ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​ជិត​៥​ម៉ឺន​ហិ​កតា​ក្នុង​ដែន​ជម្រក​ចំនួន​៣​ប្រគល់​ទៅ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ការ​ពារ​ថែរក្សា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​ជិត​៥​ម៉ឺន​ហិ​កតា​ក្នុង​ដែន​ជម្រក​ចំនួន​៣ ដែនជម្រកសត្វព្រៃ​ស្រែ​ពក​, ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី ការពារ​ថែរក្សា និង​អាស្រ័យ​ផល​ពី​ធម្មជាតិ តាម​ប្រពៃណី​ដូនតា…

ខេត្តមណ្ឌលគិរី ៖ ដី​ព្រៃ​ជិត​៥​ម៉ឺន​ហិ​កតា​ក្នុង​ដែន​ជម្រក​ចំនួន​៣ ដែនជម្រកសត្វព្រៃ​ស្រែ​ពក​, ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី ការពារ​ថែរក្សា និង​អាស្រ័យ​ផល​ពី​ធម្មជាតិ តាម​ប្រពៃណី​ដូនតា ថែម​ទាំង​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ខេត្ត មន្ទីរ​បរិស្ថាន និង​អង្គការ WWF អង្គការ​WCS ដោយ​គាំ​ទ្រាំ​ផ្ដល់ ទាំង​ផ្នែក​សម្ភារៈ​បច្ចេកទេស ព្រមទាំង​ថវិកា​ផង​ដែរ ។

លោក តើន ឡឺ​ប ជា​តំណាង​សហគមន៍​១​ក្នុង​ចំណោម​សហគមន៍​ទាំង​១២​បាន​លើក​ឡើង​ថា លោក​ពិតជា​ត្រេកអរ ដែល​ក្រសួងបរិស្ថាន​បាន​ផ្ដល់​សិទ្ធ​គ្រប់គ្រាន់​ឲ្យ​ប្រជា​សហគមន៍​មាន​អត្ថិភាព​គ្រប់គ្រង​ថែរក្សា អាស្រ័យ​ផល និង​បង្ក្រាប​បទល្មើស ធម្មជាតិ​ក្នុង​សហគមន៍​របស់​ខ្លួន ក្រោម​ការ​ទំនុកបម្រុង​ពី​សំណាក់​អាជ្ញាធរ និង​អង្គការ​ដៃគូ ។ លោក​បន្ត​ថា សហគមន៍​ទូ​លូ​ង​របស់ លោក ស្ថិត​ក្នុង​ឃុំ​ក្រង​តេះ ស្រុក​ពេ​ជ្រា​ដា មាន​ទំហំ​ផ្ទៃដី​ជាង​៧​ពាន់​ហិ​កតា និង​មាន​សមាជិក​ជាង​៣០០​នាក់ ក្នុង​ព្រៃ​សហគមន៍ មាន​សត្វព្រៃ​នៅ​ច្រើន​ប្រភេទ ចំណែក​ព្រៃឈើ​វិញ​គឺ​សំបូរ​បែប​ច្រើន​ប្រភេទ​រាប់​មិន​អស់នោះ​ទេ ។ លោក​បន្ថែម​ថា ក្នុង​ពិធី​ប្រគល់ ព្រៃ​សហគមន៍​នេះ​ដែរ ក្នុង​នាម​ជនជាតិ​ដើម​ភាគតិច​ព្នង​ក៏​បាន​រៀបចំ​សែនព្រេន​តាម​ប្រពៃណី​ជូន​ដូនតា ដើម្បី​ឲ្យ​អារក្សអ្នកតា ម្ចាស់​ព្រៃ​បន្ត​ជួយ​ថែរក្សា និង​ជឿជាក់​ថា​ការ​សែន​ព្រេ​ន​បែប​នេះ​អាច​ធ្វើ​អ្នក​ចង់​ប្រព្រឹត្ត​បទល្មើស​ក្នុង​ព្រៃ​មាន​អារម្មណ៍​ខ្លាចញញើត​។

លោក សេង ទៀក នាយក​អង្គការ WWF នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហគមន៍​ទាំង​១២​ដែល​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​មាន​ផ្ទៃដី​សរុប​ប្រមាណ​៤.៥០០០​ហិ​កតា ការ​ផ្ដល់​ជូន​នេះ​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ថែរក្សា​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​ឲ្យ​បាន​គង់វង្ស ជាង​នេះ​ទៀត ហើយ​សហគមន៍​នីមួយ​ៗ​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ពី​សហគមន៍​របស់​ខ្លួន ។

លោក ឈឹ​ម កាន អភិបាលរង​ខេត្តមណ្ឌលគិរី​លើក​ឡើង​ដែរ​ថា កន្លង​មក​ធនធានធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី​បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ ព្រោះតែ​ការ​កាប់​ព្រៃឈើ បរបាញ់​ដាក់​អន្ទាក់​សត្វព្រៃ និង​ការ​រុករក​រ៉ែ​ខុសច្បាប់ ព្រោះតែ​មន្ត្រី​ល្បាត​ព្រៃ​នៅ​មាន​ចំនួន​តិច​នៅឡើយ ។ លោក​សង្ឃឹមថា ក្រោយ​សហគមន៍​ទាំង​១២​ទទួល​បាន​សិទ្ធិ​ពេញលេញ​សម្រាប់​អភិរក្ស​ធម្មជាតិ​ហើយ​នោះ នឹង​អាច​រួម​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ការពារ​ធនធានធម្មជាតិ​ក្នុង​ព្រៃ​បាន​យ៉ាង​ល្អ ។

លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ដែរ​ថា ការ​ថែទាំ​ព្រៃ​ប្រឹក្សា​ធម្មជាតិ​ក្នុង​ព្រៃ​គឺ​ជនជាតិ​ដើម​ភាគ តិច​ជា​ម្ចាស់​ទឹកដី មានបទពិសោធន៍​ល្អ​ជាង​មន្ត្រី​ជំនាញ​ទៅ​ទៀត លោក​ជំទាវ​សូម​កោតសរសើរ​ចំពោះ​ស្នាដៃ​កន្លង​មក ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រួមចំណែក​ក្នុង​ការ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ជាមួយ​មន្ត្រី​ជំនាញ ។

ពិធី​ប្រគល់​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​រាប់​ម៉ឺន​ហិ​កតា ជូន​ដល់​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តមណ្ឌល​គិរី​នេះ​បាន​ធ្វើ​ឡើង​នៅ​ឡើង​ស្រុក​កោះ​ញែក កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៩ និង​មានការ​បែងចែក​តំបន់​ទាំងនោះ​ជា​១២​សហគមន៍​ផ្សេង​គ្នា មានការ​គ្រប់គ្រង​តាម​សហគមន៍​នីមួយ​ៗ​រៀង​ៗ​ខ្លួន ។ សហគមន៍​ការពារ​ធម្មជាតិ​ទាំង​១២ ក៏​ទទួល​បាន​សម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​ល្បាត​ព្រៃ​ដូច​មន្ត្រី ឧ​ទ្យា​នុ​រក្ស​ដែរ និង​ជំនួញ​ថវិកា​ជា​ច្រើន​ពី​សំណាក់​អង្គការ​ដៃគូ ដោយ​សហគមន៍​នីមួយ​ៗ​ទទួល​បាន​ជំនួញ​ថវិកា​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លា​រៀង​រាល់​ឆ្នាំ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ