ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ ? វាសនា​រោង​ភាពយន្ត​ខេត្ត​បាត់​ដំបង

4 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ តើ​ខេត្តបាត់ដំបងមាន​រោង​ភាពយន្ត​ប៉ុន្មាន​…​នៅ​ក្នុង​អំឡុង​ដែល​ខ្សែភាពយន្ត​ខ្មែរ​កំពុង​ល្បីល្បាញ និង​រីក​លូតលាស់​ខ្លាំង​នៅ​មុន​ឆ្មាំ​១៩៧៥ ? តើ​កាក​សំណល់​សិល្បៈ ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​យ៉ាង​ត្រដាបត្រដួសស្ទើរ​រលាយ​ផុត​ពូជ នៅ​ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​បន្សល់​ទុក​អ្វីខ្លះ​នា​បច្ចុប្បន្ន​នេះ​…​សម្រាប់​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ៗ​បានឃើញ និង​បានដឹង…

ខេត្តបាត់ដំបង ៖ តើ​ខេត្តបាត់ដំបងមាន​រោង​ភាពយន្ត​ប៉ុន្មាន​…​នៅ​ក្នុង​អំឡុង​ដែល​ខ្សែភាពយន្ត​ខ្មែរ​កំពុង​ល្បីល្បាញ និង​រីក​លូតលាស់​ខ្លាំង​នៅ​មុន​ឆ្មាំ​១៩៧៥ ? តើ​កាក​សំណល់​សិល្បៈ ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​យ៉ាង​ត្រដាបត្រដួសស្ទើរ​រលាយ​ផុត​ពូជ នៅ​ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​បន្សល់​ទុក​អ្វីខ្លះ​នា​បច្ចុប្បន្ន​នេះ​…​សម្រាប់​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ៗ​បានឃើញ និង​បានដឹង ដើម្បី​សិក្សា​ស្រាវជ្រាវ​…​? ប្រហែល​ជា​​នៅ​មាន​ខ្លះ​…! តែ​តឹកតាង​ទាំងនោះ ហាក់​កំពុង​ដួល​សន្លប់​ឈឹង ឬ អាច​ងាប់ស្ដូក​ជា​រៀង​រហូត ក៏​អាច​ថា​បាន ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​មន្ត្រី និង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ។

គេ​មិនឃើញ​មានការ​ចងក្រង​ទុកជា​ឯកសារ​ឲ្យ​បាន​ច្បាស់លាស់ តម្កល់​នៅ​ស្ថាប័នរដ្ឋ​ណាមួយ​នោះ​ទេ ។ ប៉ុន្តែ​តាម​រយៈ​មន្ត្រី​ជំនាញ មន្ត្រី​ជើង​ចាស់​ផ្នែក​សិល្បៈ ឬ​អតីត​អ្នកបម្រើ​ការ​ផ្នែក​ភាពយន្ត​នៅ​ខេត្ត​ដ៏​ចំណាស់​មួយ​នេះ នា​សម័យ​នោះ គាត់​អាច​គាស់​រំលើង​យក​មក​ពន្យល់​បាន​…​បើ​ទោះជា​មិន​គ្រប់​ជ្រុងជ្រោយ​បាន​១០០%​ក្ដី ព្រោះ​ជា​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​របស់​កោះសន្តិភាព ។ អតីត​អ្នកបម្រើ​ការ​ផ្នែក​បញ្ចាំង​ខ្សែ​ភាពយន្ត​មួយ​រូប គឺ​លោក ទេស សាឡ​ន បាន​និយាយ​ថា កាលពី​សម័យ​មុន (​មុន​ឆ្នាំ​១៩៧៥) ខេត្ត​បាត់​ដំបង មាន​រោង​ភាពយន្ត​ចំនួន​៦​កន្លែង ដែល​សុទ្ធ​សឹង​ជា​រោង​ភាពយន្ត​របស់​ក្រុមហ៊ុន​ឯង​ជន​គ្មាន​រដ្ឋ​គ្រប់គ្រង ។

លោក ទេស សាឡ​ន បច្ចុប្បន្ន​ជា​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​ចូល​និវត្តន៍ ។ លោក​គឺជា​អតីត​អ្នកបម្រើ​ការ​ផ្នែក​ប​ញ្ជាំ​ង​ភាពយន្ត​ចល័ត ដែល​ជា​សាខា​មួយ​របស់​រោង​ភាពយន្ត​«​សង្កែ​» នៅ​ខេត្តបាត់​ដំបង ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៦០ ។ នេះ​បើ​តាម​ដែល​លោក បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​កន្លង​មក ដែល​រៀបរាប់​អំពី​ប្រវត្តិ​ខ្លះ​ៗ នៃ​ការ​រីក​លូតលាស់​ផ្នែក​វិស័យ​ភាពយន្ត​ខ្មែរ និង​រោង​ភាពយន្ត​នានា​ដែល​ពេញ​និយម​បំផុត នៅ​ក្នុង​ខេត្តបាត់ដំបង​នា​សម័យ​នោះ ។

អតីត​អ្នក​ប​ញ្ជាំ​ង​ខ្សែភាពយន្ត​ជើង​ចាស់​វ័យ​៦៥​ឆ្នាំ​រូប​នេះ បាន​រាប់​ឡើង​វិញ​នូវ​ចំនួន​រោង​ភាពយន្ត​ដែល​មាននៅ​ក្នុង​ខេត្តបាត់ដំបង​យ៉ាង​ដូច្នេះ​ថា «​បើ​តាម​ខ្ញុំ​ដឹង​…! គិត​ត្រឹម​មុន​ឆ្នាំ​១៩៧៥ នៅ​ក្នុង​ខេត្តបាត់ដំបង មាន​រោង​ភាពយន្ត​ចំនួន​៦» ។ គាត់​បាន​រៀបរាប់​ថា រោង​ភាពយន្ត​ទាំង​៦​កន្លែង​នោះ​រួម​មាន​៖
១-​រោង​ភាពយន្ត «​អេ​ដែន​»​ស្ថិត​នៅ​ផ្លូវ​លេខ​១ (​បច្ចុប្បន្ន​សំណង់ផ្ទះ​ល្វែង​) ។
២-​រោង​ភាពយន្ត «​សង្កែ​» ស្ថិត​នៅ​ផ្លូវ​លេខ​១ (​បច្ចុប្បន្ន​ជា​មន្ទីរ​រ៉ែ​និង​ថាមពល និង​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​) ។
៣-​រោង​ភាពយន្ត​«​ហាប​ប៊ី​» ស្ថិត​នៅ​ខាងជើង​ផ្សារ​ធំ​(​ផ្សារណាត់​)​ចន្លោះ​ផ្លូវ​លេខ​២​កន្លះ និង​ផ្លូវ​លេខ​៣ (​បច្ចុប្បន្ន​ជា​សំណង់ផ្ទះ​ល្វែង​) ។
៤-​រោង​ភាពយន្ត​«​ហាប​ឈុ​ន​» ស្ថិត​នៅ​ផ្លូវ​លេខ​២ (​បច្ចុប្បន្ន​ជា​ភោជនីយដ្ឋាន បាត់ដំបង ថោ​ន​) ។

ដោយឡែក​ រោង​ភាពយន្ត​ចំនួន​២​ទៀត​គឺ​រោង​ភាពយន្ត «​ប្រាសាទ​មាស​» និង​រោង​ភាពយន្ត «​បាត់ដំបង​» ដែល​ស្ថិត​នៅ​ជួរ​ផ្លូវ​លេខ​២​ផង​ដែរ​នោះ​ត្រូវ​លោក ទេស សាឡ​ន បញ្ជាក់​ប្រាប់​ថា «​រោង​ភាពយន្ត​ទាំង​២​នេះ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត (​របស់​រដ្ឋ​) ។ រោង​ភាពយន្ត​ទាំង​២​នេះ នៅ​សល់​រូបរាង​ដើម​ទាំងស្រុង​បើ​មើល​ពី​សម្បក​ក្រៅ តែ​ផ្នែក​ខាងក្នុង​រលេះរលួយ​វ៉​ល់​អស់​ទៅ​ហើយ និង​បាន​បិទទ្វារ​ទុក​ចោល​ង​ងិ​ត​ឈឹង​» ។

កោះសន្តិភាព បាន​ព្យាយាម​សាកសួរ​ពលរដ្ឋ​មួយ​ចំនួន​ចាប់ពី​វ័យ​ជំទង់​ឡើង​ទៅ​អំពី​ចំនួន និង ប្រវត្តិ​នៃ​រោង​ភាពយន្ត​នានា នៅ​ក្នុង​ខេត្ត​វ័យ​ចំណាស់​មួយ​នេះ គឺ​ចម្លើយ​ភាគច្រើន​ហាក់​បាន​និយាយ​ព្រាវ​ៗ​ថា «​ខ្លួន​បានដឹង និង​បាន​ស្គាល់​ខ្លះ​ៗ តែ​មិន​បាន​ចាំ​ពី​ចំនួន​រោង​ភាពយន្ត​ទេ​» ។ មានការ​សម្គាល់​ផង​ដែរ​អំពី​ចម្លើយ​នេះ គឺ​ភាគច្រើន​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​វ័យ​កណ្ដាល និង​វ័យ​ចំណាស់ ។ រីឯ​វ័យ​យុវជន​វិញ មិន​ច្បាស់លាស់​តែ​ម្ដង ។ យុវជន​ខ្លះ​និយាយ​ថា «​ខ្ញុំ​មិន​បានដឹង​ថា កាលពី​សម័យ​មុន នៅ​ខេត្តបាត់ដំបង មាន​រោង​ភាពយន្ត​ប៉ុន្មាន​ទេ តែ​សព្វថ្ងៃ​ខ្ញុំ​ឃើញ​មាន​រោង​ភាពយន្ត​ចាស់​ៗ​ចំនួន​២​ប៉ុណ្ណោះ គឺ​ប្រាសាទ​មាស និង​បាត់ដំបង ។ ក្រៅពី​នេះ​មាន​រោង​ភាពយន្ត​ដែល​ទើប​បង្កើត​ថ្មី​១ គឺ​រោង​ភាពយន្ត «​ឯក​ភ្នំ​»​ដែល​ស្ថិត​នៅ​ក្នុងស្រុក​ឯក​ភ្នំ សព្វ​ថ្ងៃនេះ​» ។

ពិតមែនតែ​គ្មាន​ឯកសារ​បញ្ជាក់​អំពី​ប្រវត្តិ​ជាក់លាក់​នៃ​កំណើត​រោង​ភាពយន្ត នៅ​ក្នុង​ខេត្តបាត់ដំបង ប៉ុន្តែ​បើ​តាម​លោក ទេស សាឡ​ន បាន​លើក​ឡើង​ថា លោក​នៅ​ចាំ​បាន​ខ្លះ​ៗ រោង​ភាពយន្ត នៅ​ក្នុង​ខេត្តបាត់ដំបង​បាន​ចាប់ផ្ដើម​បង្កើត​ឡើង នៅ​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៥០ ហើយ​រោង​ភាពយន្ត​ដែល​កើតឡើង​ដំបូង​គេ នា​ពេល​នោះ​គឺ​រោង​ភាពយន្ត «​អេ​ដែន​» ខណៈ​រោង​ភាពយន្ត​ដទៃ​ទៀត​បាន​កើត​ឡើងជា​បន្តបន្ទាប់ តែ​សុទ្ធ​សឹង​ជា​របស់​ក្រុមហ៊ុន​ឯកជន ។ ដោយឡែក​ រោង​ភាពយន្ត «​ហាប​ប៊ី និង ហាម​ឈុ​ន ឬ​ប្រាសាទ​»​វិញ អតីត​អ្នក​ប​ញ្ជាំ​ង​កុន​ជើង​ចាស់​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​សាងសង់​រួច ដំបូង​ឡើយ​រោង​ភាពយន្ត​ទាំង​៣​នេះ គឺជា​រោង​សម្ដែង​ល្ខោន​«​ហ៊ី​» របស់​ចិន​នា​សម័យ​នោះ ។ លុះ​ក្រោយ​ៗ​មក​ទើប​ប្រែ​ក្លាយជា​រោង​ភាពយន្ត​វិញ ។ ប៉ុន្តែ​រោង​ភាពយន្ត​«​ហាប​ប៊ី​» និង​«​ហាប​ឈុ​ន​» ចាប់​ប​ញ្ជាំ​ង​ដំបូង​គឺ​ខ្សែភាពយន្ត​«​ខ្មែរ​និង​ឥណ្ឌា​» តែ​ពេញ​និយម​បំផុត​នៅ​ពេល​នោះ គឺ​រឿង​«​បុរាណ​ឥណ្ឌា​» ។

លោក ទេស សាឡ​ន ក៏​បាន​បញ្ជាក់​ដែរ​ថា កាលសម័យ​នោះ​ស្ទើរ​គ្រប់​រោង​ភាពយន្ត​ទាំងអស់ សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​មហាជន​ខ្មែរ ។ ជា​ពិសេស​រោង​ភាពយន្ត​«​សង្កែ​» សូ​ម្បី​ព្រះមហាក្សត្រ​ក៏​ធ្លាប់​ចូល​ទត​ភាពយន្ត​នៅ​ទីនោះ​ដែរ ។ ខ្សែភាពយន្ត​ខ្មែរ និង​សិល្បៈ​ខ្មែរ​នាសម័យ​នោះ ហាក់​មានការ​រីក​លូត​លាស់​ល្បីល្បាញខ្លាំង​បំផុត ។ ប៉ុន្តែ​ភាព​ល្បីល្បាញ​នេះ បាន​ចាប់ផ្ដើម​រលត់​រលាយ ស្ទើរ​ដល់​កម្រិត​សូន្យ​នៅ​អំឡុង​ដើមឆ្នាំ​១៩៧៥ ដោយសារ​របប​អាវ​ខ្មៅ​មួយ​បាន​ចូលលុក​លុយ​គ្រប់គ្រង​អំណាច ។ប៉ុន្តែ​របប​ដ៏​ខ្មៅ​ង​ងិ​ត​នេះ បាន​ដួល​រលំរលាយ​វិញ​នៅ​ថ្ងៃ ៧​មក​រា ឆ្នាំ​១៩៧៩ ដោយសារ​កងទ័ព​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ។ ចាប់ពី​ពេល​នោះ​មក​សាសនា វប្បធម៌ សិល្បៈ ការ​រស់រាន​មានជីវិត​ឡើង​វិញ នៃ​ប្រជាជន​ខ្មែរ និង​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដែល​រលាយ​រលត់​បាត់​នៅ​ក្នុង​របប​ប៉ុ​ល ពត នោះ​ក៏​បាន​ចាប់ផ្ដើម​រីក​ធំធាត់​ឡើង​វិញ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។

ជាមួយនឹង​ការ​ងើប​ពី​រណ្ដៅ​អ​វចី​យ៍​ឡើង​វិញ នូវ​អ្វី​ៗ​សព្វបែបយ៉ាង​នេះ បើ​តាម​លោកស្រី ស្រាង នាង អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិ​ចិត ្រ​សិល្បៈ​ខេត្ត បាន​និយាយ​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា រោង​ភាពយន្ត​នៅ​ខេត្តបាត់ដំបង មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ដោយ​របប​អាវ​ខ្មៅ តែ​រោង​ភាពយន្ត​ខ្លះ​នៅ​សល់​រូបរាង ។ លោក​ស្រី​បាន​រំលឹក​ឡើង​វិញ​ថា ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ថ្ងៃ​រំដោះ ៧​មក​រា ១៩៧៩ រោង​ភាពយន្ត​មួយ​ចំនួន​ត្រូវ​បាន​រៀបចំ​ឲ្យ​មានដំណើ​ការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ តែ​រោង​ភាពយន្ត​ខ្លះ​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ដែរ​នា​ពេល​នោះ ។ ដូច​ជា​រោង​ភាពយន្ត «​ហាប​ប៊ី​» ប្ដូរ​ទៅ​ជា រោង​ភាពយន្ត​«៧​មក​រា​» រីឯ​រោង​ភាពយន្ត «​ហាប​ឈុ​ន​» ប្ដូរ​ទៅ​ជា​រោង​ភាពយន្ត «១៣​មក​រា​» ខណៈ​រោង​ភាពយន្ត «​ប្រាសាទ​មាស​» ត្រូវ​រដ្ឋ​រៀបចំ​ធ្វើ​ជា​រោង​មហោស្រព សម្រាប់​សម្ដែង​សិល្បៈ តែ​ក្រៅពី​នេះ​មិន​មានការ​ផ្លាស់​ប្ដូរ​ទេ ។ លោកស្រី​ថា កាលនោះ​លោកស្រី បម្រើ​ការ​នៅ​រោង​ភាពយន្ត ៧​មក​រា​នេះ​តែ​ម្ដង ដោយ​កាន់​ផ្នែក​បេឡាធិការ​ភាពយន្ត ។

លោកស្រី ស្រាង នាង បាន​ថ្លែង​ថា រោង​ភាពយន្ត​ចំនួន​៤ ក្នុង​ចំណោម​៦​នេះ បាន​ដំណើរ​ឡើង​វិញ គឺ​រោង​ភាពយន្ត ៧​មក​រា (​ហាប​ប៊ី​) រោង​ភាពយន្ត​១៣​មក​រា (​ហាប​ឈុ​ន​) រោង​ភាពយន្ត​«​ប្រាសាទ​មាស​» និង​រោង​ភាពយន្ត «​បាត់ដំបង​» ។ កាលនោះ​រោង​ភាពយន្ត​ទាំង​៤​នេះ គ្រប់គ្រង​ដោយ​រដ្ឋ ។ ប៉ុន្តែ​អ្នកគាំទ្រ​ហាក់ មានការ​ថយ​ចុះ​បន្តិច​ម្ដង​ៗ ចាប់តាំងពី​ពាក់កណ្ដាល​ទស​វត្ស​ឆ្នាំ​៩០ រហូត​មក ដោយសារ​តែ​ពេល​នោះ មាន​ខ្សែ​វី​ដេ​អូ​កាស្សែត​ដាក់​ប​ញ្ជាំ​ង​តាម​រោង​ឯកជន និង​ទិញ​ប្រើប្រាស់​នៅ​តាម​លំនៅ​ឋាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រោង​ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ ។ ប៉ុន្តែ​ក៏​នៅ​មាន​រោង​ភាពយន្ត​ខ្លះ អាច​នៅ​បន្ត​ដំណើរការ​ខ្លះ​ៗ​រហូត​មក ។ ដូច​ជា​រោង​ភាពយន្ត​«​ប្រាសាទ​មាស​» និង​រោង​ភាពយន្ត «​បាត់ដំបង​» តែ​សព្វថ្ងៃ​បាន​បិទទ្វារ​ទាំងស្រុង​ហើយ ។

បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ គឺ​ដោយសារ​តែ​ការ​ធ្លាក់​ស្រុត នៃ​ភាពយន្ត​ខ្មែរ បាត់បង់​អ្នកគាំទ្រ និង ស្រប​ពេល​មន្ទីរ​វប្បធម៌​ខេត្ត គ្មាន​អគារ​ពិតប្រាកដ​សម្រាប់​ធ្វើ​ការងារ ទើប​នៅ​អំឡុង​ឆ្នាំ​១៩៩៨ ក្រសួង​បាន​សម្រេច​ធ្វើការ​ដោះ​ដូរ​រោង​ភាពយន្ត​«៧​មក​រា​» ឲ្យ​ទៅ​ឯកជន ជា​ថ្នូរ​និង​អគារ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ច្រមុះជ្រូក ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​ជា​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត នា​សព្វ​ថ្ងៃនេះ ។

ដោយឡែក​ រោង​ភាពយន្ត «​ហាប​ឈុ​ន​» «១៣​មក​រា​» ដែល​គេ​ដឹង​ថា កាលពីដើម ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ដែរ​នោះ ហើយ​ពេល​នេះ​ក្លាយជា​ភោជនីយដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​របស់​ឯកជន​គ្មាន​មន្ត្រី​ណា ឬ​ពលរដ្ឋ​ណា​បានដឹង​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដៃឯក​ជន​នោះ​ទេ ។ គេ​គ្រាន់តែ​ដឹង​ថា រោងកុន​នេះ បាន​ប្ដូរ​ឈ្មោះ​យ៉ាង​ត្រឡប់​ត្រឡិន គឺ​ពី​រោង​ភាពយន្ត «​ហាប​ឈុ​ន​» ទៅ​រោង​ភាពយន្ត​«១៣​មក​រា​» ហើយ​បន្ទាប់​មក​ទៀត គេ​ប្ដូរ​ឈ្មោះ​ពី «១៣​មក​រា​» ទៅ​ជា​ភោជនីយដ្ឋាន​វិញ ដែល​មាន​យីហោ «​ឋានសួគ៌​» ។ ទីបំផុត​ភោជនីយដ្ឋាន​នេះ ត្រូវ​គេ​វាយ​កម្ទេច​ចោល​ទៀត ហើយ​សាងសង់​ថ្មី ធ្វើ​ជា​ភោជនីយដ្ឋាន​ដដែល តែ​បាន​ប្ដូរ​ឈ្មោះ​ថ្មី​ទៀត មិន​ទុក​រូបរាង​ទេ គឺ​ឈ្មោះ «​បាត់ដំបង ថោ​ន​» នា​សព្វថ្ងៃ ។

ជុំវិញ​ការ​វិវត្តន៍​នៃ​អតីត​រោង​ភាពយន្ត «​ហាប​ឈុ​ន ឬ ១៣​មក​រា​» រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​គ្មាន​មន្ត្រី​ទម្លាយ​ឲ្យ​ដឹង​ពី​មូលហេតុ​ដដែល ។ ប្រភព​ខ្លះ​បាន​និយាយ​ព្រាវ​ៗ​ថា រដ្ឋ​បាន​លក់​អតីត​រោងកុន​នេះ​ឲ្យ​ឯកជន ។ រីឯ​មន្ត្រី​ខ្លះ​ថា ជា​ការ​ដោះ​ដូរ​ទៅ​វិញ តែ​មិន​បាន​ចង្អុលបង្ហាញ​អ្វី​ដែល​ជា​ថ្នូរ​នោះ​ទេ បើ​ប្រើ​ពាក្យ​ថា «​លក់​» វា​អាក្រក់​ស្តាប់​ពេក ។ ត្រង់​ចំណុច​នេះ លោកស្រី ស្រាង នាង អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ក៏​មិន​បាន​លាតត្រដាង​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​អតីត​រោងកុន​ដែល​គេ​ប្ដូរ​យ៉ាង​វក់វី​មួយ​នេះ​ដែរ ។ លោកស្រី​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ខ្ញុំ​មិន​បានដឹង​ពី​ការ​ប្រែ​ប្រូ​ល នៃ​រោងកុន​១៣​មក​រា​នេះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ដឹង​ថា សព្វ​ថ្ងៃនេះ នៅ​សល់​តែ​រោង​ភាពយន្ត​ចំនួន​២​ប៉ុណ្ណោះ ដែល​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង គឺ​រោង​ភាពយន្ត «​ប្រាសាទ​មាស​» និង​រោង​ភាពយន្ត «​បាត់ដំបង​» ក្រៅពី​នេះ​ជា​កម្ម​សិទ្ធ​ឯកជន​អស់ហើយ​» ។

យ៉ាងនេះ​ក្ដី លោកស្រី ស្រាង នាង បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​រោង​ភាពយន្ត «​ប្រាសាទ​មាស​» និង​រោង​ភាពយន្ត «​បាត់ដំបង​» ដែល​ជា​របស់​រដ្ឋ​បាន​បិទទ្វារ​ទាំងស្រុង តែ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បង្កើត​រោង​ភាពយន្ត​ថ្មី​នៅ​ស្រុក​ឯក​ភ្នំ ដែល​រោង​ភាពយន្ត​ថ្មី​នេះ​បាន​និង​កំពុង​ដំណើរការ​ប្រហែល​២​ឆ្នាំ​កន្លង​មក​ហើយ ។ ប៉ុន្តែ​យ៉ាងណា លោកស្រី នៅ​តែ​ទទូច​សុំ​ឲ្យ​ក្រសួង មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​ស្វែងរក​ដៃគូ​វិនិយោគ​ផ្នែក​ភាពយន្ត ដើម្បី​កែ​លម្អ​រោង​ភាពយន្ត ឬ​ធ្វើ​យ៉ាងណា ឲ្យ​រោង​ភាពយន្ត​ដ៏​ចំណាស់​ដែល​សេសសល់​ទាំង​២​នេះ មានជីវិត​រស់រាន​ឡើង​វិញ ។ ព្រោះ​សព្វ​ថ្ងៃនេះ​ទាំង​សម្បក​ក្រៅ​ទាំង​ខាងក្នុង​នៃ​រោង​ភាពយន្ត​នេះ​ប្រេះស្រាំ​ធ្លុះធ្លាយ​រលាយ​ហិនហោច​ស្ទើរ​គ្រប់កន្លែង​អស់​ទៅ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ