តំបន់​ភ្នំ​ដ៏​ស្រស់​ត្រកាល​នៅ​ស្រុក​ក្រគរ​


ខេត្តពោធិ៍សាត់ ៖​នៅ​ខេត្តពោធិ៍សាត់​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​កន្លែង ទាំង​រមណីយ​ដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែ​ច្នៃ​ជាដើម ដែល​ប្រជាពល​រដ្ឋ​ក្នុង​ខេត្ត​ក៏​ដូច​ភ្ញៀវ​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ តែងតែ​មក​លេង​កម្សាន្ដ​ក្នុង​ពេល​ឈប់​សម្រាក​ពី​ការងារ និង​បុណ្យ​ទាន ផ្សេង​ៗ ។

លោ​កអេង គ​ន្ធា អគ្គនាយករង​អគ្គិសនី​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង បាន​រក​ឃើញ​តំបន់​ភ្នំ​មួយ​អាច​រៀបចំ​ធ្វើ​ជា​កន្លែង​ទេសចរណ៍​ស្ថិត​នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ចម្ងាយ​ប្រមាណ​០៨​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​អគ្គិ​សនី​កម្ពុជា និង​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោ​កអេង គ​ន្ធា បាន​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​កម្មករ កម្មការិនី​មួយ​ចំនួន ទៅ​លេង​នៅ​តំបន់​នោះ ដើម្បី​ពិនិត្យ​មើល​ទីតាំង និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ ។

នៅ​លើ​ខ្នងភ្នំ​មាន​ស្នាម​ព្រះ​បាត​ព្រះពុទ្ធ​អង្គ​មាន​ផ្ទាំង​ថ្ម​តូច​ធំ​ដូច​ក្បាច់ចម្លាក់ តម្រៀប​កល់​លើ​គ្នា ខ្លះ​ចេញ​ជា​រូប​សត្វ​ដំរី សត្វ​អណ្ដើក សត្វ​ភេ សត្វ​ក្រពើ ព្រមទាំង​មាន​ល្អាង​រូង​ថ្ម​ជា​ច្រើន​កន្លែង​ទៀត ។

លោ​កអេង គ​ន្ធា ឲ្យ​ដឹង​ថា លោក​គ្រោង​បង្កើត​រមណីយដ្ឋាន​នេះ​ដោយ​ដាក់​ឈ្មោះ​ថា «​រមណីយ​ដ្ឋាន​ភ្នំ​នាគ​ស​» ដើម្បី​បានជា​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​។ សព្វ​ថ្ងៃនេះ​រាជ​រដ្ឋា​ភិបាល​កំពុង​ពង្រីក​វិស័យ​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ ហើយ​កន្លែង​នេះ​អាច​កំណត់​បាន​ថា ជា​ទេសចរណ៍​បែប​លក្ខណៈ​គ្រួសារ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា តាម​ការ​ណែនាំ​របស់​លោក​កែវ រតនៈ និង​លោក​ម៉ៅ ធនិន ចង់​ឲ្យ​ដី​នៅ​តាម​តំបន់​ជើងភ្នំ ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ព័ទ្ធ​ជុំវិញ​ដូច​ជា ល្ហុង ចេក ពុទ្រា ផ្កា និង​ដំណាំ ផ្សេង​ៗ​ទៀត ដើម្បី​ផ្គត់ផ្គង់​ទៅ​លក់​នៅ​ទីផ្សារ​ដោយ​មិន​ប្រើ​ជីគីមី ។ ទី​១​ដើម្បី​ការពារ​បរិស្ថាន និង​ព្រៃឈើ ទី​២​ភ្នំ​នេះ​ជា​តំបន់​ជម្រក​សត្វ​ក្ងោក​ដែល​តែងតែ​ហើរ​ចុះ​មក​លេង​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ថ្ងៃ​រៀប​លិច ។ ក្រៅពី​សត្វ​ក្ងោក​ក៏​នៅ​មាន​សត្វ​ឃ្មុំ និង​សត្វព្រៃ​ដទៃ​ទៀត ដូច្នេះ​ចង់​ការពារ​ធនធានធម្មជាតិ​ទាំង​អស់នេះ​ឲ្យ​នៅ​គង់វង្ស ព្រោះ​សព្វ​ថ្ងៃនេះ​មានការ​លុកលុយ​ក្នុង​ការ​កាប់​ឆ្ការព្រៃ​ខ្លាំង​ណាស់ ។

លោ​កអេង គ​ន្ធា អំពាវនាវ​ដល់​ព្រះសង្ឃ និង​គ្រ​ហស្ត រួម​គ្នា​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​ដែល​មាននៅ​ទី​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​បង្កើត​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ