រាជធានីភ្នំពេញ ៖ ស្ថិតក្នុងរយៈពេលជាងមួយខែចុងក្រោយនេះគេសង្កេតឃើញប្រជាកសិករស្ទើគ្រប់តំបន់បាននឹងកំពុងធ្វើការប្រមូលផលស្រូវរបស់ខ្លួនជាបន្តបន្ទាប់ទាំងប្រភេទស្រូវអង្ករធម្មតានិងស្រូវជាអង្ករក្រអូប ។ ទន្ទឹមនឹងការប្រមូលផលស្រូវនេះផងដែរ គេដឹងថាក្នុងបរិមាណស្រូវក្នុងស្រុកមួយចំនួនឈ្មួញទិញពីប្រជាកសិករទុកសម្រាប់ធ្វើការកែច្នៃនាំចេញនៅគ្រាបន្ទាប់ ហើយមួយចំនួនផ្សេងទៀតគឺហូរចេញទៅវៀតណាមទាំងក្នុងក្របខណ្ឌផ្លូវការនិងក្រៅផ្លូវការ។
ជាក់ស្តែងក្នុងកំឡុងឆ្នាំ២០១៩នេះស្រូវនាំចេញទៅវៀតណាមក្រៅផ្លូវការមានជិត២លានតោន ខណៈពេលបញ្ហាប្រឈមស្ថិតក្នុងវិស័យកសិកម្មនេះនៅតែជាបញ្ហាចោទនៅឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហើបឱ្យដឹងថាក្នុងសន្និបាតបូកសរុបការងារលទ្ធផលឆ្នាំ២០១៩និងលើកទិសដៅការងារបន្តរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៨ធ្នូ២០១៩ទៅនេះបានបង្ហើបឱ្យដឹងថ ក្នុងរយៈពេលជិតមួយពេញក្នុងឆ្នាំ២០១៩នេះស្រូវបាននាំចេញទៅវៀតណាមក្រៅផ្លូវការមានជិត២លានតោន ឆ្លងកាត់តាមច្រកទ្វារស្ថិតនៅតាមខេត្តចំនួនភាគខាងត្បូងនៃប្រទេស។
លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា តួលេខក្រៅផ្លូវការគឺជាតួលេខដែលយើងមិនបានកត់ត្រានៅក្នុងបញ្ជីនៃការនាំចេញ ។ ស្ថិតនៅក្នុងរយៈពេល១១ខែ និង១២ថ្ងៃ នៃខែធ្នូឆ្នាំ២០១៩នេះ ស្រូវដែលបាននាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាមគឺមានចំនួនប្រហែល១,៩លានតោន ហើយបរិមាណស្រូវទាំងនេះគឺនាំចេញនៅតាមច្រកទា្វនៃខេត្តចំនួន៥ មានខេត្តកំពត, កណ្តាល, ព្រៃវែង, ស្វាយរៀង និងខេត្តតាកែវ។បើតាមមន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា ការដាក់បង្ហាញនូវតួលេខនាំចេញស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាមពេលនេះ គឺចង់ឱ្យក្រសួងពាក់ព័ន្ធមានវិធានការសម្រាប់ដោះស្រាយ ស្របពេលដែលវិស័យកសិកម្មនូវជួបប្រទះបញ្ហាប្រឈម។
លោក ចាន់ចេស្តា មានប្រសាសន៍ថាទន្ទឹមនឹងការអនុវត្តន៍សម្រេចបាននាពេលកន្លងមក វិស័យកសិកម្មនៅមានបញ្ហាប្រឈមដូចជា លទ្ធភាពនៅមានកម្រិត, គុណភាពទាបនៃធាតុចូលកសិកម្ម, ការផ្គត់ផ្គង់ខ្សែសង្វាក់ផលិផលមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, យន្តការសម្របសម្រួលការនាំចេញនៅមិនទាន់មានភាពប្រទាក់ក្រឡា, ការផ្សព្វផ្សាយបច្ចេកទេសថ្មីទៅដល់សហគមន៍ឆ្ងាយៗនៅមានកម្រិត, កង្វះយន្តការផ្សារភ្ជាប់ទីផ្សារជាមួយនិងផែនការដាំដុះនិងការប្រមូលផល, ការនាំចូលកសិផលដែលមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ពិសេសប្រព័ន្ធអនាម័យនិងភូតគាមអនាម័យមិនទាន់រឹងមាំ, កង្វះយន្តការផ្តល់ព័ត៌មានទីផ្សារដែលផ្សារភ្ជាប់និងផែនការដាំដុះនិងការប្រមូលផល, ការកំណត់តំបន់ដាំដុះតម្រូវតាមសក្តានុពលដី, កង្វះហេដ្ឋារចនាសម្ព័ន្ធ, តម្លៃអគ្គិសនី, ប្រព័ន្ធស្រោចស្រពមិនទាន់គ្របដណ្តប់លើផ្ទៃដីដាំដុះឱ្យបានទូលំទូលាយនៅឡើយ។ ម្យ៉ាងទៀតប្រព័ន្ធកសិកម្មនៅកម្ពុជាភាគច្រើនគឺជាប្រព័ន្ធកសិកម្មខ្នាតតូចដែលតែងទទួលរងផលប៉ះពាល់ជាអវេជ្ជមានពីបាតុភូតធម្មជាតិពីការប្រែប្រួលអាកាសធាតុហើយការដាំដុះរបស់ប្រជាកសិករមួយចំនួននៅពឹងផ្អែកលើទឹកភ្លៀងជាដើម។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះបានគូសបញ្ជាក់ថា «ក្នុងស្ថានភាពនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះជាមួយអន្តរស្ថាប័ន ក្រសួងពាក់ព័ន្ធទាំងអស់ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន»។ ទន្ទឹមការនាំចេញស្រូវទាំងផ្លូវការនិងមិនផ្លូវការ ក៏ដូចជាបញ្ហាប្រឈមត្រូវបានបង្ហាញ ស្ថិតនៅក្នុងរយៈពេល១១ខែ១២ថ្ងៃនៃឆ្នាំ២០១៩ដូចគ្នានេះដែរ បើតាម លោក ចាន់ចេស្តា ថាកសិផលរបស់កម្ពុជាបាននាំចេញ អង្ករបានជាង៥,៤សែនតោនក្នុងនោះនាំចេញទៅចិន៤២,៦៥%, អឺរ៉ុប៣៥,៦២%, ប្រទេសនៅក្នុងតំបន់មានជាង១៣,៤៧%និងទៅប្រទេសផ្សេងទៀតមាន១៣,៧១%។
ចំណិតដំឡូងមីគ្រៀង១,៣លានតោននាំចេញទៅប្រទេសថៃនិងវៀតណាម,ដំឡូងមីស្រស់១,៣៥លានតោននាំទៅថៃនិងវៀតណាម។ម្ស៉ៅដំឡូងមីជាង៥,៤ម៉ឺនតោន នាំចេញទៅវៀតណាម ចិន,ហូឡង់, ឆេកូ, កាណាដា, អីតាលីនិងឥណ្ឌា, គ្រាប់ស្វាយចន្ទី ប្រមាណ១,៦៩សែនតោន នាំចេញទៅវៀតណាម រុស្សី កូរ៉េ ចិន ពេរ៉ូ,អារ៉ាប៊ីសាអ៊ូឌិត មីយ៉ាន់ម៉ា ,ឥណ្ឌា, អូស្ត្រាលី, តៃវ៉ា់ន់, សឹង្ហបុរី និងម៉ាឡេស៊ី។គ្រាប់ពោត១,១សែនតោននាំចេញទៅវៀតណាម,ថៃនិង តៃវ៉ាន់។ សណ្តែសៀង៥,៦ម៉ឺនតោននាំចេញទៅថៃនិងវៀតណាម។ចេកមាន១,៤សែនតោននាំទៅ វៀតណាម, ចិននិងជប៉ុន។ ផ្លែស្វាយ៤,៦ម៉ឺនតោននាំទៅវៀតណាម ថៃ សឹង្ហបុរី បារាំង និងរុស្សី។ម្រេច៣.៥៧៥តោននាំទៅវៀតណាម,បារាំង,អាល្លឺម៉ង់,ឆេកូ,អង់គ្លេស,ជប៉ុន និងសឹង្ហបុរី។បន្ថែគ្រប់មុខ១៦៨តោននាំទៅបារាំង ឆេកូ អង់គ្លេស និងណូវេលសេឡង់ និងដំណាំផ្សេងទៀតប្រមាណ២,៦សែនតោន៕
ចែករំលែកព័តមាននេះ