ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​បង្កើន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​ជាមួយ​វិស័យ​ឯកជន តាម​រយៈ​ការ​អនុវត្ត​យន្តការ​ត្រីភាគី និង​កិច្ច​សន្ទនា​សង្គម​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​បង្កើន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​ជាមួយ​វិស័យ​ឯកជន តាម​រយៈ​ការ​អនុវត្ត​យន្តការ​ត្រីភាគី និង​កិច្ច​សន្ទនា​សង្គម​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ អន្តរជាតិ ។

លោក​អ៊ិ​ត សំ​ហេង បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សំណេះសំណាល​ប្រចាំឆ្នាំ​រវាង​តំណាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្រោម​ប្រធានបទ «​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កាតព្វកិច្ច​ច្បាប់​ស្តី​ពី​ការងារ និង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម » នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ថា​ការ​សម្រេច​បាន​នូវ​លទ្ធផល​ជាទី​មោ​ទ​នៈ​នានា​រហូត​មក​ដល់​ថ្ងៃនេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្មារតី​ទទួលខុសត្រូវ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជំរុញ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​-​ឯកជន ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ក្នុង​គោលដៅ​រួមចំណែក​បង្កើន​ល្បឿន​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ។

លោក​បាន​បញ្ជាក់​ថា ៖ « ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​តាម​រយៈ​ការ​អនុវត្ត​យន្តការ​ត្រីភាគី និង​កិច្ច​សន្ទនា​សង្គម​ដែល​យើង​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ការ​ធានា​បាន​នូវ​ភាព​សុខដុម​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​ដែល​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​នូវ​វិវាទ​ការងារ​បាន​ប្រសើរ​ជាង​មុន​ច្រើន​» ។ លោក​បន្ថែម​ថា ការ​បន្ត​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​យុទ្ធសាស្ត្រ​ចតុកោណ គោលនយោបាយ​នានា​ដូច​ជា គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​គោលនយោបាយ​ជាតិ​ស្តី​ពី​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ។

ទន្ទឹម​នឹង​នេះ​ការ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​នូវ​កាតព្វកិច្ច​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​សហជីព ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា រួម​ទាំង​បទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោ​កក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា សមាគម​សហព័ន្ធ​និយោជក​កម្ពុជា (CAFEBA) ក៏​ជា​ដៃគូរ​ដ៏​សំខាន់​ផង​ដែរ ដែល​បាន​ចូលរួម​ធ្វើ​ឱ្យ​ក្រសួង​អាច​សម្រេច​បាន​ដោយ​ជោគជ័យ នូវ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រមទាំង​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា និង​គម្រោង​នានា​ផង​ដែរ ។ លោក​បាន​សង្កត់ធ្ងន់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​ជាមួយ CAFEBA សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ ដែល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។

លោក​បាន​គូសបញ្ជាក់​ទៀត​ថា ស្ថិត​ក្នុង​បរិបទ​ដែល​វិស័យ​ឯកជន​កាន់តែ​ប្រឈម​កាន់តែ​ខ្លាំង​ទៅ​នឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំ​ចេញ​នានា​យើង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​គ្នា​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ដើម្បី​ធានា​ថា វិស័យ​ឯកជន​នៅ​តែ​អាច​បន្ត​ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​សមាជិក​ទាំងអស់​របស់ CAFEBA អាច​រក្សា​បាន​ដំណើរ​ផលិតកម្ម អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ចីរភាព ។

បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​អះអាង​ថា បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​នឹង​កំពុង​ខិតខំ​ជំរុញ ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ សំដៅ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដែល​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បង្កើត​ការងារ​ថ្មី​ៗ​ដែល​មានគុណ​ភាព​កាន់តែ​ល្អ ការ​ពង្រីក​កិច្ច​គាំពារ​សង្គម​កាន់តែ​ទូលំទូលាយ និង​ការ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​កាន់តែ​ខ្ពស់​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ