ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ ​«​ជា​ហោ​» ​លាក់ខ្លួន​នៅ​ព្រំ​ដែន​វៀតណាម កម្រ​មាន​អ្នក​ទៅ​ដល់ (វីដេអូ)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រាសាទ​ជា​ហោ ជា​ប្រាសាទ​មួយ​មាន​វ័យ​ចំណាស់ សង់​អំពី​ឥដ្ឋ​ស្រ​ដៀង​ប្រាសាទសំបូរព្រៃគុក នៅ​ខេត្តកំពង់ធំ​។ បើ​តាម​លោកស្រី​ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ប្រាសាទ​ជា​ហោ ជា​ប្រាសាទ​មួយ​មាន​វ័យ​ចំណាស់ សង់​អំពី​ឥដ្ឋ​ស្រ​ដៀង​ប្រាសាទសំបូរព្រៃគុក នៅ​ខេត្តកំពង់ធំ​។

បើ​តាម​លោកស្រី​ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រាសាទ ជា​ហោ កសាង​អំពី​ឥដ្ឋតាន់ បច្ចុប្បន្ន​នៅ​ល្អ​៨០​ភាគរយ ។ គ្មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ប្រាសាទ​នេះ​ទេ ។ បរិវេណ​ប្រាសាទ​ទំហំ​ជិត​៣​ហិច​តា មាន​ដើមឈើ​តូច​ធំ​ដុះ​ត្រជាក់​ត្រឈឹងត្រឈៃ ព្រំប្រទល់​ខាងជើង​ជាប់ដៃ​ទន្លេ ខាងកើត​ជាប់ដៃ​ទន្លេ អាច​អភិរក្ស​ធ្វើ​ជា​រមណីយដ្ឋាន​ទេសចរណ៍ ។

ខាងត្បូង​ចម្ងាយ​៥០០​ម៉ែត្រ មាន​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ ខាងលិច​ប្រាសាទ​ចម្ងាយ​៥០០​ម៉ែត្រ មាន​ប្រជាពលរដ្ឋ​សង់ផ្ទះ​រស់នៅ​ជា​ច្រើន​គ្រួសារ ។ ក្នុង​បរវេ​ណ​ប្រាសាទ​ជា​ហោ មាន​ស្រះស្រង់​ប​ចុ្ច​ប្បន្ន​រាក់​អស់ហើយ នៅ​សេសសល់​ខឿន​ថ្ម និង​ជណ្តើរ​ចុះ​តែ​ប៉ុណ្ណោះ ។

លោកស្រី​ប្រធាន​មន្ទីរ ថ្លែង​ថា​ប្រាសាទ​ជា​ហោ រាជរដ្ឋាភិបាល​គួរតែ​សង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១៧​គីឡូម៉ែត្រ និង​អភិវឌ្ឍន៍​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍ ។

ខេត្តស្វាយរៀង​មាន​ប្រាសាទបុរាណ​នៅ​សេសសល់​ចំនួន​២ គឺ​ប្រាសាទព្រៃ​បា​សាក់ និង​ប្រាសាទ​ជា​ហោ ។ ខេត្ត​នេះ​ជា​តំបន់​វាលរាប​គ្មាន​ព្រៃ​ភ្នំ មាន​ទន្លេតូច​២​ខ្សែ​គឺ​ទន្លេ​វ៉ៃ​គោ និង​ទន្លេ​កំពង់ត្រាច មាន​បឹងបួរ​តិចតួច ពុំ​សូវ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ច្រើន​ដូច​ជា​ខេត្ត​ផ្សេង​ទេ ។ បច្ចុប្បន្ន​ខេត្ត​ស្វាយរៀង​បាន និង​កំពុង​អភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ គឺ​រមណី​ដ្ឋា​ន​ប្រាសាទព្រៃ​បា​សាក់ ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ខេត្តស្វាយរៀង​ទៅ​៧​គីឡូម៉ែត្រ ។ បច្ចុប្បន្ន​តំបន់​ទេសចរណ៍​មួយ​នេះ​មាន​ភ្លៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ។

ប្រាសាទ​ជា​ហោ ដែល​លាក់ខ្លួន​នៅ​ជនបទ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពុង​អភិរក្ស មាន​ឆ្មាំ​ប្រាសាទ​ការពារ​មើលថែ​រក្សា ។ ប្រាសាទ​ជា​ហោ ស្ថិត​នៅ​ភូមិ​ព្រៃ​ក្តី ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង គឺ​បត់​ឆ្វេង​ទៅ​តាម​ផ្លូវជាតិ​លេខ​៣១៣​ដេ ឆ្ពោះទៅ​ទីប្រជុំជន​ស្រុក​រមាស​ហែក មាន​ចម្ងាយ​៤៤​គីឡូ​ម៉ែត្រ ហើយ​បន្តដំណើរ​ពី​សាលាស្រុក​រមាស​ហែក ទៅ​ជើង​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ ដល់​កែង​សាលាឃុំ​អម្ពិល បត់​ស្តាំ​ទៅ​កើត​ចម្ងាយ​១៧​គីឡូម៉ែត្រ ដល់​ប្រាសាទ​ជា​ហោ ។

ប្រសិនបើ​ទៅ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៨A ដល់​ចំណុច​ផ្លូវបំបែក ស្ថិត​នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង បត់​ស្តាំ​តាម​ផ្លូវជាតិ​លេខ​៣១៣D​ចម្ងាយ​១៣​គីឡូម៉ែត្រ ឆ្ពោះ​មក​សាលាឃុំ​អម្ពិល​(​ស្រុក​រមាស​ហែក​)​បត់​ឆ្វេង​១៧​គីឡូម៉ែត្រ ដល់​ប្រាសាទ​ជា​ហោ​ហើយ។

បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង ក៏​ដូច​ជា​អ្នកស្រុក​រមាស​ហែក ពុំ​សូវ​មាន​អ្នក​ស្គាល់ ឬ​ទៅ​លេង​កម្សាន្ត​ទេ ។

ប្រាសាទ​ជា​ហោ នៅ​ជាប់​នឹង​ព្រំប្រទល់​នៃ​ព្រំដែន​ប្រទេស​វៀតណាម ខេត្ត​តៃ​និ​ញ ។ ខាងជើង និង​ខាងកើត​ជាប់ដៃ​ទន្លេ​កំពង់ត្រាច​(​ខាងជើង​និង​ខាងកើត​ដៃទន្លេ​ប្រទេស​វៀតណាម​) ។ ខាង​ត្បួ​ង​មាន​ដីស្រែ​ចម្ការ​រ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ចំណែក​ខាងលិច​នៃ​ប្រាសាទ​មាន​ស្រះស្រង់​ជា​កន្លែង​ស្រង់ទឹក​លេង​កម្សាន្ត​ដែល​សាងសង់​ក្នុងអំឡុងពេល​កសាង​ប្រាសាទ​ពី​សម័យ​បុរាណ​និយម​ហៅ​ថា «​មហា​ច​» ប៉ុន្តែ​សព្វថ្ងៃ​ដី​បាក់​ស្រុត​ចូល​បង្ក​ឲ្យ​រាក់​អស់​ទៅ​ហើយ ។

បើ​តាម​លោកស្រី សុ​ផា ឆ្មាំ​ប្រាសាទ​ជា​ហោ​ឲ្យ​ដឹង​ថា​៖ ប្រាសាទ​ជា​ហោ​គ្មាន​អ្នក​ណា​បានដឹង​អំពី​ប្រវត្តិ​កសាង​ឡើង​ក្នុង​សម័យ​ស្តេច​អង្គ​ណា​ទេ គ្រាន់តែ​ធ្លាប់​ឮ​ចាស់ទុំ​និយាយ​តំណាល ត​ៗ​គ្នា​ថា កសាង​ឡើង​ក្នុង​សម័យ​ចេ​ន​ឡា ក្នុង​សតវត្ស​ទី​៨ ឬ​ក្នុង​អំឡុង​កសាង​ប្រាសាទសំបូរព្រៃគុក ។ អ្នកខ្លះ​និយាយ​ថា កសាង​នៅ​មុន​សម័យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ទៅ​ទៀត ដែល​កសាង​ប្រាសាទ​នេះ​ឡើង​ដើម្បី​ធ្វើ​ជា​កន្លែង​សក្ការបូជា​នៃ​សម័យ​នោះ ។

ប្រភព​ដដែល​និយាយ​ថា​«​ប្រាសាទ​ជា​ហោ​នេះ​នៅ​ខាងលិច​ចម្ងាយ​៣០​ទៅ​៤០​ម៉ែត្រ​មាន​មហា​ច​មួយ​ដែល​ជា​កន្លែង​លេង​ទឹក ។ ក្រៅពី​នេះ​ជំវិញ​ប្រាសាទ​មាន​ដើមឈើ​តូច​ធំ​ដុះ​ព័ទ្ធ​ជុំ​ជិត​យ៉ាង​ច្រើន ។ ទោះជា​យ៉ាងណា​ក្ដី​មាន​មនុស្ស​ភាគតិច​ណាស់​ដែល​ស្គាល់ និង​មក​លេង ណាមួយ​ផ្លូវ​ក៏​ពិបាក​ចូល​ណាស់​ដែរ »​។

លោកស្រី សុ​ផា និង​អ្នក​ភូមិ​នៅ​ជិត​កន្លែង​ប្រាសាទ​ជា​ហោ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឲ្យ​សង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១៧​គីឡូម៉ែត្រ​ទៅ​កាន់​ប្រា​ទ និង​កសាង​រមណីយដ្ឋាន​ទេសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប្រាសាទ​មានមុខ​របរ និង​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ