ខេត្តស្ទឹងត្រែង ៖ មនស្សប្រុសស្រីចំនួន៧០នាក់ និងម៉ូតូ៤០គ្រឿងត្រូវគណៈបញ្ជាការឯកភាពក្រុងសហការកម្លាំងកងរាជអាវុធហត្ថរួមកម្លាំងអធិការដ្ឋាននគរបាលក្រុងឃាត់ក្រោយពិនិត្យជាក់ស្តែងគ្មានអត្តសញ្ញាណច្បាស់លាស់ និងកែច្នៃខុសបច្ចេកទេសយានយន្ត គ្មានឯកសារគ្រប់គ្រាន់ ។ ប្រតិបត្តិការខាងលើកម្លាំងសហការបានធ្វើឡើងរយៈពេល៣យប់ជាប់គ្នានាថ្ងៃទី១៩ ដល់យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដោយបានក្រសោបយុវជនប្រុសស្រី៧០នាក់ ។
លោក អៀង វ៉ានឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ឱ្យដឹងថាមនុស្សចំនួន៧០នាក់សុទ្ធសឹងជាយុវជនក្នុងនោះមានស្រី៣នាក់ ។ រវាងចំណោមយុវជន សរុបខាងលើទាំងនោះមាន៧នាក់ រកឃើញផ្ទុកសារធាតុញៀនញៀនក្រោយធ្វើតេស្តក្នុងទឹកនោម ។ ក្រុមយុវជនជាច្រើននាក់នោះត្រូវបានឃាត់ខ្លួនដើម្បីធ្វើការអប់រំកែប្រែបន្ទាប់ពួកគេបង្កអសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
លោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងឲ្យដឹងថា ដោយសារតែភាពអនាធិបតេយ្យរបស់ក្មេងទំនើងតែងតែកើតមាននៅក្នុងខេត្តបង្កភាពអនាធិបតេយ្យធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ មានការលួចឆក់ប្លន់ជាដើមដែលតែងតែកើតមានកន្លងមក លោកបានស្នើកម្លាំងអាវុធហត្ថខេត្តក្រុងអធិការក្រុងចុះប្រតិបត្តិការជាក់ស្តែងសមត្ថកិច្ចបានឃាត់ខ្លួនយុវជន៧០នាក់ នារី៣នាក់ និងម៉ូតូ៤០គ្រឿង ។ លោកអភិបាលក្រុងបន្តថា ក្នុងចំណោម៧០នាក់ មាន៧នាក់បានប្រើប្រាស់នូវសារធាតុញៀន និងមួយចំនួនប្រើម៉ូតូគ្មានអត្តសញ្ញាណ កែច្នៃខុសបច្ចេកទេស គ្មានផ្លាកលេខ និងគ្មានឯកសារ(គ្មានពន្ធ) ។
លោកថា យុវជនទាំងខាងលើនេះយើងនឹងធ្វើការអប់រំឱ្យពួកគាត់ត្រូវចូលរួមគោរពច្បាប់ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនម៉ូតូត្រូវបំពាក់ទៅតាមបច្ចេកទេសត្រឹមត្រូវវិញ ម៉ូតូទាំងអស់នោះត្រូវឱ្យម្ចាស់យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ចបើគ្មានពន្ធនឹងត្រូវបំពេញកាតព្វកិច្ចបង់ពន្ធហើយម៉ូតូដែលមានពន្ធយើងនឹងដោះលែងឱ្យត្រឡប់ទៅវិញ ។ យុវជនតំណាងឱ្យយុវជនទាំងនោះបានគាំទ្រទៅលើចំណាត់ការរបស់សមត្ថកិច្ច ហើយខ្លួនសន្យាថានឹងកែប្រែឈប់ប្រើប្រាស់នូវអ្វីដែលខុសច្បាប់ហើយក៏សូមឲ្យយុវជនទាំងអស់កុំធ្វើអ្វីដែលខុសច្បាប់ដូចគំរូតាមពួកគាត់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ