៅរាជធានីភ្នំពេញផងនោះ ពេលនេះត្រូវកម្លាំងនគរបាលខេត្តព្រៃវែងចាប់ខ្លួនបានហើយ ។ ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាប្លន់យ៉ាងសកម្មនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត និងដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរង។
ជនសង្ស័យឈ្មោះ ស៊ន់ ស្រ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជននេះត្រូវបានចាប់ខ្លួននៅចំណុចផ្ទះឈ្មោះ ពៅ ផារី ភេទស្រី អាយុ៦១ឆ្នាំ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាល កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។ លោកស្នងការរង ពៅ ជីវី បានថ្លែងប្រាប់ថា ជនសង្ស័យបានក្លែងឯកសារ និងតែងតែដើរប្លន់និងលួចរថយន្តនិងម៉ូតូ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស រហូតមានដីកាបង្គាប់ឲ្យតាមចាប់ខ្លួនចំនួន៤ករណី ។
លោកស្នងការរងបញ្ជាក់ថា ជាមួយនឹងការចាប់ខ្លួននេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០គ្មានផ្លាកលេខ ផ្លាកលេខម៉ូតូ១៦បន្ទះ កញ្ចក់មើលក្រោយចំនួន៥គូ ដុំសោម៉ូតូចំនួន៤ សោលេខ១២ចំនួន១ សោលេខ១៤ចំនួន១ កាំបិតកៃ១ វ៉ាលីសពណ៌ខ្មៅ១ វិក្កយបត្រពេទ្យ១សន្លឹក និងទូរស័ព្ទ១គ្រឿង ។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ