រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសដ៏ល្បីឈ្មោះ ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបក្សពួក កាលពីព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ព័ន្ធនឹងសំណុំរឿងពីបទ «ក្លែងបន្លំតាមពាក្យបណ្តឹងរបស់ឈ្មោះ គាន គឹមលាង» ។
សេចក្តីរាយការណ៍បន្តថា ថៅកែយានដ្ឋានមែរសឺដេសដែលត្រូវឃាត់ខ្លួនខាងលើនេះ ឈ្មោះ ចាន់ វិទូ និងបក្សពួកម្នាក់ទៀតឈ្មោះ ទួង សីហា ។
សេចក្តីរាយការណ៍បន្តទៀតថា ជនជាប់សង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
បើតាមដីការបស់ស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៅសាម៉ីខ្លួនឲ្យបង្ហាញមុខនៅនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ក៏ប៉ុន្តែដោយសារជនសង្ស័យរូបនេះមានបំណងចង់គេចវេសចំពោះដីកានោះ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមុនការកំណត់តែម្តង ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនលោកព្រះរាជអាជ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ហើយជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលស្ថាប័យអយ្យការធ្វើការសាកសួរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ