ប្រាប់​បងស្រី​ថា​ទៅ​លេង​ផ្ទះ​ប្អូន​ លុះ​មួយសន្ទុះ ទទួល​ដំណឹង​ថា​បាត់បង់​ជីវិត


រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ​បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងស្រី រួច​ហើយ​ជន​រង​គ្រោះ​ក៏​ចេញពីផ្ទះ​បងស្រី ដោយ​ប្រាប់​ថា ទៅ​លេង​ផ្ទះ​ប្អូន​ម្នាក់​ទៀត តែ​មិន​បាន​បញ្ជាក់​ថា​នៅ​ទីណា​នោះ​ទេ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដួល​បែកក្បាល​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ពៅ រ៉​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ ផ្ទះ​លេខ​៥១ ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​សៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ព្រៃវែង ១H-៤៤៣១​។

តាម​ប្រភព​ព័ត៌មាន​ពី​បងស្រី​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ប្រាប់​គាត់​ថា មាន​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​ប្រពន្ធ​តិចតួច រួច​ក៏​ជិះ​ម៉ូតូ​មក​លេង​ផ្ទះ​គាត់​នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស និង​មានកម្ម​វិធី​ហូប​ចុក​តិចតួច​អស់​ជា​ច្រើន​ម៉ោង លុះ​ស្រវឹង​ស្រឿង​ៗ ជន​រង​គ្រោះ​ក៏​ចេញពីផ្ទះ​គាត់ ដោយ​ប្រាប់​ថា ទៅ​លេង​ផ្ទះ​ប្អូន​ម្នាក់​ទៀត តែ​មិន​បាន​បញ្ជាក់​ថា​នៅ​ទីណា​នោះ​ទេ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ពួក​គាត់​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដួល​បែកក្បាល​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក និង​កៀរ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​អូស​ជាង​២០​ម៉ែត្រ​ខូចខាត​តិចតួច ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​បន្ទាប់​ពី​កើតហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លី​នី​កឯក​ជន​ម​ក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​ហេតុ​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ​ជា​បណ្តោះអាសន្ន រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​បញ្ជាក់ នឹង​ប្រគល់​ជូន​សាច់ញាតិ​វិញ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ