ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម៉ូតូ​បាន​សម្រេច ក្រោយ​បំពុល​ឆ្កែ​៤​ក្បាល

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ជនសង្ស័យ​លួច​បំពុល​សត្វ​ឆ្កែ រួច​ចូល​យក​ម៉ូតូ​បាត់​អស់​២​គ្រឿង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប​។…

ខេត្តស្វាយរៀង ៖ មាន​ករណី​ជនសង្ស័យ​លួច​បំពុល​សត្វ​ឆ្កែ រួច​ចូល​យក​ម៉ូតូ​បាត់​អស់​២​គ្រឿង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​ករណី​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ រួច​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​គ្រឿង ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១CZ-៧២៧៣ និង​ម៉​ូ​តូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ធុន​C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១N-១៩៤១ (​ជា​ម៉ូតូ​បង់​រំ​លោះ​) ដែល​ម្ចាស់​ទុក​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ និង​មាន​ចាក់សោ​ផង​ដែរ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​មុំ សា​រិ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​នឹង​ក្រុម​ជនសង្ស័យ​ចូល​កាត់​សោ​បន្ទប់​លួច​យក​ម៉ូតូ​នោះ​គឺ​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​ចំនួន​៤​ក្បាល បណ្តាល​ឲ្យ​បាត់បង់​ជីវិត​អស់​២​ក្បាល ចំណែក​២​ក្បាល​កំពុង​ពុល​រងីរងើ​ជិត​បាត់​បង់ជីវិត​ ។ ចំពោះ​ថ្នាំពុល​ដែល​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​មាន​ពណ៌​ខៀវ​។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ​មុំ សា​រិ​ន បាន​ឲ្យ​ដឹង​ថា ម៉ូតូ​២​គ្រឿង​ខាងលើ​នេះ ក្នុង​នោះ​១​គ្រឿង​ជា​របស់​កូន គឺ​បាន​ដាក់​ក្នុង​បន្ទប់​ក្រោមផ្ទះ​ដូច​សព្វដង លុះដល់​វេលា​កើតហេតុ ពេល​ជន​រង​គ្រោះ​បាន​ក្រោក​ឡើង​ចុះ​មក​បត់ជើង ស្រាប់តែ​ឃើញ​សត្វ​ឆ្កែ​២​ក្បាល​ពុល​បែកពពុះមាត់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ចំណែក​២​ក្បាល​ទៀត​កំពុង​ពុល​រងីរងើ​ជិត​បាត់​បង់ជីវិត​ទៀត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរទៅ​មើល​បន្ទប់​ដាក់​ម៉ូតូ​ឃើញ​ស្នាម​កាត់​សោ​ចូល លុះ​ពេល​ចូល​រក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​ទាំង​២​គ្រឿង ហើយ​ម៉ូតូ​១​គ្រឿង​គឺ​ទិញ​បង់​រំ​លោះ​មិន​ទាន់​បង់គ្រប់​នៅឡើយ ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​។

សូម​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​បាន​ស្ងប់ស្ងាត់​បាន​ប្រមាណ​១​ខែ ខណៈ​សមត្ថកិច្ច​បង្ក្រាប​ចាប់​បាន​៣​នាក់​ដែល​ជា​ក្រុម​ជនសង្ស័យ​មក​ពី​ខេត្តព្រៃវែង​, ខេត្តតាកែវ និង​ខេត្តបន្ទាយមានជ័យ ។ ឥឡូវ​មាន​ក្រុម​ជនសង្ស័យ​ផ្សេង​ទៀត​មក​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​កាត់​សោ​លួច​យក​ម៉ូតូ​ទៅ​បាត់​មិនដឹង​ជា​លួច​យក​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ភូមិ និង​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ