តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងទីផ្សារដោះដូរកីឡាករខែមករានៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea ម្នាក់បានបង្ហើបថាគាត់អាចនឹងរកកន្លែងជ្រកកោនថ្មី។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud បានក្លាយជាខ្សែប្រយុទ្ធជម្រើសទី៣ របស់ក្រុមតោខៀវ នៅពីក្រោយ Tammy Abraham និង Michy Batshuayi ចាប់តាំងពីលោក Frank Lampard បានកាន់កាប់ ។ ជាលទ្ធផលកីឡាករវ័យ៣៣ឆ្នាំរូបនេះ អាចសម្លឹងមើលកន្លែងផ្សេងទៀត ដែលអាចផ្តល់ពេលប្រកួតឱ្យបានច្រើនជាងនេះ ជាពិសេសស្របពេលជាមួយនឹងការចាប់ផ្តើម ការប្រកួតដណ្តើមពាន European Championships ឆ្នាំ២០២០ នៅចុងរដូវកាលនេះ។
Oliver Giroud បានប្រាប់សារព័ត៌មាន Le Dauphine Libere ថា៖ «វានឹងពិបាកក្នុងការលេងឱ្យ Chelsea។ ខ្ញុំនឹងជជែកជាមួយគ្រូបង្វឹក។ ឱកាសគឺនឹងមានការផ្លាស់ប្តូរ ពីព្រោះខ្ញុំមិនត្រូវបានគេឱ្យលេងគ្រប់គ្រាន់នោះទេ»។
ជើងខ្លាំងបារាំងបន្តថា៖ «សម្រាប់ពេលនេះខ្ញុំជាកីឡាកររបស់តោខៀវ។ ខ្ញុំនៅតែមានការប្រកួតខ្លះដើម្បីលេង មុនពេលទីផ្សារដោះដូរកីឡាករបើក នៅថ្ងៃទី១ ខែមករា ខាងមុខនេះ ។ បន្ទាប់មកយើងនឹងអង្គុយស្វែងរកការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំ។ ក្លិបនៅបារាំងអាចជាកន្លែងសុខស្រួល»។
គួរបញ្ជាក់ផងដែរថា ក្រុម Inter Milan ត្រូវបានគេចាត់ទុកថាជាទិសដៅដែលអាចធ្វើទៅបានសម្រាប់កីឡាករបារាំងរូបនេះ ខណៈពេលដែលក្រុម២ទៀតនៅ Premier League ក៏មានការចាប់អារម្មណ៍ដែរ៕
ចែករំលែកព័តមាននេះ