ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​សម្រុក​នាំ​គ្នា​កាត់​​ស្ពៃ​ក្នុង​​ចំការ​ជន​​ពិការ​ម្នាក់​យ៉ាង​ភ្លូកទឹកភ្លូកដី (​វី​ដេ​អូ)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ពី​៣០​ទៅ​៤០​នាក់ ដែល​ខ្លះ​បាន​បើក​ទាំង​រថយន្ត​ទៅ​ជាមួយ​ផង បាន​និង​កំពុង​នាំ​គ្នា​បន្ត​សម្រុក​កាត់​និង​ដឹក​យក​ស្ពៃ «​ជើង​ទា​»​យ៉ាង​ភ្លូកទឹកភ្លូកដី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​ដីចំការ​មួយ​កន្លែង…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ពី​៣០​ទៅ​៤០​នាក់ ដែល​ខ្លះ​បាន​បើក​ទាំង​រថយន្ត​ទៅ​ជាមួយ​ផង បាន​និង​កំពុង​នាំ​គ្នា​បន្ត​សម្រុក​កាត់​និង​ដឹក​យក​ស្ពៃ «​ជើង​ទា​»​យ៉ាង​ភ្លូកទឹកភ្លូកដី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​ដីចំការ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ដែល​ជន​ពិការ​ម្នាក់​ជា​ម្ចាស់​ចំការ​នេះ បាន​បោះបង់​ចោល ដោយសារ​តែ​គ្មាន​ទីផ្សារ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​កំពុង​នាំ​គ្នា​កាត់​យក​ស្ពៃ​នៅ​ក្នុង​ចំការ​នោះ​។

អ្នក​ភូមិ​ម្នាក់​ដែល​កំពុង​មមាញឹក​ប្រមូល​ផល​ស្ពៃ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ​ថា រយៈពេល​២​ថ្ងៃ​ហើយ ដែល​អ្នក​ភូមិ​រាប់​សិប​នាក់​នាំ​គ្នា​ទៅ​កាត់​យក​ស្ពៃ «​ជើង​ទា​» នៅ​ក្នុង​ដីចំការ​មួយ​កន្លែង​របស់​កសិករ ឈ្មោះ អ៊ឹម សុ​ភ័​ក្រ ដែល​ជា​ជន​ពិការ​ដៃ​ម្ខាង​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​។

អ្នក​ភូមិ​បាន​និយាយ​ថា កសិករ​រូប​នេះ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នានា ទៅ​កាត់​យក​ស្ពៃ​របស់​គាត់​ដែល​សេសសល់​ជិត​ពាក់កណ្ដាល​នៅ​ក្នុង​ចំការ ដោយ​គ្មាន​ការ​លក់ដូរ​ទេ​។ មូលហេតុ ដែល​បុរស​ពិការ​រូប​នេះ សម្រេច​ឲ្យ​ស្ពៃ​ទៅ​អ្នក​ភូមិ​កាត់​យក​ទៅ​លក់ដូរ ឬ​យក​ទៅ​ធ្វើ​ជ្រក់​សម្រាប់​ទុក​ហូប​ក្នុង​គ្រួសារ ព្រោះតែ​ដំណាំ​ស្ពៃ​នេះ​ធ្លាក់​ដល់​តំលៃ​ទាប​បំផុត ស្ទើរតែ​គ្មាន​ទីផ្សារ​តែ​ម្ដង ដែល​គាត់​មិន​អាច​ទុក​យូរ​បាន​។

ចំណែក​ម្ចាស់​ដំណាំ​ស្ពៃ លោក​អ៊ឹម សុ​ភ័​ក្រ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​បាន​សម្រេច​ប្រកាស​ផ្ដល់​ស្ពៃជើងទា​នេះ​ឲ្យ​ទៅ​អ្នក​ភូមិ ដោយ​មិន​គិតលុយ ដោយសារ​តែ​តំលៃ​ស្ពៃ​នេះ​ធ្លាក់​ថ្លៃ ស្ទើរតែ​គ្មាន​ទីផ្សារ ហើយ​មិន​អាច​ទុក​រយៈពេល​យូរ​បាន​។ គាត់​បាន​ប្រកាស​ឲ្យ​អ្នក​ភូមិ​កាត់​យក​ស្ពៃ​នេះ តាំងពី​ថ្ងៃ​ទី​២៥ ធ្នូ ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​កាត់​យក​ស្ពៃ​គាត់​ទាំងថ្ងៃទាំងយប់ ហើយ​បន្ត​ប្រមូល​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នេះ​ទៀត​ផង​។

លោក​អ៊ឹម សុ​ភ័​ក្រ ដែល​ជា​ជន​ពិការ និង​ជា​ប្រធាន​សហគមន៍​កសិកម្ម​ក្នុងភូមិ​គីឡូ​៣៨ ផង បាន​និយាយ​ថា ឆ្នាំ​នេះ គាត់​បាន​ដាំ​ដំណាំ​ស្ពៃ «​ជើង​ទា​» នេះ លើ​ផ្ទៃដី​ទំហំ​ជិត​១​ហិច​តា រីឯ​អ្នក​ភូមិ​ដទៃ​ទៀត​ក៏​ដាំ​ដំណាំ​ស្ពៃ​នេះ​ជា​ច្រើន​កន្លែង​ដូច​គ្នា​ដែរ តែ​ដល់​ពេល​ប្រមូល​ផល ស្រាប់តែ​ទីផ្សារ​ធ្លាក់​ចុះ ហើយ​ស្ទើរតែ​គ្មាន​ម៉ូយ​រក​ទិញ​ទៀត​ផង​។ គាត់​បាន​ប្រាប់​ថា ដំណាំ​ស្ពៃ​គាត់​បាន​ចាប់ផ្ដើម​ប្រមូល​ផល​មុនគេ ដែល​ដំបូង​លក់​បាន​តំលៃ​៥០០​រៀល​ក្នុង​១​គីឡូក្រាម​។ លុះ​ប្រមូល​ផល​លក់​បាន​ត្រឹម​៦០% ស្រាប់តែ​តំលៃ​ស្ពៃ​ធ្លាក់​ចុះ​សល់​ត្រឹម​៣០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​ស្ទើរតែ​គ្មាន​អ្នក​ទទួល​ទិញ​ទៀត​។

គាត់​បាន​បញ្ជាក់​ថា ដោយសារ​តែ​តំលៃ​ស្ពៃ​ធ្លាក់​ចុះ​ដល់​កំរិត​បែប​នេះ និង​មិន​អាច​ទុក​យូរថ្ងៃ​បាន​ទៀត ទើប​គាត់​សម្រេច​ប្រកាស​ឲ្យ​អ្នក​ភូមិ​នាំ​គ្នា​មក​ប្រមូល​យក ដោយ​មិន​គិតថ្លៃ​។ គាត់​និយាយ​បន្ថែម​ថា ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​អំពី​តំលៃ​ស្ពៃ​គាត់​ធ្លាក់​ដល់​កំរិត រហូត​បោះបង់​ឲ្យ​ទៅ​អ្នក​ភូមិ​មិន​គិតថ្លៃ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ មាន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ុន្មាន​នាក់ ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ដំណាំ​ដល់​ចំការ​របស់​គាត់ ខណៈ​កសិករ​ដទៃ​ទៀត​ដែល​មាន​ដាំ​ណាំ​ស្ពៃ​ដូច​គ្នា​ដែរ និង​ត្រៀម​ប្រមូល​ផល​នា​ពេល​ខាង​មុខ​នេះ កំពុង​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ទីផ្សារ​នេះ​។

កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ដែល​បាន​ចុះ​ទៅ​ដល់​ចំការ​ស្ពៃ​បាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ​នេះ ជុំវិញ​ព័ត៌មាន​ទីផ្សារ​ស្ពៃ​ដែល​កំពុង​ដាំ​ក្បាល​ចុះ​នេះ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ប្រជា​កសិករ​ដែល​កំពុង​សំណេះសំណាល​រក​ដំណោះស្រាយ​ជាមួយ​មន្ត្រី​ជំនាញ​ទាំងនោះ បាន​ស្រង់​សំដី​ថា ក្នុង​ស្ថានភាព​ចំពោះ​មុខ​នា​ពេល​នេះ មន្ត្រី​ជំនាញ​ហាក់​គ្មាន​ដំណោះ​ស្រាយ​ទេ​។ ប៉ុន្តែ​មន្ត្រី​ដែល​ចុះ​ទៅ​នោះ​បាន​អះអាង​ថា ពួក​គេ​នឹង​ព្យាយាម​ជួយ​រក​ដំណោះ​ស្រាយ​ផ្នែក​​ទីផ្សារ​សម្រាប់​កសិករ​នានា ដែល​ត្រៀម​ប្រមូល​ផល​ស្ពៃ​នា​ពេល​ខាង​មុខ​នេះ​។

ចំណែក​លោក អ៊ឹម សុ​ភ័​ក្រ បាន​ស្រង់​សំដី​មន្ត្រី​ជំនាញ​ដែរ​ថា ក្រៅពី​សន្យា​ជួយ​រក​ដំណោះ​ស្រាយ​​ទីផ្សារ​ស្ពៃ ដែល​កសិករ​ដទៃ​ទៀត ត្រៀម​ប្រមូល​ផល​នា​ពេល​ខាង​មុខ​នេះ មន្ត្រី​ជំនាញ​ទាំងនោះ​បាន​ណែនាំ​ដល់​កសិករ​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ស្ពៃ សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ មន្ត្រី​ជំនាញ​បាន​ណែនាំ​ឲ្យ​កសិករ​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ទំហំ​ដី​ដែល​ត្រូវ​ដាំ និង​ពេល​វេលា​នៃ​ការ​ដាំ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​ទីផ្សារ ហើយ​ត្រូវ​ចងក្រង​ជា​សហគមន៍​ឲ្យ​បាន​ច្បាស់​លាស់​ទៀត​ផង​។

កសិករ​ពិការ​រូប​នេះ​ហាក់​មិន​ហ៊ាន​ធ្វើការ​ស្និដ្ឋាន​បាន​ទេ អំពី​ការ​ធ្លាក់​ចុះ​តំលៃ​ស្ពៃ​នៅ​ពេល​នេះ រីឯ​មន្ត្រី​ជំនាញ ក៏​មិន​បាន​បង្ហើប​អំពី​រឿង​នេះ​ដែរ​។ ប៉ុន្តែ​គាត់​បាន​លើក​ឡើង​ថា អ្វី​ដែល​កសិករ​កំពុង​ប្រឈម​ខ្លាំង​នា​ពេល​នេះ គឺ​ការ​ដាំ​ក្បាល​ចុះ​នៃ​តម្លៃ​ស្ពៃ​ដែល​ពួក​គាត់​ត្រៀម​ប្រមូល​ផល​ស្ពៃ​នា​ពេល​​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​អាច​ប្រឈម​នឹង​ការ​ខាតបង់​ធ្ងន់ធ្ងរ ប្រសិនបើ​ទីផ្សារ​ស្ពៃ​នៅ​តែ​មិន​អាច​ងើប​រួច​។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ពិការ​រូប​នេះ បាន​ប្រាប់​បន្ថែម​​ថា ដំណាំ​ស្ពៃ​ដែល​លោក​បាន​ប្រគល់​ឲ្យ​អ្នក​ភូមិ​ប្រមូល​យក​នោះ ទំនង​អាច​នឹង​ប្រមូល​អស់​ពី​ដីចំការ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ