រាជធានីភ្នំពេញ ៖តារាចម្រៀងផលិតកម្មថោនលោកខេម បានស្នើដល់ក្រសួងពាក់ព័ន្ធជួយពិនិត្យមើលលើខ្លឹមសារបទចម្រៀងមួយចំនួនដែលប្រើប្រាស់ពាក្យមិនសមរម្យ ។ ការប្រើប្រាស់ពាក្យមិនសមរម្យនោះ គឺតារាចម្រៀងរូបនេះសម្ដៅលើខ្លឹមសារដែលប្រមាថគ្នា ធ្វើឲ្យប៉ះពាល់ដល់តម្លៃសិល្បៈជាតិខ្មែរ ។
ថ្មីៗកន្លងមកលោកខេម បានបង្ហោះសារតាមហ្វេសប៊ុកថា «ចង់សំណូមពរក្រសួងដែលពាក់ពន្ធ័ជួយពិនិត្យមើល រាល់ចម្រៀងដែលមានពាក្យមិនសមរម្យផង កាន់តែផ្តេសផ្តាសហើយ ពាក្យជេរប្រមាថគ្នាក៏អាចធ្វើទៅរួចដែរ បើនៅតែអ៊ីចឹងទៀតរលាយអស់ហើយសិល្បៈខ្ញុំ ។ មួម៉ៅពេកនិយាយពាក្យចេញពីចិត្តខ្លះ អញ្ជើញពួកគាត់មកណែនាំម្តងទៅលោកម្ចាស់ ។ ខ្ញុំក៏ជាអ្នកចូលចិត្តចម្រៀង hip-hop ដែរ ហើយខ្ញុំគ្មានវប្បធម៌ក្តិចត្រួយទេ នេះជាសម័យកាលជឿនលឿន អ៊ីចឹងសិល្បៈប្រភេទអីក៏មានដែរ ប៉ុន្តែខ្ញុំគ្រាន់ចង់ដាស់តឿន ប្អូនៗឲ្យកែពាក្យសំដីខ្លះដែលមិនសមរម្យ មិនមានអីបំណងអាក្រក់លើប្អូនប្អូនតារាចម្រៀងរ៉េបRapperនោះទេ សូមបងប្អូនកុំយល់ច្រលំពីខ្ញុំ »។
លោក សុខ ជំនោរ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការទទួលបានជោគជ័យក្នុងការផលិតបទចម្រៀងនៅលើទីផ្សារ ទាមទារនូវកត្តាសំខាន់ពីរ ។ ទីមួយ ផលិតបទចម្រៀងឲ្យមានគុណភាព និងទីពីរ ទាក់ទងនឹងការផ្សព្វផ្សាយ ។ ម្យ៉ាងវិញទៀត ការផលិតចម្រៀងទាមទារការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមមានអ្នកតែងទំនុកច្រៀង បទភ្លេង អ្នកច្រៀង និងការផ្សព្វផ្សាយឲ្យត្រូវទៅនឹងពេលវេលា និងតម្រូវការទីផ្សារចង់បាន។ ទោះជាយ៉ាងណាក៏ដោយ វិស័យចម្រៀងនៅកម្ពុជា ពិបាកនឹងលើកស្ទួយ ដោយសារការហូរចូលវប្បធម៌បរទេសដែលមានឥទ្ធិពលខ្លាំង ។ តែក៏មានអ្នកនិពន្ធខ្មែរមួយចំនួន បានផលិត និងចងក្រងការបង្កើតបទចម្រៀងថ្មីៗដែរ ដែលបម្រើឲ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ។
លោកសុខ ជំនោរ ថា ការផលិតចម្រៀងថ្មីមួយចំនួនទៀតមានទំនោរខ្លាំងទៅលើមនោសញ្ចេតនាបុគ្គលរបស់អ្នកនិពន្ធនោះហួសហេតុពេក និងភាគច្រើនតែងផ្ដោតលើស្នេហារវាងប្រុស និងស្រី និងគ្មានបញ្ចូលខ្លឹមសារការអប់រំជាដើម ។
ចំណែកលោកមិញ សុធីវណ្ណ ធ្លាប់អះអាងដែរថា ការផលិតចម្រៀងនាពេលបច្ចុប្បន្ន គឺរត់ទៅរកលាភសក្ការៈ ឬលុយជាកត្តាចម្បង ដែលបម្រើឲ្យបុគ្គលច្រើនជាងបម្រើឲ្យការអប់រំសង្គម ។ ការទទួលជោគជ័យ ការចាប់យកអាជីពជាអ្នកនិពន្ធ លុះតែស្គាល់ពីចិត្តសាស្ត្រ ពេលវេលា និងការចាប់យកឱកាស មានន័យថា អ្នកនិពន្ធត្រូវចេះរិះរកវិធីណាមួយដើម្បីស្លម្ហូបនោះឲ្យត្រូវមាត់អតិថិជន ។
កត្តាដែលអ្នកនិពន្ធមិនអាចបង្កើតបទចម្រៀងថ្មីបាន គឺធនធានមនុស្ស ពេលវេលា និងបញ្ហាខ្វះថវិកា។ បច្ចុប្បន្នការបកប្រែបទចម្រៀងពីបរទេស គឺជារឿងងាយស្រួលបំផុត ឬអាចទទួលបានប្រាក់ចំណូលបានខ្ពស់ និងចំណាយតិច ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ