រាជធានីភ្នំពេញ ៖ តារាស្រី តន់ ច័ន្ទសីម៉ា ដែលមានឈ្មោះពេលនេះ មានប្រវត្តិតស៊ូជាមួយសិល្បៈជាច្រើនឆ្នាំមកហើយ ទើបតែដើរដល់គោលដៅមួយរយៈនេះ។ បើនិយាយពីផលលំបាកវិញនាងជួបប្រទះខ្លាំងមិនខុសពីតារាស្រីរៀមច្បងផ្សេងៗជំនាន់មុននាងប៉ុន្មានឡើយ។
យ៉ាងណាមិញ នាងបានឆ្លងកាត់ព្យុះភ្លៀង ដូចពាក្យព្យាយាមគង់បានសម្រេច ព្រោះទេពកោសល្យ និងទឹកដមសំឡេងរបស់នាងត្រូវបានផលិតកម្មចម្រៀងមួយជ្រើសរើសយកទៅកែច្នៃឱ្យជាតារាចែងចាំង។
តន់ ច័ន្ទសីម៉ា កំពុងតែដណ្តើមបានប្រជាប្រិយភាពនូវបណ្តាបទចម្រៀងល្បីៗ លំដាប់យុវវ័យជាច្រើនបទនៅតាមប្រព័ន្ធសង្គម និងនៅតាមបណ្តាញយូធូប។ បទចម្រៀងបែបមនោសញ្ចេតនា ដែលនាងច្រៀងភាគច្រើនជាលំដាប់យុវវ័យស្នេហាឈឺចាប់ចាក់ដោត។ ជាពិសេសមានបទមួយចំណងជើងថា «រឹងមាំ» ដែលមានខ្លឹមសារថា តស៊ូ យើងដួលគេមើលងាយ វាយតម្លៃទាបត្រូវរឹងមាំ ដើម្បីខ្លួនឯងដោះស្រាយចំពោះមុខ។
លើសពីនេះទៀត ប្រវត្តិតស៊ូ របស់អ្នកចម្រៀងមកពីខេត្តតាកែវរូបនេះ ក៏ឈ្មុសឈ្មុលចូលទៅកាន់វេទិកាប្រឡងចម្រៀងជាច្រើន ដោយហោចណាស់២លើកមកហើយឱ្យស្ថានីយ៍ទូរទស្សន៍ល្បី។ ។
កញ្ញា តន់ ច័ន្ទសីម៉ា បាននិយាយរៀបរាប់ថា «មុនមកដល់ចំណុចនេះ នាងដើរជួបនូវភាពលំបាកលំបិនអស់ជាច្រើនរូបភាពណាស់ ក្នុងនាមជាកូនស្រី និងជាក្មេងស្រីជំទង់ម្នាក់។ មិនថា ការចេញដំណើរទៅប្រឡងចម្រៀងទេ សុទ្ធតែពិបាក។ នាងបានសុំគេច្រៀងយប់ឡើង ដើម្បីរកប្រាក់ជួយអ្នកផ្ទះបង់ថ្លៃផ្ទះជួលដ៏តូចមួយ។
ហើយអ្វីដែលនាងចាំ គឺមានពេលមួយជិះម៉ូតូចេញពីច្រៀងពេលយប់ជ្រៅត្រូវលោកចោរ តាម រហូតធ្វើសកម្មភាពឆក់ទូរស័ព្ទដួលរលាត់ដៃជើងក៏ឃើញ»។ លើសពីនេះទៀត ក៏បន្តភ័យបុកពោះឱ្យតែចេញពីច្រៀង គឺដឹងតែពិបាកចិត្ត ជិះម៉ូតូភ័យៗមើលកញ្ចក់ក្រោយ និងមិនហ៊ានដាក់របស់របរសំខាន់អីជាប់ខ្លួនទេ។
សីម៉ា ដែលទើបចុះកុងត្រា៥ឆ្នាំធ្វើជាតារាចម្រៀងពេញសិទ្ធិឱ្យលោកឡេង ណាវ៉ាត្រា បន្តថា បន្ទាប់ពីត្រូវគេមើលឃើញ រហូតយកទៅធ្វើជាតារាប្រចាំផលិតកម្ម អ្វីដែលនាងដក់ជាប់នូវកម្រងអនុស្សាវរីយ៍ គឺកន្លែងច្រៀងនៅហាងយប់ឡើង ដែលកុំតែបានថៅកែហាងអាណិតស្រឡាញ់ផ្តល់ទីតាំងធ្វើការ ទើបនាងអាចមានលុយកាក់ទ្រទ្រង់ជីវភាព មានប្រាក់បង់ផ្ទះជួល១ខែ៨០ដុល្លារ និងអនុស្សាវរីយ៍ជាមួយមិត្តភក្តិជាច្រើន កម្សត់កម្រនៅទីកន្លែងច្រៀងយប់ឡើង។
នាងបានបញ្ចប់ការងារច្រៀងពេលយប់នៅហាងខាងលើ ក្រោយបម្រើការជាង៣ឆ្នាំ ។ មូលហេតុដោយសារបានការងារកុងត្រាក្នុងផលិតកម្មចម្រៀង មានប្រាក់ខែ ហើយខាងថៅកែផលិតកម្ម ក៏មានកម្មវិធីជាច្រើនឱ្យនាងច្រៀងតាមខេត្ត-ក្រុងនានា នៃការប្រគំតន្ត្រី ជាយុទ្ធសាស្ត្រពង្រីកប្រជាប្រិយភាព។
តន់ ច័ន្ទសីម៉ា ពេលនេះនាងប្តូរមកទិញឡានម៉ាកប្រូស ជិះចេញទៅបំពេញការងារកក់ក្តៅជាងមុន។ នាងក៏ត្រូវបានម្តាយធម៌ម្នាក់ពេញចិត្ត ចរិតលក្ខណៈតស៊ូក្នុងជីវិត ទិញផ្ទះឱ្យ១ល្វែង នៅម្តុំគួរស្រូវស្នាក់នៅ។ ផ្ទះនោះមិនទាន់ដឹងថា នាងសហការជួយរំលោះ ឬគេទិញជូនទាំងស្រុងនោះទេ។ ទាំងនេះ ជាគម្រូមួយដល់សិល្បកររលកក្រោយ សម្រាប់គិតពិចារណា ។ ចង់ក្លាយជាតារាមិនមែនតាមគ្នានោះទេ សិល្បៈពោរពេញដោយភាពតស៊ូ និងការជំនះគ្រប់រូបភាពទំរាំបានល្បី។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ