បណ្តា​រោងចក្រ​ និង​អ្នក​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​នឹង​អនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ (REX) នា​ដើមឆ្នាំ​២០២០


រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា រោងចក្រ ក្រុមហ៊ុន សហគ្រាស និង​អ្នក​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប (EU) គឺ​ត្រូវ​តម្រូវ​ឲ្យ​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ (REX System) ដើម្បី​ទទួល​បានការ​លើកលែង​ពន្ធ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ ។ ដោយឡែក​រោងចក្រ ក្រុមហ៊ុន សហគ្រាស និង​អ្នក​នាំ​ចេញ ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ (​ពន្ធ​នាំ​ចូល​) ពេល​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប​។

​លោក ពេ​ជ ឬ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​នៅ​ឯ​សិក្ខាសាលា​ស្តី​ពី «​ការ​អនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ​សម្រាប់​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប (EU)» កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​ថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ជូនដំណឹង​និង​ផ្សព្វផ្សាយ​ដល់​បណ្តា​ផលិតករ ពាណិជ្ជករ រោងចក្រ និង​ក្រុមហ៊ុននាំចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ឲ្យ​បាន​យល់​ដឹង​អំពី​នីតិវិធី​ចុះបញ្ជី​អ្នក​នាំ​ចេញ និង​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​ដើម្បី​អាច​អនុវត្ត​ប្រព័ន្ធ (REX) នេះ ដែល​ពុំ​ធ្លាប់​បាន​ចូលរួម​សិក្ខាសាលា​នេះ​កន្លង​មក​។

លោក ពេ​ជ ឬ​ទ្ធី បាន​បន្ត​ទៀត​ថា «​សហភាព​អឺរ៉ុប​បាន​តម្រូវ​ឱ្យ​បណ្តា​អ្នក​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ EU ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​នេះ​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ​។ ក្នុង​សិក្ខាសាលា​នេះ លោក​វាគ្មិន​បាន​ពន្យល់​យ៉ាង​ច្បាស់លាស់​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប កំណែទម្រង់​នីតិវិធី​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ និង​ការ​អនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ (REX System) សម្រាប់​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU)» ។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​សិក្ខាសាលា លោក​អនុរដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់​អំពី​អត្ថប្រយោជន៍​ចំពោះ​ក្រុមហ៊ុន និង​អ្នក​នាំ​ចេញ​ដែល​បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ (REX System) នឹង​ទទួល​បានការ​លើកលែង​ពន្ធ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ ដោយឡែក​រោងចក្រ ក្រុមហ៊ុន សហគ្រាស និង​អ្នក​នាំ​ចេញ ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ (​ពន្ធ​នាំ​ចូល​)​ពេល​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប​- (EU)​។

​បន្ថែម​លើ​នេះ លោក​ក៏​បាន​លើកទឹកចិត្ត​ពាណិជ្ជករ ឬ​អ្នក​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ និង​ចូលរួម​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ​នេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដែល​សហភាព​អឺរ៉ុប​បាន​តម្រូវ​ឱ្យ​បណ្តា​អ្នក​នាំ​ចេញពី​កម្ពុជា​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​នេះ​នៅ​ដើមឆ្នាំ​២០២០ ។

សូម​បញ្ជាក់​ថា​សម្រាប់​រោងចក្រ ក្រុមហ៊ុន​នានា​និង​អ្នក​នាំ​ចេញ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន​ពី​ការ​អនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ (Registered Exporter-REX System) សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​ក្នុង​នោះ​រួម​មាន​៖ ១- ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​, ២- កាត់​បន្ថយ​ពេលវេលា ចំណេញ​ថវិកា​, និង ៣- នាំ​ចេញ​ដោយ​ពុំ​ចាំបាច់​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO)​។ ​សម្រាប់​សិក្ខាសាលា​ខាងលើ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ក៏​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (FASMEC) និង​តំណាង​រោងចក្រ ក្រុមហ៊ុននាំចេញ​ទៅ​ទីផ្សារ EU សរុប​ជាង ២០០​រូប​។

យោង​តាម​របាយការណ៍ របស់​សហភាព​អឺរ៉ុប ទំហំ​ពាណិជ្ជកម្ម​អឺរ៉ុប​ជាមួយ​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជិត​៧​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប​មាន​ទឹកប្រាក់​ប្រមាណ ៥,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សហភាព​អឺរ៉ុប​នាំ​ចេញ​មក​ពី​កម្ពុជា​វិញ​មាន​ទឹកប្រាក់​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក​ការ​នាំ​ចេញ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ ២០១៩​នេះ មាន​ទឹកប្រាក់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ក្នុង​នោះ​សម្លៀក​បំពាក់​វាយ​ន​ភណ្ឌ​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ជាងគេ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ