ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​តម្លៃ​ស្ពៃ​ឡើងថ្លៃ​ ខុស​ពី​មួយ​រយៈ​កន្លង​ទៅ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មានមុខ​របរ​ដាំ​ស្ពៃ ក្រៅពី​ការងារ​ធ្វើស្រែ​មានការ​សប្បាយ​រីករាយ​ឡើង​វិញ បន្ទាប់​ពី​ដំណាំ​ស្ពៃ​របស់​ពួក​គាត់​បាន​ឡើងថ្លៃ​ពី ១០០០​រៀល​ទៅ​១២០០​រៀល​ក្នុង​១​គីឡូក្រាម ខុស​ពី​មួយ​រយៈពេល​កន្លង​ទៅ​ដែល​តម្លៃ​ស្ពៃ​បាន​ធ្លាក់​ថ្លៃ​ថោក​ពេក…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មានមុខ​របរ​ដាំ​ស្ពៃ ក្រៅពី​ការងារ​ធ្វើស្រែ​មានការ​សប្បាយ​រីករាយ​ឡើង​វិញ បន្ទាប់​ពី​ដំណាំ​ស្ពៃ​របស់​ពួក​គាត់​បាន​ឡើងថ្លៃ​ពី ១០០០​រៀល​ទៅ​១២០០​រៀល​ក្នុង​១​គីឡូក្រាម ខុស​ពី​មួយ​រយៈពេល​កន្លង​ទៅ​ដែល​តម្លៃ​ស្ពៃ​បាន​ធ្លាក់​ថ្លៃ​ថោក​ពេក មិន​អាច​ទទួលយក​បាន ។

ប្រជា​កសិករ​ទាំងនោះ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នេះ​ថា ពេល​នេះ​ស្ពៃ​បាន​ឡើងថ្លៃ​វិញ​ហើយ ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​ពី​១០០០​ទៅ​១២០០​រៀល ធ្វើ​ឲ្យ​ពួក​គាត់​មាន​សេចក្តី​សប្បាយ​រីករាយ​ឡើង​វិញ បន្ទាប់​ពី​រយៈពេល​កន្លង​ទៅ ស្ពៃ​បាន​ធ្លាក់​ថ្លៃ​រហូត​ដល់​ត្រឹមតែ​៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ។ ពួក​គាត់​បាន​បញ្ជាក់​ថា ស្ពៃ​បាន​ឡើងថ្លៃ​ប្រមាណ​ជាង​១០​ថ្ងៃ​មក​ហើយ គាត់​មិនដឹង​ថា​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​ចុះថ្លៃ​ហួសហេតុ​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ​គឺ​បាន​ឡើងថ្លៃ​វិញ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​អាច​ទូទាត់​ថ្លៃ​ប្រេង​បូមទឹក​ស្រោច​ស្ពៃ​, ថ្លៃ​ជី និង​ថ្លៃ​កម្មករ គឺ​បាន​នៅ​សល់​ចំណេញ​តិចតួច​គ្រាន់​ចិញ្ចឹម​ជីវភាព​គ្រួសារ ។

ប្រជា​កសិករ​បាន​លើក​ឡើង​ថា ពេល​ស្ពៃ​ចុះថ្លៃ ពួក​គាត់​សង្ស័យ​ថា មានការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង ទើប​បណ្តាល​ឱ្យ​បន្លែ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​បែប​នេះ ហើយ​បើ​មាន​មែន គួរតែ​ក្រសួង​មាន​វិធានការ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង ដើម្បី​ឱ្យ​បន្លែ​ក្នុងស្រុក​ដាំ​ដោយ​កសិករ​ខ្មែរ​មាន​តម្លៃ​ថ្លៃ​លើ​ទីផ្សារ​ផង ។

តាម​ការ​បញ្ជាក់​ពី​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន ឱ្យ​​ដឹង​ថា ជា​ធម្មតា តម្លៃ​បន្លែ​លើ​ទីផ្សារ​ពេល​ណា​សម្រុក​ពី​តាម​បណ្តា​ខេត្ត​ចូល​ខ្លាំង​ទៅ​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​ប្រមូលផ្តុំ គឺ​ធ្លាក់​ថ្លៃ​បែប​នេះ​ហើយ ប៉ុន្តែ​វា​មិនយូ​រ​ទេ បន្តិច​វា​នឹង​ឡើងថ្លៃ​វិញ​ភ្លាម នៅ​ពេល​វា​ស្បើយ​ការ​ដឹក​ចូល ។ មិនមែន​តែ​ស្ពៃ​ទេ​ដែល​ឡើងថ្លៃ ពេល​នេះ​បន្លែ​មួយ​ចំនួន​ទៀត​ក៏​បាន​ឡើងថ្លៃ​ដែរ ហើយ​វា​នឹង​ឡើងថ្លៃ​ជា​បន្ត​ទៀត​នៅ​ពេល​ចុងដៃ ។

គួរ​បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​កោះក្របី​ក្រៅពី​ការងារ​ធ្វើស្រែ ពួក​គាត់​តែងតែ​ដាំ​ខ្ទឹម​, ដាំ​ស្ពៃ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ខែ​ទឹកទន្លេ​បាន​ស្រក​ចុះ ឆ្នាំ​ខ្លះ​ពួក​គាត់​ទទួល​បាន​ផល​ចំណេញ តែ​ឆ្នាំ​ខ្លះ​ក៏​មិន​អាច​ទទួលផល​ចំណេញ​ដែរ ដោយសារ​តែ​ការ​ចុះថ្លៃ​ខ្លាំង​ពេក ។ ប៉ុន្តែ​ពួក​គាត់​មិន​បោះបង់​ការងារ​ដាំ​ដុះ​នោះ​ទេ គឺ​បន្ត​ដាំ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ