ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​របាំ​គោះអង្រែ​» ចម្លង​ពី​ហ្វ៊ី​លី​ពី​ន ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ឬ?

4 ឆ្នាំ មុន
  • ភ្នំពេញ

សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ របស់​ពុទ្ធ​សាសន​បណ្ឌិត្យ បោះពុម្ពផ្សាយ​ឆ្នាំ​១៩៦៤ អត្ថាធិប្បាយ​ថា ឯកសារ​របស់​លោក​គុយ ហួត នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឱ្យ​ការណ៍​ថា អ្នកស្រុក​នៅ​ត្រង់​ស្រុក​លោក​គេ​ហៅ…

សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ របស់​ពុទ្ធ​សាសន​បណ្ឌិត្យ បោះពុម្ពផ្សាយ​ឆ្នាំ​១៩៦៤ អត្ថាធិប្បាយ​ថា ឯកសារ​របស់​លោក​គុយ ហួត នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឱ្យ​ការណ៍​ថា អ្នកស្រុក​នៅ​ត្រង់​ស្រុក​លោក​គេ​ហៅ «​របាំ​រាំ​អង្រែ​» ថា «​របាំ​កួយ ឬ​រាំ​កួយ​» ។ បើ​តាម​ព័ត៌មាន​នេះ​ឃើញ​ថា ជាប់​ឈ្មោះ​កុលសម្ព័ន្ធ​ខ្មែរ​ដើម​មួយ​ដែល​ហៅ​ថា «​កួយ​» ។ សាសន៍​កួយ​នេះ រស់នៅ​លើ​ផែនដី​ស្រុក​ខ្មែរ​យើង​តាំងពី​មិន​ទាន់​កសាង​ជា​អាណ​ចក្រ​ឡើងជា​ប្រាកដ​នៅឡើយ ។

ដូច្នេះ​បើ​មាន​ស្នាម​ដាន​នៅ​ជាប់​នឹង​ពាក្យ​អ្នកស្រុក​យ៉ាងហ្នឹង នាំ​ឱ្យ​យើង​រក​ឃើញ​ថា​រា​បាំ​នេះ​មាន​ដើម​កំណើត​មក​ពី​សាសន៍​ជាតិ​តូចតាច​មួយ​ដែល​ហៅ​ថា «​កួ​ួ​យ​» អាច​ចាត់ទុកជា​អារ្យធម៌​ខ្មែរ​ដើម​ដែល​ពុំ​ទាន់​បាន​ទទួល​អារ្យធម៌​ជាតិ​សាសន៍​នានា មាន​អារ្យធម៌​ឥណ្ឌា​ជាដើម ។ បើ​យល់​យ៉ាងនេះ​ក៏​ជា​ការ​សម​ហេតុផល​ដែរ​ហើយ ព្រោះតែ​របាំ​នេះ​មាននៅ​សេសសល់​ដល់​សព្វថ្ងៃ ជាប់លាប់​ជាងគេ​តែ​នៅ​តាម​ភូមិភាគ​ភ្នំ​ដងរែក គឺជា​ភូមិភាគ​ដែល​មាន​សាសន៍​កួយ​នេះ​រស់នៅ​តាំងពី​ដើម​មក ដូច​ជា​ត្រង់​ជាំ​ក្សាន្ត សំរោង​ចុងកាល់ ជើងភ្នំ​គូលែន​សព្វ​ថ្ងៃនេះ ។

មាន​ឯកសារ​ពី​សមាជិក​ឆ្លើយឆ្លង​នៃ​ក្រុម​ជំនុំ​យើង​ច្រើន​ទៀត​បានឱ្យ​ការណ៍​ថា របាំ​នេះ​ចម្លង​មក​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន​កាល​ជំនាន់​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​នរោត្តម (​ព្រះ​សុវណ្ណកោដ្ឋ​) ដែល​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ក្រុង​ម៉ានីល ហើយ​ពពួក​បរិពារ​ព្រះ​អង្គ បាន​រៀន​ចេះ​របាំ​នេះ​យក​មក​លេង​នៅ​ប្រទេស​យើង​។ ឯកសារ​លោក​ជឹ​ម ឈុំ នៅ​ស្រុក​សណ្ដាន់ បាន​បញ្ជាក់​ថា បានជា​របាំ​នេះ​រាល​ដាល​ទៅ​តាម​ភូមិ ក្រៅ​ៗ ដោយសារ​មាន​ទាហាន​ហ្លួង​ដែល​ចេញ​ទៅ​ធ្វើសង្គ្រាម​តាម​និគមជនបទ​នានា បាន​នាំ​យក​របាំ​នេះ​ទៅ​ឱ្យ​អ្នកស្រុក​ហាត់​លេង​តាម​ដំណើរ​ដែល​កងទ័ព​លើក​ទៅ​ដល់ ។

លោក​ជឹ​ម ឈុំ បន្ថែម​ទៀត​ថា នៅ​ស្រុក​លោក​មាននៅ​សល់​ទាំង​គ្រួសារ​របស់​អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​រេហ៍ពល​កាលពី​ជំនាន់​នោះ​ផង ។ អ្នកស្រុក​ទាំងនោះ​ហើយ​ដែល​បាន​បញ្ជាក់​ថា ខ្លួន​ដឹង​ច្បាស់​ថា របាំ​នេះ​ពិតជា​ផ្សព្វផ្សាយ​ទៅ​តាម​ពួក​កង​រេហ៍ពល​នេះ​មែន ដោយ​មាន​អ្នកខ្លះ​តាំងទី​នៅ​កំពង់​ស្វាយ សណ្ដាន់ បាន​ដាក់​ទ័ព​នៅ​ទីនោះ ព្រោះ​ជាទី​សំបូរ​ដែក​សម្រាប់​ធ្វើ​សា​ស្ត្រាវុធ ។ បើ​យោង​តាម​ព័ត៌មាន​នេះ​ឃើញ​ថា «​របាំ​រាំ​អង្រែ​» នេះ ទំនងជា​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ប៉ុន្តែ​បើ​ពិចារណា​រកហេតុ​ផល​បន្ថែម​ទៀត យើង​អាច​សន្និដ្ឋាន​ជា​សរុប​ថា របាំ​នេះ​ជា​សំណល់​មក​ពី​សាសន៍​ជាតិ ជា​រដ្ឋ​វា​ស៊ី​ជាន់​ដើម (Les autochotones) ដែល​រស់នៅ​លើ​ដី​កោះ​តូចតាច​ផ្នែក​អាស៊ី​នេះ ហើយ​ដែល​ទុក​សំណល់​អារ្យធម៌​យ៉ាងច្រើន​លើសលប់ រហូត​មក​ដល់​សព្វថ្ងៃ​មាន​អក្សរ ភាសា ភ្លេង ចម្រៀង ទំនៀមទម្លាប់ ជាដើម ។

អារ្យធម៌​នេះ​មានឈ្មោះ​ថា អារ្យធម៌​អូស្ត្រូអាស៊ី (Austro Asistiques) ដែល​គេ​ទុកជា​មែកធាង​យ៉ាង​ធំ​របស់​អារ្យធម៌​សាកលលោក​សព្វថ្ងៃ ។ ហេតុ​ដូច​ម្ដេច​ទើប​យើង​ពោល​ដូច្នេះ ? ព្រោះថា​ជនជាតិ «​កួយ​» នៅ​នឹង​ដី​ស្រុក​យើង​ក្ដី ជនជាតិ​ដើម ផ្សេង​ៗ ដែល​រស់នៅ​លើ​កោះ​ជា​ច្រើន​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ក្ដី សុទ្ធតែ​ជា​អ្នកមាន​កំណើត​ដើម​បង្កើត​អារ្យធម៌​អូស្ត្រូអាស៊ី​ដូច​គ្នា បាន​សេចក្ដី​ថា មាន​ឫសគល់​ដើម​ជាមួយ​គ្នា ។

ដូច្នេះ​សង្ខេប​បាន​ថា «​របាំ​អង្រែ​» នេះ​មានកំណើត​មក​ពី​មនុស្ស​ជាន់​ដើម​ដែល​បង្កើត​អារ្យធម៌​អូស្ត្រូអាស៊ី មិន​ប្រាកដជា​របស់​ជាតិ​ណា​តែ​ម្នាក់​ៗ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ