រាជធានីភ្នំពេញ ៖ ទើបតែចាប់ផ្ដើមការប្រកួតជ្រើសរើសជើងឯក បាន២សប្ដាហ៍ប៉ុណ្ណោះ តែការប្រកួតជ្រើសរើសជើងឯក ក្នុងប្រភេទទម្ងន់៦៣.៥ ចាប់ផ្ដើមទទួលការចាប់អារម្មណ៍គួរអោយសរសើរ។
ការប្រកួតកីឡាប្រដាល់រវាង រឿង សារ័ត្ន និង សល់ ពិសិដ្ឋ នៅសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ គឺជាអ្វីដែលអ្នកទស្សនាយល់ឃើញបែបនេះ។ ម្នាក់ៗលើកឡើងថា សប្តាហ៍ទី២ ឆាកប្រយុទ្ធជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម រដូវកាលទី៧ ល្អមើល និងទាក់ទាញខ្លាំង។
បើទោះបីជាមានអ្នកចាញ់នាវិនាទីចុងក្រោយត្រឹមទឹកទី១ តែកម្រិតនៃការចាញ់ឃើញថាមានបច្ចេកទេសខ្ពស់ធ្វើឱ្យដៃគូឈ្នះ ពិបាកទប់ទល់បែកញើសម្តងៗ ។ អ្នកទស្សនាម្នាក់សរសើរថា គូដណ្តើមពានរង្វាន់សប្តាហ៍ទី២ ពិតជារំលេចក្បាច់គុណបានល្អរៀងៗខ្លួន។ នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដែលបានរៀបចំឡើង កាលពីល្ងាចថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ មុននេះ។
គូដណ្តើមពានកីឡាករ រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹក ប្រកួតជាមួយ កីឡាករ សល់ ពិសិដ្ឋ ក្លិបកុសលកីឡា។ អ្វីដែលមិននឹកស្មានដល់ រិន សារ័ត្នបានផ្តួលគូប្រកួត ឱ្យសន្លប់ត្រឹមទឹកទី១ បង្កឱ្យដៃគូមានការភ្ញាក់ផ្អើលបំផុត ហើយសារ័ត្នបានផ្តួលគូប្រកួតយតវ៉ាលែងចេញនៅពេលភ្លាត់ស្នៀត។
បើកការប្រកួតម្នាក់ៗបានផ្ចិតផ្ចង់តែម្តង គ្រប់វិធីបង្ហាញសុទ្ធតែស្តែងឱ្យឃើញយកជ័យជំនះទៅកាន់ជុំទី២រៀងៗខ្លួន។ វាយតបទៅតបមក សារ័ត្ន ដាល់ចុំគោលដៅ ទៅលើពិសិដ្ឋ ឱ្យដាច់ផ្ងារបាត់ជំហរតតាំងលែងរួច។ នេះជាជ័យជំនះមួយធ្វើឲ្យអ្នកចាញ់មិនអស់ចិត្តតែម្តង ព្រោះការតាំងចិត្តហ្វឹកហាត់តាំងពីដើមទីមកត្រូវរលត់ទៅបាត់ លឿនស្ទើរតែមិនជឿ ជាពិសេសបាត់ឱកាសដណ្តើមប្រាក់លាន។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ