ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ទន្ទឹងរង់ចាំ​ភាព​យុត្តិធម៌ ក្រោយ​និស្សិត​ឆ្នាំ​ទី​១​ម្នាក់​បាត់បង់​ជីវិត​អស់​៥​ថ្ងៃ​ហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រួសារ​ជន​រង​គ្រោះ​កំពុង​តែ​ទន្ទឹងរង់ចាំ​ភាព​យុត្តិធម៌ បន្ទាប់​ពី​បុរស​ជា​និស្សិត​ឆ្នាំ​ទី​១​ម្នាក់​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ បុក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​អស់​រយៈពេល​៥​ថ្ងៃ​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ដឹង​ស្រមោល​អ្នកបើកបរ​រថយន្ត​ទៀត ។ ហេតុការណ៍​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​ថែម​ទាំង​កិន​បុរស​ជា​និស្សិត​ម្នាក់​ខាងលើ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បានកើតឡើង​កាលពី​ថ្ងៃ​ទី​១៨…

ខេត្តកំពង់ចាម ៖ គ្រួសារ​ជន​រង​គ្រោះ​កំពុង​តែ​ទន្ទឹងរង់ចាំ​ភាព​យុត្តិធម៌ បន្ទាប់​ពី​បុរស​ជា​និស្សិត​ឆ្នាំ​ទី​១​ម្នាក់​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ បុក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​អស់​រយៈពេល​៥​ថ្ងៃ​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ដឹង​ស្រមោល​អ្នកបើកបរ​រថយន្ត​ទៀត ។

ហេតុការណ៍​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​ថែម​ទាំង​កិន​បុរស​ជា​និស្សិត​ម្នាក់​ខាងលើ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បានកើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវកែង​ផ្ទះ​កាហ្វេ ស្ថិត​ក្នុងភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៩ មិន​ទាន់​មាន​តម្រុយ​ណា​បន្តិច​សោះ មិនដឹង​ថា​តើ​អ្នកបើកបរ​រថយន្ត​រត់គេច​ទៅ​ដល់​ទីណា​នោះ​ទេ​។

ជន​រង​គ្រោះ​ឈ្មោះ​យឿ​ន ស៊ី​ត្រប់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ រស់នៅ​ភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ។

តាម​ប្រភព​ពី​ស្ត្រី​ឈ្មោះ​ស្រ៊ុ​ន វុ​ត្ថា អាយុ​២៦​ឆ្នាំ ត្រូវជា​បងថ្លៃ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ទាំង​បង្ហូរទឹកភ្នែក​ឱ្យ​ដឹង​ថា ប្អូនថ្លៃ​របស់​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សូ​មើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ស្រប​ពេល​មក​ដល់​ផ្លូវកែង​ត្រង់​ចំណុច​ផ្ទះ​លក់​កាហ្វេ ក៏​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៤៧០ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បុក​យ៉ាង​ពេញទំហឹង បន្ទាប់​ពី​កើតហេតុ​រថយន្ត​មិន​បាន​ឈប់​នោះ​ទេ ដោយ​ថែម​ទាំង​បើក​កិន​ពីលើ​បន្ថែម​ទៀត​កាលពី​យប់​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។

តាម​ប្រភព​ពី​ស្ត្រី​ជា​បងថ្លៃ​បាន​ប្រាប់​បន្ត​ថា រថយន្ត​បង្ក​នោះ​បាន​បើក​គេច​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រួច​ក៏​គេច​បាត់​ទៅ​តែ​ម្តង​។ ក្រោយ​កើតហេតុ មាន​ប្រជាពលរដ្ឋ​ជា​អ្នក​លក់ដូរ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ស្គាល់​ជន​រង​គ្រោះ ក៏​ប្រញាប់​រត់​មក​ប្រាប់​គាត់​ដែល​កំពុង​តែ​នៅផ្ទះ​ជិត​មាត់ទន្លេ​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ ។ គ្រាន់តែ​ឮដំណឹង​បែប​នេះ គាត់​ក៏​ប្រញាប់រ​ត់ទៅ​មើល ឃើញ​ប្អូនថ្លៃ​មាន​ស្នាម​របួសធ្ងន់ និង​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែរ ប៉ុន្តែ​ដោយសារ​របួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​កាល់​ម៉ែ​ត​ឯ​រាជធានី​ភ្នំពេញ តែ​មិន​ទាន់​នឹង​ដល់​ផង ស្រាប់តែ​ប្អូនថ្លៃ​របស់​គាត់​ក៏​បាន​បាត់បង់​ជីវិត​តាម​ផ្លូវ​បាត់​ទៅ​ហើយ​ រួច​ក៏​ដឹក​ត្រឡប់​មក​ភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ស្ត្រី​ជា​បងថ្លៃ​និយាយ​បណ្ដើរ​បង្ហូរទឹកភ្នែក​បណ្តើ​រថា ឪពុក​បង្កើត​របស់​គាត់​ឈ្មោះ​ស្រ៊ុ​ន ឈី​ម អាយុ​៧៨​ឆ្នាំ បាន​បាត់បង់​ជីវិត នឹង​ត្រូវ​រៀបចំ​ធ្វើបុណ្យ​៧​ថ្ងៃ​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ២០១៩ ។ ពិតជា​ទុក្ខ​ជាន់​លើ​ទុក្ខ​មែន ស្រាប់តែ​ប្អូនថ្លៃ​ប្រុស​បាន​បាត់បង់​ជីវិត​មុន​បុណ្យ​៧​ថ្ងៃ​ឪពុក​របស់​គាត់ ពិតជា​ពិបាកចិត្ត​ខ្លាំង​ណាស់ ។ តាម​ដែល​ដឹង​គឺ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បង្ក ត្រូវ​គេ​ស្គាល់​ស្លាក​លេខ​ច្បាស់ ដូច្នេះ​អ្នកបើកបរ​រថយន្ត​មិន​អាច​រត់គេច​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ សូម​សមត្ថកិច្ច​ជំនាញ​មេត្តា​ជួយ​ព​ន្លឿ​ន ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ទទួល​បាន​ភាព​យុត្តិធម៌​។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស បាន​បើកបរ​ក្នុង​ល្បឿន​លឿន ស្រប​ពេល​មក​ដល់​ផ្លូវកែង​បត់​មិន​ទាន់ ជា​ហេតុ​បណ្ដាល​ឱ្យ​បុក​និស្សិត​ម្នាក់​នោះ​រង​របួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​បាន​តែ​បន្តិច ក៏​បែក​ធុង​ទឹក ។ លុះ​ពេល​ឃើញ​បែប​នេះ ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ដេញ​តាម​ពីក្រោយ ប៉ុន្តែ​រថយន្ត​បាន​ឈប់​បន្តិច​ក៏​មាន​បុរស​ម្នាក់​បើកទ្វារ​រថយន្ត​ដោយ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី ដើម្បី​កំញើញ​អ្នក​ដែល​ដេញ​តាម​ពីក្រោយ​កុំឱ្យ​តាម​បន្ត​ទៀត​។ ដោយ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ក៏​មិន​មាន​អ្នក​ណាហ៊ាន​​ដេញ​តាម​ពីក្រោយ​ទៀត​ដែរ ប៉ុន្តែ​គេ​បាន​ស្គាល់​ស្លាក​លេខ​រថយន្ត​ច្បាស់ និង​បាន​ប្រាប់​ដល់​នគរបាល​ចរាចរណ៍​ឲ្យ​បាន​ដឹងផង​ដែរ​។

លោក​វរសេនីយ៍ទោ​អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ដែល​បុក​និស្សិត បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុងភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យក​ស្លាក​លេខ​រថយន្ត​បាន​ហើយ និង​កំពុង​តែ​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ដីកា ហើយ​យុត្តិធម៌​នឹង​ទទួល​បាន​សម្រាប់​គ្រួសារ​រង​គ្រោះ​។

តាម​ប្រភព​ពី​មិត្តភក្តិ​របស់​អ្នក​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​នេះ​ធ្លាប់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្ដេច​ជួន ណាត ស្រុក​កំពង់សៀម ហើយ​ធ្លាប់​​ស្លៀកសម្លៀក​​បំ​ពាក់​ប្រពៃណី​ខ្មែរ ដើរ​បង្ហាញ​ម៉ូ​ដ​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​កន្លង​មក នៅ​វត្ត​នគរ​បា​ជ័យ​ក្រៅ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ដែល​ជា​រមណីយដ្ឋាន​បុរាណ​មួ​​យ និង​បាន​បង្កើត​ភាព​សប្បាយ​រីករាយ ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​នៅ​តំបន់​ទេសចរណ៍​​មួយ​នេះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការ​បាត់បង់​ជីវិត​របស់​មិត្តភក្តិ​ម្នាក់​នេះ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​សោកស្ដាយ​រហូត​ដល់​នាំ​គ្នា​សម្រក់​ទឹកភ្នែក និង​បាន​ទៅ​ចូលរួម​បុណ្យសព​ដោយ​ក្តី​អាឡោះអាល័យ ហើយ​ក៏​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ​កើត​ជាតិ​ក្រោយ​ឱ្យ​មាន​អាយុ​វែង កុំ​ឲ្យ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ