ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​បោក​គ្រាប់បែក​ផាវ​ចូល​ហាង​លក់​ទូរស័ព្ទ រួច​ចូល​វាយ​បំបែក​កញ្ចក់​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ចាត់​ទុក​ថា​នេះ​ជា​លើក​ទី​១ និង​អាច​ចាត់ទុកជា​រឿង​ចម្លែក ដែល​ចោរប្លន់​២​នាក់​បាន​ប្រើប្រាស់​គ្រាប់បែក​ផាវ​គប់​ចូល​ក្នុងហាង​លក់​ទូរស័ព្ទ​ ដែល​ទើប​បើក​លក់​ថ្មី​មួយ​កន្លែង រួច​វាយ​បំបែក​កញ្ចក់​ទូ​ប្លន់​យក​ទូរស័ព្ទ​ស៊េរី​ទាប​ចំនួន​៥​គ្រឿង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោ​ល កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤៥​នាទីល្ងាច​ថ្ងៃ​ទី​២៦ ខែធ្នូ…

ខេត្តបាត់ដំបង ៖ ចាត់​ទុក​ថា​នេះ​ជា​លើក​ទី​១ និង​អាច​ចាត់ទុកជា​រឿង​ចម្លែក ដែល​ចោរប្លន់​២​នាក់​បាន​ប្រើប្រាស់​គ្រាប់បែក​ផាវ​គប់​ចូល​ក្នុងហាង​លក់​ទូរស័ព្ទ​ ដែល​ទើប​បើក​លក់​ថ្មី​មួយ​កន្លែង រួច​វាយ​បំបែក​កញ្ចក់​ទូ​ប្លន់​យក​ទូរស័ព្ទ​ស៊េរី​ទាប​ចំនួន​៥​គ្រឿង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោ​ល កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤៥​នាទីល្ងាច​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរប្លន់​ទាំង​២​នាក់នោះ បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ទាំង​ងងើលនិង​គ្មាន​បង្អង់​យូរ​ឡើយ ដោយ​ពួក​គេ​ឈប់​ម៉ូតូ​នៅ​ក្បែរ​ហាង​លក់​ទូរស័ព្ទ​នោះ​ដែល​មាន​ម្ចាស់​ឈ្មោះ ផា​ន វណ្ណ​ឈី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ចោរ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​គប់​គ្រាប់បែកផាវ​ចំនួន​២​គ្រាប់​ចូល​ទៅ​ក្នុង​ហាង បណ្ដាល​ឲ្យ​ផ្ទុះ​ផ្អើល​ដល់​ម្ចាស់​ហាង​រត់​ចេញ​ក្រៅ​ស្រែក​ឱ្យ​គេ​ជួយ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ពេល​ម្ចាស់​ហាង​ភ័យ​រត់​ចេញ​ក្រៅ ជន​ម្នាក់​នោះ​បាន​ដក​កូន​ពូថៅ​វាយ​បំបែក​កញ្ចក់​ទូ​ដាក់​តាំង​ទូរស័ព្ទ ប្រមូល​យក​ទូរស័ព្ទ​ស៊េរី​ទាប​ៗ​បាន​ចំនួន​៥​គ្រឿង រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ។
ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​ស្គាល់​ភិនភាគ​ពួក​ចោរ​ទាំង២​នាក់​នោះ​ទេ ហើយ​ក៏​មិន​បាន​ពិនិត្យ​មើល​ម៉ូតូ​ថា ម៉ាក​អ្វី​ដែរ ។ ជន​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូឌុប​គ្នា​មក​ឈប់​នៅ​ក្បែរ​ហាង រួច​ម្នាក់​ជិះ​ខាងក្រោយ​ចុះដើរ​សំដៅ​មក​ក្នុង​ហាង ខណៈ​ម្នាក់​ទៀត​អង្គុយ​ចាំ​លើ​ម៉ូតូ ។

គាត់​បញ្ជាក់​ថា ជន​នោះ​បាន​ធ្វើ​សកម្មភាព​លឿន​បំផុត​ពេល​ដើរ​ចូល​មក​ដល់ ដោយ​បាន​បោះ គ្រាប់បែក​ផាវ​ចំនួន​២​គ្រាប់​ចូល​ក្នុង​ហាង បណ្ដាលឲ្យ​ផ្ទុះ​ផ្អើល​តែ​ម្ដង ។ គាត់​បាន​រត់​ចេញពី​ហាងហើយ​ជន​នោះ​បាន​ដក​កូន​ពូថៅ​វាយ​បំបែក​កញ្ចក់​ទូ ប្រមូល​យក​ទូរស័ព្ទ​ចំនួន​៥​គ្រឿង រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ។

មានការ​កត់​សម្គាល់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ អំពើ​ប្លន់​ឬ​លួច​ហាក់​កំពុង​ម្រើ​ក​យ៉ាង​ខ្លាំង​គួរ​ឲ្យ​បារម្ភ​បំផុត​អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ខណៈ​សមត្ថកិច្ច​ហាក់​មិន​ទាន់​កំណ​ត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​ទាំងនោះ​។ ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ អំពើ​ប្លន់​តាម​ដងផ្លូវ​មួយ​បាន​កើតឡើង នៅ​ក្នុងភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ ។ ជន​ដៃដល់​បាន​ប្រើ​ដាវ​សា​មូ​រៃ​៉​ភ្ជង់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឈ្មោះ នួន លាភ អាយុ​៣៦​ឆ្នាំ ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​ទាំង​ថ្ងៃ ដោយ​មិន​រំខាន​សមត្ថកិច្ច​ឡើយ តែ​មិន​បង្ក​របួស​ស្នាម​ទៅ​លើ​ជន​រង​គ្រោះ​ទេ ។

ដោយឡែក នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​ស្រុក​បាណ​ន់​ឯណេះ​វិញ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​មាន​ករណី​«​ចោរលួច​ម៉ូតូ​»​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា​យ៉ាង​គឃ្លើន​ដែរ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​១​គ្រឿង កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ នៅ​ភូមិ​ខ្នារឃុំ​ឈើទាល ស្រុក​បាណ​ន់ ខណៈ​ជន​រង​គ្រោះ​ទុក​នៅ​មុខ​ផ្ទះ ។ សកម្មភាព​ក្រុម​ចោរ​នេះ បាន​បន្សល់​ទុក​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត ពេល​ដែល​ពួក​គេ​លួច​ម៉ូតូ​បាន​ហើយ​នាំ​គ្នា​ជិះ​ចេញ​ទៅ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក៏​សមត្ថកិច្ច​នៅ​តែ​មិន​អាច​កំណត់​មុខសញ្ញា​ចោរ​ទាំង​២​នាក់​នោះ​បាន​នៅឡើយ ។

ខណៈ​ដែល​សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ​ពី​ជនសង្ស័យ​លួច​ម៉ូតូ​នៅ​ស្រុក​បាណ​ន់​នោះ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ មាន​សេចក្ដីរាយការណ៍ថា លោក​ចោរ​បាន​ធ្វើ​សកម្មភាព​«​កាច់​សោ​លួចយក​ម៉ូតូ​» ចំនួន​២​លើក​ផ្ទូ​ន​ៗ​គ្នា ស្ទើរ​ក្នុង​ពេល​តែ​មួយ ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ដំបូ​ង​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​លួច​ម៉ូតូ​នៅ​ខាង​មុខ​ផ្សារណាត់​(​ផ្សារ​ធំ​បាត់ដំបង​)ចំ​កណ្ដាល​បេះដូង ក្រុង​បាត់ដំបង ។ ការ​ផ្អើល
ឆោឡោ​នៅ​ផ្សារណាត់​នេះ​មិន​ទាន់​ស្ងប់​ផង ស្រាប់តែ​មាន​សេចក្ដីរាយការណ៍​បន្ថែម​ទៀត​ថា នៅ​ឯ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក៏​មាន​ចោរកាច់​សោ​លួច​ម៉ូតូ​អស់​១​គ្រឿង​ដែរ ។

មិនតែប៉ុណ្ណោះ បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា មុន​កើតហេតុ​នេះ​ប៉ុន្មាន​ថ្ងៃ ម៉ូតូ​របស់​មន្ត្រី​សាលាខេត្ត​ម្នាក់​ដែល​ទុក​នៅ​ខាងក្នុង​បរិវេណ​សាលាខេត្ត ក៏​ត្រូវ​ចោរ​ចូល​លួច​យក​ទៅ​បាត់​ដែរ បើ​ទោះជា​មាន​អ្នកយាម​នៅ​ច្រកចូល​សាលាខេត្ត​ព្រោងព្រាត​ក្ដី ។

ជុំវិញ​អំពើ​ចោរកម្ម​ដែល​កំពុង​អង្រួន​ខេត្ត​បាត់ដំបង​យ៉ាង​កក្រើក​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ លោក​ឧត្តម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា ពេល​នេះ​មន្ត្រី​គ្រប់ការិយាល័យ​ជំនាញ បាន​និង​កំពុង​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការ​តាម​ស៊ើបអង្កេត​មុខសញ្ញា​ជន​សង្ស័យ​នានា តែ​លទ្ធផល​ហាក់​មាន​តម្រុយ​តិចតួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ កម្លាំង​ជំ នា​ញ​​កំពុង​ប្រឹងប្រែង​យ៉ាង​ដុតដៃដុតជើង​បំផុត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ៕