ខេត្តបាត់ដំបង ៖ សាលាខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៥ ខែធ្នូ នេះថា សុំផ្អាកការឆ្លងកាត់ សុំរុះរើ សុំជួសជុល កែលម្អ លើកកម្ពស់ឲ្យទឹកហូរ ដោយប្រើវិធីជួសជុលដូចដើម បើមិនវាយចោល ឬជួសជុលកែលម្អរទេ គឺវានឹងបាក់ពុកផុយមានគ្រោះថ្នាក់ ព្រោះអាយុស៊ីម៉ងត៍មានតែ១០៣ឆ្នាំហើយ គឺកសាងពីឆ្នាំ១៩១៦ ដល់ឆ្នាំ២០១៩ សព្វថ្ងៃនេះ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបដិសេធសំណើរ រដ្ឋបាលបាត់ដំបងក្នុងការស្នើសុំវាយកម្ទេចស្ពានថ្មមួយកន្លែងដែលមានទីតាំងស្ថិតនៅមុខសាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈស្ពាននេះមានអាយុកាលចំណាស់ជាង១០០ឆ្នាំ និងត្រូវបានកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង ។ ក្នុងលិខិតផ្ញើជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ក្រសួងវប្បធម៌បានស្នើសុំអ្នកជំនាញពិនិត្យលើសំណើសុំរុះរើស្ពានសម័យបារាំង ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ។
ក្នុងលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌បានបានសរសេរថា រដ្ឋបាលខេត្តបាត់ដំបងពុំគួររុះរើស្ពានថ្មចាស់សម័យបារាំងនោះទេ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាងគេ ជាប់ជាសំណង់បេតិកភណ្ឌក្នុងទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបងនេះ ។
ក្នុងនោះដែរ លោក ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានបញ្ជាក់ថា សម្តេចក្រឡាហោមគ្មានគំរោងវាយស្ពានថ្មចាស់ដែលទ្រុឌទ្រោមនោះទេ យើងនឹងអភិរក្សជាបេតិកភ័ណ្ឌជាតិ ។
ដើម្បីសម្រួលចរាចរណ៍ដែលចាប់ផ្តើមកកស្ទះម្តងម្កាលនៅក្នុងក្រុងបាត់ដំបងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឲ្យជំនាញសហការជាមួយរដ្ឋបាលខេត្តរកប្រភពថវិកា ដើម្បីសាងសង់ស្ពានមួយទៀតជិតគ្នា ។ ល្ងាចថ្ងៃទី១៩ ខែធ្នូកន្លងមក រដ្ឋបាលខេត្តបាត់ដំបងបានធ្វើសេចក្តីជូនដំណឹងបន្ថែមស្តីពីការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើងដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង ។
ចំពោះមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុលថែទាំស្ពានថ្មចាស់នេះ ។ មួយវិញទៀតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវសប្បុរសជនក្នុងស្រុករបស់យើងក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត នៅក្បែរស្ពានថ្មចាស់ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បីជួយសម្រួលការចរាចរណ៍ទាំងការដឹកជញ្ជូន និងការធ្វើដំណើរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ