រាជធានីភ្នំពេញ ៖ រឿងក្ដីគ្រូបង្រៀនលួចមើលនិងលួចថតរូបមនុស្សស្រីនៅក្នុងបន្ទប់ទឹក នៅស្ថានីយប្រេង PTT ក្បែររង្វង់មូលកួរស្រូវកាន់តែមានភាពក្ដៅគគុកខ្លាំងឡើងហើយបន្ទាប់ពីសំណុំរឿងមួយនេះធ្លាក់ដល់ដៃតុលាការនិងក្រោយពីមតិមហាជននានាបានរិះគន់ និងថ្កោលទោសថៅកែស្ថានីយប្រេងឥន្ធនៈខាងលើ ដែលបានប្រើអំពើហិង្សាវាយដំគ្រូបង្រៀនរូបនោះ និងចាប់ចងស្លាបសេកទាំងខ្លួនគ្មានសិទ្ធិធ្វើបែបនេះសោះនោះ គឺចាប់បានហើយមិនព្រមប្រគល់ឱ្យនគរបាលចាត់ការតាមច្បាប់ បែរជាវាយដំយ៉ាងទារុណទៅវិញ ។
ក្រោយពីរឿងរ៉ាវនេះផ្ទុះឡើងកាន់តែខ្លាំងនោះ ទីបំផុត លោក សារុន វិថូរ៉ាត់ ថៅកែស្ថានីយប្រេង PTT វិថូរ៉ាត់ រង្វង់មូលកួរស្រូវ ដែលបានប្រើអំពើហិង្សាវាយដំលោក អុឹម សេរីរដ្ឋ ដែលជាគ្រូបង្រៀនរហូតមានរបួសស្នាមកាលពីប៉ុន្មានថ្ងៃមុននោះ មកដល់ព្រឹកថ្ងៃទី២០ ខែធ្នូ បានត្រូវនគរបាលខណ្ឌដង្កោ សម្រេចឃាត់ខ្លួននាំទៅសាកសួរ ។
ការឃាត់ខ្លួននេះ គឺយោងតាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកលោក អុឹម សេរីរដ្ឋ ជាគ្រូបង្រៀននៅខេត្តតាកែវដែលទទួលរង
ការវាយដំ និងត្រូវចោទប្រកាន់ថា បានលួចមើលនិងលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹកនៃស្ថានីយប្រេងឥន្ធនៈខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនដែរ យោងតាមដីកាឲ្យនាំខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងថ្ងៃជាមួយគ្នានោះ ។
សូមរំឭកថា កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបន្ទប់ទឹកស្ថានីយប្រេងឥន្ធនៈ PTT ស្ថិតនៅខាងត្បូងរង្វង់មូលកួរស្រូវ ឬរង្វង់មូលដីក្រហម តាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអំពើហិង្សាមួយកើតឡើង ដោយលោក អុឹម សេរីរដ្ឋ ដែលជាគ្រូបង្រៀន បានជាប់ចោទថាបានលួចមើលនិងលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹកស្ថានីយប្រេងខាងលើ ។ ខណៈនោះត្រូវបានថៅកែនិងកូនចៅនៅស្ថានីយប្រេងនោះចាប់
ចងស្លាបសេកនិងវាយ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រួចថតវីដេអូ ព្រមទាំងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថែមទៀត ។
នៅក្នុងវីដេអូ លោក សារុន វិថូរ៉ាត់ ដែលគេស្គាល់ថាជាកូនប្រុសលោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលតាកែវនោះ បានចោទប្រកាន់គ្រូបង្រៀនរូបនេះថា មានគេជួលមកដើម្បីអុកឡុកស្ថានីយប្រេងឥន្ធនៈរបស់លោក ។ នៅក្នុងរូបភាពវីដេអូជិត២នាទីដែលបានថតនោះ ម្ចាស់ស្ថានីយប្រេងខាងលើ បានលុតជង្គង់លើកដៃសំពះក្បែរជនសង្ស័យដែលអង្គុយក្បែរនោះដោយដៃជាប់ចំណងស្លាបសេក និងមានកូនចៅរបស់លោកចាប់បោចសក់លោកអុឹម សេរីរដ្ឋផងនោះ បាននិយាយថា «ហើយបងប្អូនដឹងហើយពីទឹកចិត្តនិងមនុស្សខ្ញុំយ៉ាងម៉េច អ្វីគឺសៗ អ្វីគឺខ្មៅៗ អ្វីគឺសុចរិតៗ អ្វីគឺទុច្ចរិតៗ យីងគឺយីងយ៉ាងគឺយ៉ាង ។
តែថ្ងៃនេះខ្ញុំសូមអំពាវនាវប្រាប់បងប្អូននិងប្រជាពលរដ្ឋឲ្យដឹងច្បាស់ថា ម្នាក់នេះជាជនពាលនិងមានអ្នកជួលពីក្រោយ ដើម្បីឲ្យគាត់មកអុកឡុកកន្លែងបន្ទប់ទឹកស្អាតស្ថានីយ វិថូរ៉ាត់ PTT នៅរង្វង់មូលកួរស្រូវផ្លូវជាតិលេខ២ ។ គាត់មកកន្លែងនេះធ្វើសកម្មភាពដូចជា រត់ចូលបន្ទប់ទឹកស្រី ឱនចូលមើលបន្ទប់ទឹកស្រីមើលមនុស្សស្រីធ្វើសកម្មភាពអ្វី និងមានបំណងចង់ប្លន់មនុស្សស្រី និងមានបំណងចង់មើលប្រដាប់ភេទស្រី ។ អុីចឹងខ្ញុំក៏សម្រេចចិត្តបង្ហោះវីដេអូ១ឃ្លីបនេះ និងរូបភាពដទៃៗទៀត ដែលបុគ្គលិកស្ថានីយវិថូរ៉ាត់ PTT បានចាប់បាននិងអ្នកជិតខាងបានវាយគាត់ ។ អុីចឹងខ្ញុំក៏សម្រេច ចិត្តបង្ហោះរូបភាពនេះ និងបញ្ជូនគាត់ទៅឲ្យប៉ូលិសនិងច្បាប់ជាអ្នកដោះស្រាយ» ។
ក្រោយពីទទួលរងការចោទប្រកាន់និងវាយដំបណ្ដាលឲ្យរងរបួសនោះ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រូបង្រៀនរូបនេះក៏បានបង្ហោះសារស្រាយបំភ្លឺ និងបដិសេធរាល់ការចោទប្រកាន់ទាំងឡាយខាងលើចំពោះរូបលោក ហើយក៏សម្ដែងការឈឺចាប់បំផុត ចំពោះរាល់ការប្រើអំពើហិង្សានិងបានអះអាងថា អ្នកដែលវាយដំរូបលោកយ៉ាងសាហាវនោះគឺជាក្រុមកូនចៅម្ចាស់ស្ថានីយសាំងទាំងអស់ មិនមែនអ្នកជិតខាងឡើយ ។ មិនតែប៉ុណ្ណោះ បុរសជាប់ចោទរូបនេះនិយាយថា បើសិនជាលោកបានប្រព្រឹត្តខុសដូចការចោទនេះមែន ក៏គួរតែថៅកែនេះឃាត់ខ្លួនលោក ហើយបញ្ជូនឲ្យនគរបាលធ្វើការ មិនគួរចាប់ចងវាយដូចសត្វធាតុបែបនេះទេ ព្រោះប្រទេសមានច្បាប់ ។
គ្រូបង្រៀនរូបនេះបានបង្ហោះសារនៅលើប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកដែលមានអាខោនឈ្មោះ «Em Sereyrath MA» អមដោយរូប ភាពក្នុងពេលលោកបង្រៀនសិស្ស រូបភាពរបួស ស្នាមដិតដាមដោយឈាម និងការចាប់ក្រៀកលោកចងដៃស្លាបសេកដោយបុគ្គលិកស្ថានីយប្រេង PTT រង្វង់មូលកួរស្រូវ ព្រមទាំងបង្ហោះព្រះរាជក្រឹត្យព្រះមហាក្សត្រនិងអនុក្រឹត្យរាជរដ្ឋាភិបាល តែងតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការ និងសំបុតពេទ្យផងដែរថា ៖ «ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ ! សូមរំឭក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៨ យប់ ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ(តាកែវ) ។
លុះមកដល់ចំណុចកួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៏ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៏រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា រ៉ែងធ្វើអី ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៏មិនមែនថ្ងៃទី១៦ ធ្នូដែរ) ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ» ។
«ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសម្លុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុកទេ ហើយក៏គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ ។ ទីបំផុត ប៉ូលិសបានមកដល់ ។ សូមបញ្ជាក់ថា បើប៉ូលិសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់ ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណជនស្តាប់តែម្ខាងៗ ។
ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ៖
១-បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលិស ព្រោះប្រទេសមានច្បាប់ ។
២-ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ)ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
៣-ខ្ញុំជាមន្ត្រីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្ត្រីរបស់សម្តេច ស្មើនឹងបំពានសម្តេច ។
៤-ខ្ញុំជាមន្ត្រីអប់រំដែលតែងតាំងដោយព្រះ រាជក្រឹត្យ ឡាយព្រះហស្តលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ ។
៥-ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៏ដោយសារគ្រូបង្រៀនដែរ ។ *សូមបងប្អូនគិតពិចារណាតាមការគួរ ។ សូមអរគុណ ! »។
ព័ត៌មានចុងក្រោយ
លោក គុជ គឹមឡុង អ្នកនាំពាក្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃដដែលថា សម្រាប់លោក អុឹម សេរីរដ្ឋ ដែលត្រូវចោទប្រកាន់ថាបានចូលបន្ទប់ទឹកស្រីលួចថតហើយត្រូវបានចាប់វាយដំនោះ ខាងព្រះរាជអាជ្ញារកឃើញថា អត់មានតម្រុយឬភ័ស្តុតាងពីការប៉ងលួចថតស្រីៗក្នុងបន្ទប់ទឹកនោះទេ និងមិនមានបទល្មើសត្រូវបានអនុញ្ញាតឱ្យទៅផ្ទះវិញ ។ ចំណែកថៅកែស្ថានីយប្រេងលោក សារុន វិថូរ៉ាត់ និងគូកនត្រូវបានរកឃើញពីបទល្មើសហិង្សាដោយចេតនា ត្រូវបានចោទនិងដាក់ទៅចៅក្រមដើម្បីសម្រេចថា ឃុំខ្លួនឬមិនឃុំជាមួយគូកនឯទៀត ។ ថៅកែស្ថានីយប្រេងនេះ ត្រូវបានតំណាងអយ្យការផ្ញើទៅសមត្ថកិច្ចដើម្បីបន្តនីតិវិធីថ្ងៃនេះទៀត ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ