ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ភ្នំ​ស្តេច​សោយ​ដោះ» ប្រវត្តិ​ព្រឺព្រួច​កើតឡើង​ដោយសារ​ព្រះ​ក្រយា​ស្តេច​១​អង្គ

4 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ភ្នំ​គី​រី​វ​ង្គ​ត់ ឬ «​ភ្នំ​ស្តេច​ស៊ី​ដោះ​» គឺជា​ភ្នំ​មួយ​ស្ថិត​ជាប់​ពី​ខាងក្រោយ​សាលាស្រុក​ជល​គី​រី ភ្នំ​នេះ​ស្ថិត​ក្នុងភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី នៅ​លើ​កំពូលភ្នំ​ស្តេច​ស៊ី​ដោះ​ក៏​មាន​ប្រាង្គ​ប្រសាទ​មួយ​ដែរ​ដែល​កសាង​ឡើង​ដោយ​ស្ដេច​មួយ​អង្គ​ព្រះ​នាម…

ខេត្តកំពង់ឆ្នាំង ៖ ភ្នំ​គី​រី​វ​ង្គ​ត់ ឬ «​ភ្នំ​ស្តេច​ស៊ី​ដោះ​» គឺជា​ភ្នំ​មួយ​ស្ថិត​ជាប់​ពី​ខាងក្រោយ​សាលាស្រុក​ជល​គី​រី ភ្នំ​នេះ​ស្ថិត​ក្នុងភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី នៅ​លើ​កំពូលភ្នំ​ស្តេច​ស៊ី​ដោះ​ក៏​មាន​ប្រាង្គ​ប្រសាទ​មួយ​ដែរ​ដែល​កសាង​ឡើង​ដោយ​ស្ដេច​មួយ​អង្គ​ព្រះ​នាម ព្រះ​ពោធិ៍​សោម ។

ទាក់ទង​ដល់​ប្រវត្តិសាស្ត្រ​ដែល​បាន​ប្រែក្លាយ​ឈ្មោះ «​ភ្នំ​គី​រី​វ​ង្គ​ត់​» មក​ជា »​ភ្នំ​ស្តេច​ស៊ី​ដោះ​« ខាងលើ​នេះ​យោង​តាម​ឯកសារ​ចងក្រង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ក៏​ដូច​ជា​ការ​និទាន​ត​ៗ​គ្នា​នៅ​ក្នុងស្រុក​ជល​គី​រី​បាន​លើក​ឡើង​ថា ៖ កាលពីដើម​ឡើយ​មាន​ស្ដេច​មួយ​អង្គ​ព្រះ​នាម ព្រះ​ពោធិ៍​សោម បាន​ភៀសខ្លួន​ពី​អង្គរវត្ត មក​លាក់ខ្លួន​នៅ​លើ​ភ្នំ គិរី​វ​ង្គ​ត់ ក្នុងស្រុក​ជល​គី​រី​នេះ ។ កាលនោះ​ព្រះ​អង្គ​បាន​កែន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នេះ​ឲ្យ​ជីកដី​រូង​ចំនួន​ពីរ​នៅ​លើ​កំពូលភ្នំ​ដើម្បី​សាងសង់​ប្រាសាទ​ពីលើ​រូង​ទាំង​២​នេះ​ដើម្បី​ព្រះ​អង្គ​លាក់ខ្លួន ដោយ​រូង​ប្រាសាទ​ខាងកើត​ឈ្មោះ «​ប្រាសាទ​ប្រុស​» និង​រូង​ប្រាសាទ​ខាងលិច​ឈ្មោះ​«​ប្រាសាទ​ស្រី​» ។

ស្តេច ព្រះ​ពោធិ៍​សោម មាន​ព្រានព្រៃ​ម្នាក់​ឈ្មោះ ស៊ី​កា ជា​អ្នក​បរបាញ់​សត្វព្រៃ​យក​សាច់​ធ្វើ​ព្រះ​ក្រយា​ថ្វាយ​ស្ដេច​សោយ​ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំដែល​អាក់ខាន​ម្តងណា​ឡើយ ។ នៅ​ថ្ងៃមួយ​នោះ​នៅ​ពេល​ដែល​ព្រានព្រៃ​បាញ់​បាន​សត្វ​បាន​មួយ​ក្បាល​ទុក​ប្រហែស​ត្រូវ​សត្វ​ឆ្កែ​លួច​អូស​យក​ទៅ​ស៊ី​បាត់ ។ ពេល​នោះ​ព្រានព្រៃ ឈ្មោះ ស៊ី​កា ភ័យ​ខ្លាច​មានទោស​ក៏​ចេញ​បរបាញ់​សត្វ​មួយ​សារ​ទៀត តែ​រក​សត្វ​បាញ់​មិន​បាន​សោះ​ហើយ​ក៏​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ក្រមុំ​ម្នាក់​ដែល​ទើបនឹង​ស្លាប់​ហើយ​ត្រូវ​បាន​សត្វ​សាហាវ​ក្នុង​ព្រៃ​ខាំ​ហែក​ស៊ី​ស្ទើរ​គ្មាន​សល់ ។ កាលនោះ​ព្រានព្រៃ​សម្លឹង​ឃើញ​ត្រង់​សុដន់​សព​ស្ត្រី​នោះ​នៅ​មាន​សាច់​ល្អ ព្រាន​ក៏​សម្រេច​ចិត្តជា​កន្សោមដោះ​របស់​សព​ស្ត្រី​នោះ​យក​ទៅ​ធ្វើ​ជា​ព្រះ​ក្រយា​ថ្វាយ​ស្ដេច​សោយ​តែ​ម្តង ។

ស្ដេច​ក្រោយ​ពី​បាន​សោយ​ព្រះ​ក្រយា​នោះ​ហើយ​ក៏​មាន​អារម្មណ៍​ងឿងឆ្ងល់​ថា វា​ជា​សាច់​អ្វី? ហេតុ​អ្វី​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ម្ល៉េះ? ហើយ​ទ្រង់​ក៏​បាន​សួរ​ទៅ​ព្រាន​ឈ្មោះ ស៊ី​កា នោះ​ថា ៖ «​តើ​សាច់សត្វ​អ្វី បានជា​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី​សាច់សត្វ​រាល់ដង?​» ។ ខណៈនោះ​ព្រាន​មិន​ហ៊ាន​ទូល​ថ្វាយ​ការ​ពិត​ទេ ដោយ​គិត​ថា បើ​ខ្លួន​ទូល​ការ​ពិត​ទៅ​ទ្រង់​នឹង​យកទោស​ខ្លួន​ជាក់​ជា​មិន​ខាន​ឡើយ ដោយសារ​ព្រាន ស៊ី​កា មិន​ព្រម​ឆ្លើយ​តាម​ត្រង់ ស្តេច​ក៏​ខ្ញាល់​បញ្ជា​ពិឃាត​យក ស៊ី​កា ទៅ​សម្លាប់​ចោល ។ ប៉ុន្តែ​រៀបនឹង​សម្លាប់​ស្តេច​បាន​សួរ​ជា​លើក​ចុង​ក្រោយ​ម្តងទៀត បើ​ឆ្លើយ​ត្រង់​នឹង​រួចខ្លួន ទើប​ព្រាន ស៊ី​កា ទួល​ថ្វាយ​ការ​ពិត​ពី​ដើម​ដល់​ចប់ ។

ស្តេច ព្រះ​ពោធិ៍​សោម បានដឹង​ការ​ពិត​ហើយ​ក៏​បញ្ជា​ឱ្យ​ដោះ​លែង​ព្រាន ស៊ី​កា ដោយ​ប្រាប់​ថា ៖ បើ​ថ្ងៃក្រោយ​បាញ់​សត្វព្រៃ​មិន​បាន​ទេ សូម​ចាប់​កូនក្រមុំ​ចៀរ​យក​ដោះ​មក​ធ្វើ​ព្រះ​ក្រយា​ឱ្យ​យើង​សោយ ។ ចាប់តាំងពី​ពេល​នេះ​មក​នៅ​ពេល​ព្រាន​ដើរ​រក​បរបាញ់​សត្វ​ពុំ​បាន​ក៏​នាំ​អាមាត្យ​ចុះ​ពីលើ​ភ្នំ​ទៅ​រក​ចាប់​មនុស្ស​ស្រី​នៅ​ច្រក​មួយ​ដែល​ជា​ច្រក​របស់​ប្រជាពលរដ្ឋ​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ជីក​ដំឡូង​ដើម្បី​ចៀរ​យក​ដោះ​ធ្វើ​ក្រយា​ថ្វាយ​ស្តេច​សោយ ។ សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ហៅ​ច្រក​នោះ​ថា «​អ្នកតា​ច្រក​» ។

ចាប់តាំងពី​ពេល​នោះ​មក​មនុស្ស​ស្រី​ដែល​រស់នៅ​ក្នុងភូមិ​នេះ​ចេះ​តែ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​ស្ងាត់​មនុស្ស​អស់ពី​ភូមិ ថ្ងៃមួយ​មាន​ចាស់ព្រឹទ្ធាចារ្យ​៤​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ព្រៃ​គ្រី​បាន​នាំ​គ្នា​ទៅ​ប្ដឹង​ស្ដេច​ផែនដី​ដែល​គង់នៅ​អង្គរវត្ត​ថា ៖ «​តើ​ឱ្យ​ខ្ញុំ​ករុណា​ធ្វើ​យ៉ាងដូចម្ដេច​បើ​ព្រះ​ពោធិ៍​សោម ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​ពួក​ព្រាន និង​អាមាត្យ​ចាប់​ស្ត្រី​ដែល​រស់នៅ​ក្នុងភូមិ​សម្លាប់ វះ​យក​កន្សោមដោះ​យក​ទៅ​ធ្វើ​ព្រះ​ក្រយា​ជា​រៀងរាល់ថ្ងៃ​បែប​នេះ​» ។

ក្រោយ​ពី​បាន​ស្ដាប់​ការ​ទូល​ថ្វាយ​របស់​ចាស់ព្រឹទ្ធាចារ្យ​ទាំង​៤​រួច​មក​ស្ដេច​ផែនដី​ក៏​បាន​ត្រាស់​បញ្ជា​ឱ្យ​ចាស់ព្រឹទ្ធាចារ្យ​ប្រើ​ល្បិច​ដោយ​នាំ​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​នាំ​គ្នា​ជីករណ្ដៅ​ឱ្យ​ជ្រៅ ហើយ​ថែម​ទាំង​ធ្វើ​គន្លឹះ​យន្ត​ដាក់​នៅ​ក្នុង​រណ្ដៅ​នោះ​បន្ទាប់​មក​នាំ​គ្នា​ទៅ​យាង​ព្រះ​ពោធិ៍​សោម​នោះ​ឱ្យមក​មើល​ការ​ច្រៀង​រាំ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ព្រមទាំង​មានការ​អមដំណើរ​ដោយ​មាន​ពួក​ភីលៀង និង​សេនា​អាមាត្យ​ជា​ច្រើន​នាក់ ។

បន្ទាប់​មក​ពួក​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ចុច​គន្លឹះ​យន្ត​នោះ​ដើម្បី​ទម្លាក់​ស្ដេច​អង្គ​នោះ​ចូល​ក្នុង​រណ្ដៅ​ព្រមទាំង​ទម្លាក់​ដុំ​ថ្ម​តូច​ធំ​ជា​ច្រើន​ចូល​ទៅ​ក្នុង​រណ្ដៅ​នោះ​ទៀត​ផង​ហើយ​ស្ដេច​ព្រះ​ពោធិ​សោម​ក៏​បាន​សុគត​នៅ​ក្នុង​រណ្ដៅ​គន្លឹះ​យន្ត​នោះ​ទៅ ។ ក្រោយ​ពី​សេ្ត​ច ព្រះ​ពោធិ៍​សោម បាន​សុគត​ទៅ​ប្រជាពលរដ្ឋ​ក៏​បាន​រស់នៅ​សុខក្សេមក្សាន្ត ហើយ​បាន​ប្រែ​ឈ្មោះ​«​ភ្នំ​គី​រី​វ​ង្គ​ត​»​ទៅ​ជា​«​ភ្នំ​ស្តេច​សោយ​ដោះ​»​ឬ «​ភ្នំ​ស្តេច​ស៊ី​ដោះ​»​តាំងពី​ពេល​នោះ​មក​ដល់​សព្វ​ថ្ងៃនេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ