ខេត្តកំពត ៖ ដោយមើលឃើញពីការខិតខំរបស់ប្រជាសហគមន៍ និងភាពខ្វះខាតក្នុងសហគមន៍ទេសចរណ៍ត្រពាំងសង្កែ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រួមជាមួយលោក ជាវ តាយ អភិបាលខេត្តកំពតបានឯកភាពគ្នាកសាងផ្លូវមួយខ្សែប្រវែងប្រមាណ ៤០០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៣៣ (កំពត-កែប) ចូលទៅកាន់សហគមន៍នេះក្នុងគម្រោងថវិកាប្រមាណ៧ម៉ឺនដុល្លារ នាពេលឆាប់ៗខាងមុខនេះ ។
ការសន្យាខាងលើនេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ ទេសចរណ៍ត្រពាំងសង្កែ នារសៀលថ្ងៃទី១៩ ខែធ្នូនេះ នៅទីស្នាក់ការសហគមន៍ផ្ទាល់ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។
ប្រជាសហគមន៍បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្នុងការកសាងផ្លូវមួយខ្សែនោះ ហើយក៏បានប្ដេជ្ញាខិតខំថែរក្សា និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែមានភាពទាក់ទាញបន្ថែម និងមាននិរន្តរភាព ។
លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែបានលើកឡើងថា នៅក្នុង សហគមន៍មានបម្រើសេវាកម្មទេសចរណ៍មួយចំនួនដូចជា ជិះទូកកាណូតទស្សនាព្រៃ កោងកាងតាមព្រែកត្រពាំងសង្កែ មានបម្រើសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេស គឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ ។
ទេសភាពព្រៃកោងកាងនៅទីនោះ ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែនដែលភ្ញៀវទេសចរពិតជាមិនខកចិត្តឡើយក្នុងការទៅទស្សនា ។ លោកប្រធានសហគមន៍រូបនោះបានបន្តថា ក្រៅពីចូលរួមក្នុងសកម្មភាពទេសចរណ៍ សហគមន៍ទេសចរណ៍នេះក៏ជាជម្រកព្រៃកោងកាងចុងក្រោយ និងសំខាន់បំផុតក្នុងខេត្តកំពតផងដែរ ដែលនាពេលបច្ចុប្បន្ន សហគមន៍បាន និងកំពុងខិតខំអភិរក្ស និងដាំកូនកោងកាងឡើងវិញនៅលើទឹកដីរបស់សហគមន៍ ។
លោក ស៊ឹម ហៀម បានបញ្ជាក់ថា ព្រៃកោងកាង គឺជាគម្របកាបូនដ៏សំខាន់មិនចាញ់ព្រៃឈើក្នុងតំបន់ធំៗនៅកន្លែងដទៃឡើយ ប៉ុន្តែប្រជាជនភាគច្រើនមិនបានយល់ពីសារប្រយោជន៍របស់វាដោយលោកអះអាងថា ដល់ថ្នាក់មានស្ថាប័នបរិស្ថានអន្តរជាតិមួយចំនួន ក៏បានមកដល់ទីនេះ និងមានការទទូចសុំឱ្យបង្កើនផ្ទៃដីដាំដុះព្រៃកោងកាងនេះឱ្យបានកាន់តែធំព្រោះវាផ្ដល់អត្ថប្រយោជន៍យយ៉ាងច្រើនដល់បរិស្ថាន ។
នាឱកាសនោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យប្រជាសហគមន៍បង្កើនការដាំដុះកូន កោងកាងនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែករក្សាស្ថិរភាពបរិស្ថានស្ថិរភាព គម្របកាបូន អភិរក្សព្រៃកម្ររបស់ជាតិ បង្កើនមច្ឆាជាតិ ក្នុងសមុទ្រ បង្កើនផលនេសាទ ពិសេស គឺដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន និងឱ្យពួកគេបានមើលឃើញអំពីព្រៃកោងកាងកម្ពុជាផ្ទាល់តែម្ដង ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ