ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ដែនដី​ចាស់ ត្រូវ​បាន​ផ្លាស់​​ដាក់​មន្ត្រី​ថ្មី​ជំនួស​វិញ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែង​ថា សព្វ​ថ្ងៃនេះ​ ការងារ​សុរិយោដីនៅ​តាម​ក្រុង​-​ស្រុក​មួយ​ចំនួន​នៅ​មាន​បញ្ហា ដូច្នេះ…

ខេត្តកំពត ៖ លោក ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែង​ថា សព្វ​ថ្ងៃនេះ​ ការងារ​សុរិយោដីនៅ​តាម​ក្រុង​-​ស្រុក​មួយ​ចំនួន​នៅ​មាន​បញ្ហា ដូច្នេះ លោក​ស្នើ​ឲ្យ​ប្រធាន​ការិយាល័យ​ភូមិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​ជា​បន្ទាន់ ព្រោះ​បញ្ហា​ដីធ្លី​វា​ផ្សារ​ភ្ជាប់​នឹង​នយោបាយ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ដា​ញ់សារី ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ជំនួស​លោក យិ​ន វុ​ឌ្ឍអតីត​ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់​មុខ​តំណែង​ថ្មី​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្ត លោក ជាវតា​យ អភិបាលខេត្ត បាន​ស្នើ​ដល់​ប្រធាន​កា​រិ​យាល័យ​ភូមិបាល​ក្រុង​-​ស្រុក ត្រូវ​ដោះស្រាយ​បញ្ហាសេសសល់​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន​ជា​បន្ទាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​តែងតែយកចិត្តទុកដាក់​ចំពោះ​រឿង​នេះ​យ៉ាង​ខ្លាំង ព្រោះបញ្ហា​ដីធ្លី​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នឹង​រឿងនយោបាយ​របស់​ប្រទេស ។ លោក​អភិបាលខេត្តបាន​បញ្ជាក់​ថា ដើម្បី​សង់​អគារ​បាន​រឹង​មាំ ត្រូវ​សង់​គ្រឹះ​ពីក្រោម​ឡើង​មក​ឲ្យ​បាន​រឹង​មាំ​ជា​មុន​សិន ទើប​សង់​អគារ​ទៅ​អាច​រឹង​មាំ​បាន ។

លោក​អភិបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​ស្មៀន និងមេឃុំ សង្កាត់ ទាំងអស់​មិន​ត្រូវ​ចុះ​កិច្ចសន្យា​លើ​ឯកសារ​ដី​ណា​ដែល​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិនោះ​ទេ ព្រោះ​បើ​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ ការ​ដោះស្រាយ​បញ្ហា​នៅ​តែ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ លោក ឆាន់ សា​ផា​ន រដ្ឋលេខាធិការ​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ចូល​កាន់​មុខ​តំណែង​ថ្មី ត្រូវ​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ចប់​សព្វគ្រប់​តាម​ផែនការនិង​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​តួនាទី​ភារកិច្ច ព្រមទាំង​ពង្រឹង​ការ​អនុវត្តច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា និង​គោលការណ៍​ណែនាំ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ខេត្ត ។

ពិសេស​ពង្រឹងស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ថ្នាក់​ក្នុង​មន្ទីរ​ឲ្យ​បាន​ល្អ ពោល​គឺ​សំដៅ​លុប​បំបាត់ភាព​អសកម្ម​ទាំងឡាយ និង​បង្កើន​ស្មារតី​គោរពក្រមសីលធម៌​វិជ្ជាជីវៈ បង្កើន​ប្រសិទ្ធភាព​ការងារ​លើ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​ពី​មន្ទីរ ។ ជាមួយ​គ្នា​នេះ ត្រូវ​រៀបចំ​នីតិវិធី​ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ឲ្យ​សម្រេចតាម​ផែនការ ។

ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ ត្រូវ​ចាត់​មន្ត្រី​ឲ្យ​ចុះពិនិត្យ​គុណភាព​សំណង់ ជំរុញ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​មុន​ពេល​សាងសង់ ធ្វើ​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ជូន​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង និង​រដ្ឋបាល​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ប្រកបដោយ​ឆន្ទៈ​ម្ចាស់​ការ ភក្ដី​ភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សាធារណៈ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ