ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការភ្ញាក់ផ្អើលឆោឡោទាំងព្រឹក បន្ទាប់ពីមានជនមិនស្គាល់បានធ្វើសកម្មភាពកាច់សោរ.កលួចយកម៉ូតូមួយគ្រឿងបានដោយសុវត្ថិភាព កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចខាងមុខផ្សារណាត់ (ផ្សារធំបាត់ដំបង) ស្ថិតនៅចំកណ្ដាលបេះដូងក្រុងបាត់ដំបង។
យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា ម៉ូតូដែលចោរលួចបាត់នោះម៉ាកឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៧ (គ្មានស្លាកលេខ) របស់ជនរងគ្រោះឈ្មោះ សែម សំណាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សមត្ថកិច្ចបាននិយាយថា ម៉ូតូនោះត្រូវបានម្ចាស់ជិះទៅឈប់នៅខាងមុខផ្សារណាត់ រួចដើរចូលទិញម្ហូបនៅខាងក្នុងផ្សារ លុះត្រឡប់មកវិញក៏មានការផ្អើលឆោឡោតែម្ដង ដោយសារបាត់ម៉ូតូពីកន្លែងដែលខ្លួនទុក ។
បើតាមម្ចាស់ម៉ូតូបាននិយាយថា ខ្លួនមិនបានយកម៉ូតូទៅផ្ញើនៅក្បែរផ្សារនោះទេ ព្រោះគិតថា ចូលផ្សារមួយភ្លេតចេញមកវិញ លុះពេលដើរចេញពីក្នុងផ្សារមកយកម៉ូតូ ស្រាប់តែមិនឃើញម៉ូតូ ទើបមានការភ្ញាក់ផ្អើលតែម្ដង។
ពាក់ព័ន្ធនឹងបទល្មើសកាច់សោរ.កលួចម៉ូតូនេះ បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅ មានករណីកាច់សោរលួចម៉ូតូនេះបានកើតឡើងជាបន្តបន្ទាប់ មិនថានៅក្នុងក្រុង ឬនៅតាមបណ្ដាស្រុកមួយចំនួនទៀតនោះទេ។
ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែធ្នូ ជនសង្ស័យចំនួន២នាក់បានកាច់សោរ.កលួចយកម៉ូតូប្រជាពលរដ្ឋម្នាក់មួយគ្រឿង នៅឃុំឈើទាល ស្រុកបាណន់។ ជនទាំង២នាក់បានលួចយកម៉ូតូនោះ ជិះគេចខ្លួនបានដោយសុវត្ថិភាព។ ប៉ុន្តែរូបភាពជនល្មើសទាំង២នាក់បានបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់ក្រឡែត តែសមត្ថកិច្ចមិនទាន់វែកមុខក្រុមជនសង្ស័យបាននៅឡើយទេ។
ព័ត៌មាននេះមិនត្រូវបានគេទម្លាយឱ្យដឹងឡើយ ព្រោះបទល្មើសបែបនេះបានកើតឡើងញឹកញ៉ាប់ពេក។ ហើយដោយសារតែសមត្ថកិច្ចមិនទាន់បំបែកមុខសញ្ញានេះបាន ទើបក្រុមជនល្មើសនៅតែអាចដើរធ្វើសកម្មភាពលួចម៉ូតូនៅតាមទីផ្សារ ឬនៅតាមលំនៅឋាន ឬនៅតាមទីសាធារណៈជាបន្តបន្ទាប់បានដោយសុវត្ថិភាព។
ប៉ុន្តែយ៉ាងណាក៏ដោយ ជុំវិញសកម្មភាពចោរកាច់សោរ.កលួចម៉ូតូខាងលើនេះ បើតាមមន្ត្រីការិយាល័យជំនាញ បាននិយាយថា ពេលនេះកម្លាំងជំនាញកំពុងតាមស្រាវជ្រាវ និងតាមកំណត់មុខសញ្ញាជនល្មើសទាំងនេះបានខ្លះៗហើយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ