ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ថ្ងៃ​ឱសានវាទ​ល្បែង​អន​ឡាញ​ត្រឹម​ថ្ងៃ​31​ធ្នូ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​២៤ ធ្នូ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូអន​ឡាញ​ក្នុង​ខេត្ត ក្រោម​អធិបតីភាព លោក គួ​ច ចំរើន…

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​២៤ ធ្នូ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូអន​ឡាញ​ក្នុង​ខេត្ត ក្រោម​អធិបតីភាព លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង ពាណិជ្ជកម្ម​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡាញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ត្រឹម​ម៉ោង​០ ថ្ងៃ​ទី​៣១ ធ្នូ​ខាង​មុខ​នេះ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ​ដើម្បី​ត្រួតពិនិត្យ​តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​ដែល​នៅ​តែ​បន្ត​បើក​ឲ្យ​លេងល្បែង​តាម​អន​ឡាញ ។

ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​កាស៊ីណូ​ក្នុង​ក្រុង​-​ស្រុក​ទាំងអស់ ដែល​មាន​បើក​ឲ្យ​លេងល្បែង​អន​ឡាញ​នា​ពេល​កន្លង​មក​គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​លេង​បន្ត​ទៀត​ទេ ។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​កាស៊ីណូ​ឬ​កន្លែង​ណា នៅ​តែ​បើក​ឲ្យ​ដំណើរការ​លេងល្បែង​អន​ឡាញ​បន្ត​ទៀត និង​ទទួលខុសត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​មិន​ត្រូវ​ទៅ​រំខាន​ឬ​បំភ័យ​ដល់​ជនបរទេស​គឺ​ត្រូវ​យកចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស​និង​ខ្មែរ ដើម្បី​ឱ្យ​ពួក​គេ​មាន​ភាព​កក់ក្តៅ ក្នុង​ការ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ដើម្បី​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ យើង​ត្រូវ​ប្រើប្រាស់​វិធានការ​២​ចំណុច ក្នុង​នោះ​វិធានការ​រដ្ឋបាល ទាមទារ​យើង​មាន​ទិន្នន័យ​ទីតាំង​ល្បែង​អន​ឡាញ ក្នុង​សង្កាត់ ក្រុង ស្រុក​នីមួយ​ៗ និង​ផ្អែក​លើ​សេចក្តីសម្រេច​បិទ​របស់​រាជរដ្ឋាភិបាល ត្រូវ​ធ្វើការ​ជូនដំណឹង​ជា​សាធារណៈ​គ្រប់​ទីតាំង​កាស៊ីណូ ដើម្បី​បិទ​បញ្ចប់​ជា​ស្ថាពរ​ល្បែង​អន​ឡាញ​នៅ​ត្រឹម​ម៉ោង​០ ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩​ខាង​មុខ ក្រោយ​ពី​សេចក្តីជូនដំណឹង មន្ត្រី​យើង​នឹង​ចុះ​ត្រួតពិនិត្យ​ទីតាំង​នៅ​ក្នុង​ក្រុង ស្រុក ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​បែប​ភ្លៀងរលឹម ។

ជាមួយ​គ្នា​នេះ​ពាណិជ្ជករ​ប្រកប​របរ​ទិញ​-​លក់​អចលនទ្រព្យ​ពុះ​ដី​ឡូត៍​លក់​និង​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ​ដែល​មាន​បន្ទប់​ជួល​ឲ្យ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ត្អូញត្អែរ​បញ្ចេញ​ពី​កង្វល់​របស់​ពួក​គាត់​ថា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​បញ្ឈប់​ការ​លេងល្បែង​ភ្នាល់​ដូច​បាន​រៀបរាប់​ខាងលើ ។

យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​រដ្ឋបាល​សាលាខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​មកនេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ទៅ​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ត្រូវ​តែ​បិទ​បញ្ចប់​អា​ជី​កម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក តាម​អន​ឡាញ​(INtenetONling)​គិត​ត្រឹម​វេលា​ម៉ោង​០ ថ្ងៃ​ទី​៣១ ធ្នូ ធ្វើ​ឲ្យ​ជន​ជាតិ​ចិន​បាន​នាំ​គ្នា​វេច​បង្វិច​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​.​សណ្ឋាគារ ដែល​ជួល​ឲ្យ​ចិន​និង​អ្នក​ប្រកប​មុខរបរ​ផ្សេង​ៗ​មួយ​ចំនួន​ត្រូវ​បាន​ជួប​ហានិភ័យ ។

ចំពោះ​អ្នកមាន​ដី​ជួល​នៅ​ខេត្ត​ព្រះ​សីហ​នុ សុទ្ធតែ​ត្រូវ​បាន​ជនជាតិ​ចិន ដែល​ចូលសញ្ជាតិ​ទិញ​យក​ដាច់​តែ​ម្តង ។ បច្ចុប្បន្ន​ដី​ទាំងនោះ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ទ្រឹង មិន​មាន​សកម្មភាព មិន​មាន​សញ្ញា​មួយ​ណា​ដែល​មាន​អ្នក​ជួល​ឬ​ទិញ​បន្ត​។ បើ​មាន​អ្នក​ជួល​ឬ​ទិញ ក៏​សុំ​បញ្ចុះតម្លៃ​ខុស​ពី​ពេល​មុន​រហូត​ដល់​ទៅ​៥០% ។ ដូច​ជា​ករណី​ជួល​ផ្ទះ និង​សណ្ឋាគារ​ដែរ ។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ខ្លះ​ដែល​ជនជាតិ​ចិន​បាន​ជួល​មក​ទល់​ពេល​ថ្មី​នេះ​ពួក​គេ​បាន​នាំ​គ្នា​ចាកចេញ​ទាំង​យប់​និង​បាន​លួច​ដោះ​យក​សម្ភារ​នៅ​ក្នុងផ្ទះ​ឬ​ស​ណ្ឋា​រ​គារ​យក​ទៅ​លក់​ឡាយឡុង​មិន​ឲ្យ​ម្ចាស់ផ្ទះ​ដឹង​មុន​ឡើយ ។អ្នកមាន​ដី ផ្ទះសំណាក់ សណ្ឋាគារ​ជួល​ខ្លះ​ត្រូវ​បាន​ជនជាតិ​ចិន​បញ្ចប់​មុន​កិច្ចសន្យា​មក​ដល់​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​កំពុង​តែ​វាយលុក​ជា​បណ្តើរ​ៗ​ដូច​ជា​ម្ចាស់​ដី ម្ចាស់ផ្ទះ ម្ចាស់​សណ្ឋាគារ​ណា​ដែល​ជាប់​កម្ចី​ឥណទាន​ធនាគារ ។​ល​។

មួយ​ផ្នែក​ទៀត​គឺ​ផល​ប៉ះពាល់​អ្នក​ជួល​រថយន្ត​ក្រោយ​ចិន​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ ម្ចាស់​រថយន្ត​កំពុង​លក់​រថយន្ត​បញ្ចុះតម្លៃ​ស្ទើរតែ​៥0%​នៅ​តាម​កន្លែង​ជួល​រថយន្ត​ស្រប​ពេល​រថយន្ត​ជួល​ឲ្យ​ចិន​ហើយ​ចិន​បាន​ប្រគល់​មក​ឲ្យ​ម្ចាស់​វិញ ។ ចំណែក​អ្នក​ជួល​ដី​ឬ​ពុះ​ដី​ឡូត៍​លក់ នៅ​ពេល​វិស័យ​អន​ឡាញ​កំរើក​យ៉ាង​គំហុក ចរន្ត​លុយ​បាន​ចរាចរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​តាម​រយៈ​អ្នក​ដែល​មានផ្ទះ សណ្ឋាគារ និង​ដី​ជួល ឬ​លក់​ឲ្យ​ចិន​ធ្វើ​ឲ្យ​ឈ្មួញ​ពុះ​ដី​ឡូត៍​លក់ ឬ​សង់ផ្ទះ​ល្វែង​បាន​កាក់កប​យ៉ាង​ក្រាស់ក្រែល​តែ​បច្ចុប្បន្ន​ការ​លក់​ដី​ឡូត៍ សង់ផ្ទះ​ល្វែង​លក់ ហាក់​នៅ​ទ្រឹង​មួយ​កន្លែង តែ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​បញ្ចុះតម្លៃ​លក់​ចេញ​ទេ ហើយ​ជំនួញ​ពុះ​ដី​ឡូត៍​ឬ​សង់ផ្ទះ​ល្វែង​លក់​ក៏​មិន​បន្ត​គម្រោង​ថ្មី​ទៀត​ដែរ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី កាលពី​រាត្រី​ថ្ងៃ​ទី​២១ ធ្នូ បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា មិន​ឲ្យ​មាន​ល្បែង​អន​ឡាញ នៅ​ប្រទេស​កម្ពុជា​ទៀត​នោះ​ឡើយ បើ​មិន​ដូច្នោះ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​កន្លែង​លាងលុយកខ្វក់ និង​ជង្រុក​ពួក​ម៉ាហ្វីយ៉ា ដែល​កើត​ចេញពី​ហ្គេ​ម​អន​ឡាញ​នេះ​តែ​ម្ដង ជាមួយ​នេះ​សម្តេច​ក៏​ស្វាគមន៍​ដល់​អ្នកជំនួញ​ពិតប្រាកដ​ដែរ ។

សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ទៀត​ថា នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហ្គេ​ម​អន​ឡាញ​នឹង​បញ្ចប់​វត្ត​មាននៅ​កម្ពុជា​ទាំងស្រុង ក្រោយ​ដល់​ពេល​កំណត់​នៃ​ការ​ពន្យា​សុពលភាព​ធ្វើ​អាជីវកម្ម ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បាន​អះអាង​ថា ប្រទេស​ណា​មាន​បង្កើត​ឲ្យ​ហ្គេ​ម​អន​ឡាញ​ក៏​បង្កើត​ចុះ ប៉ុន្ដែ​កម្ពុជា​មិន​បង្កើត​ឲ្យ​មាន​ជា​ដាច់ខាត ។ ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តកំពត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ងឿងឆ្ងល់ ចំពោះ​អ្នក​ដែល​ព្រួយបារម្ភ ក្រោយ​កម្ពុជា​បិទ​ហ្គេ​ម​អន​ឡាញ ថា​អាជីវកម្ម​មានការ​ធ្លាក់​ចុះ បន្ទាប់​ពី​ជនជាតិ​ចិន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដែល​ចំណុច​នេះ​សម្ដេច​បាន​ចោទ​វិញ​សួរ​ថា «​តើ​អ្នក​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ ? » ព្រោះ​នៅ​ពេល​ចិន​ចូល​មក ថា​ចូល​មក​ច្រើន ដល់​ពេល​ចេញ​ទៅ​វិញ ថា​ចេញ​ទៅ​វិញ​ច្រើន ។

សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​មនុស្ស​មួយ​ចំនួន​ព្រួយបារម្ភ​អំពី​បញ្ហា​បាត់​
អន​ឡាញ (​ហ្គេ​ម​អន​ឡាញ​) នៅ​ពេល​ដែល​មាន​អន​ឡាញ នាំ​គ្នា​ព្រួយបារម្ភ​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា នៅ​ពេល​ដែល​យើង​បិទ​អន​ឡាញ​គេ​ព្រួយបារម្ភ​អំពី​ការ​បាត់​ជនជាតិ​ចិន​ពី​កម្ពុជា តើ​អ្នក​ចង់បាន​អ្វី​ពិត​ប្រាកដ ? សម្រាប់​ខ្ញុំ​សង្កេត​ឃើញ​ថា បើ​សេដ្ឋកិច្ច​កម្ពុជា​ពឹងពាក់​តែ​លើ​អន​ឡាញ កម្ពុជា​នឹង​ក្លាយទៅជា​អ្នក​រង​គ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់​ខ្លួន យើង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង នៃ​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ជ្រៀតចូល​មក​ក្នុង​ប្រទេស​របស់​យើង ដើម្បី​ធ្វើ​សកម្មភាព យើង​ក៏​ថិ​ត​នៅ​ក្នុង​ស្ថានភាព ដែល​នឹង​ក្លាយទៅជា​ប្រទេស​នៃ​គោលដៅ នៃ​ការ​លាងលុយកខ្វក់ តាម​រយៈ​អន​ឡាញ ។

យើង​នឹង​បាត់បង់​នូវ​សុវត្ថិភាព​អ្នកជំនួញ​ធំ​ៗ អ្នករក​ស៊ីធំ​ៗ​ដែល​ជា​អ្នកមាន​ប្រាក់​មិន​ហ៊ាន​ចូល​មក​កម្ពុជា ដោយសារ​ខ្លាច​ពួក​ក្រុម​ម៉ា​ហ្យា ដូច្នេះ​អ្វី​ក៏​ដោយ​ត្រូវ​មានការ​បង់ថ្លៃ យើង​សុខចិត្ត​មិន​មាន​អន​ឡាញ ក៏​ប៉ុន្ដែ​យើង​ច្បាស់​ជា​នាំ​មក​នូវ​ប្រទេស​របស់​យើង​ប្រកបដោយ​សន្ដិសុខ ហើយ​យើង​នាំ​មក​នូវ​ដោយ​អ្នក​វិនិយោគ​សុចរិត និង​អ្នក​វិនិយោគ​ដែល​មាន​ប្រាក់​កាស​មក​រស់នៅ​កម្ពុជា ។ ផ្ទុយ​ទៅ​វិញ បើសិនជា​វត្តមាន​អន​ឡាញ​បន្ដ កម្ពុជា​នឹង​ក្លាយទៅជា​អ្នក​រង​គ្រោះ ហើយ​រង​គ្រោះ​មុនគេ​គឺ​សន្ដិសុខ​របស់​យើង​តែ​ម្ដង បន្ទាប់​ទៅ​គឺ នឹង​ក្លាយជា​គោលដៅ​នៃ​ការ​លាងលុយកខ្វក់ ដែល​នៅ​លើ​ពិភពលោក កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ ព្រមទាំង​ភេរវកម្ម​ហិរញ្ញប្បទាន សម្រាប់​ភេរវកម្ម​ដែល​ជា​ចំណុច​គ្រោះថ្នាក់ ។ ដូច្នេះ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​បាត់បង់​ពី​កម្ពុជា​ទាំងស្រុង​ហើយ ។

បុគ្គលិក​កាស៊ីណូ​ជនជាតិ​ចិន និង​ខ្មែរ​ជា​ច្រើន​នាក់ តវ៉ា​បើក​ប្រាក់ខែ ក្រោយ​ថៅកែ​រត់​បាត់​ថ្មី​ៗ​នេះ នៅ​ក្រុងព្រះសីហនុ មិន​ខុស​ពី​រោងចក្រ​វាយ​ន​ភណ្ឌ​នោះ​ទេ ថៅកែ​ចិន​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​កម្មករនិយោជិត​ផ្ទុះ​ការ​តវ៉ា​ពេល​បាត់​វត្តមាន​ថៅកែ ។ បុគ្គលិក​ជនជាតិ​ចិន និង​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​យី​ហោ ដាយ​ម៉ិ​ន​ស៊ី​សាខា​ទី​ពីរ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​នាំ​គ្នា​មក​ស្វែងរក​អន្តរាគមន៍​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ដោះស្រាយ​បញ្ហា ក្រោយ​ពេល​ថៅកែ​កាស៊ីណូ មិន​បើក​ប្រាក់ខែ​ដល់​ពួក​គាត់នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ធ្នូ ។

បុគ្គលិក​កាស៊ីណូ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹង​ថា ទាំង​ជនជាតិ​ខ្មែរ​និង​ចិន​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​តវ៉ា ដោយសារ​ក្រុមហ៊ុន​កាស៊ីណូ មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ដែល​តាម​ការ​អះអាង​ពី​បុគ្គលិក​អ្នកបម្រើ​ការ​ថា ថៅ​កែ​ចិន​រត់​បាត់​ស្រមោល ហើយ​រក​អ្នក​ទទួលខុសត្រូវ​បន្ត​មិន​ទាន់​មាន ។ ភ្លាម​ៗ​នោះ​ដែរ មន្ត្រី​ជំនាញ​មន្ទីរ​ការងារ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ដល់​កាស៊ីណូ​ខាងលើ​នេះ​ដើម្បី​សម្រប​ស​ប្រួល និង​ធ្វើការ​ដោះស្រាយ ។ មានការ​កត់​សម្គាល់ថា ថៅកែ​កាស៊ីណូ​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចាប់ផ្តើម​រត់​ចោល​បុគ្គលិក​បណ្តើរ​ៗ​ហើយ ៕​

អត្ថបទសរសេរ ដោយ