វិន័យ​គឺជា​ច្បាប់​របស់​ចក្រ​ទាំង​ពីរ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិន័យ​គឺជា​ច្បាប់​របស់​ចក្រ​ទាំង​ពីរ

1 ឆ្នាំ មុន

ពាក្យ​ថា​មង្គល​ជា​ឈ្មោះ​នៃ​សេចក្តីសុខ សេចក្តីចម្រើន សិរី​សួស្តី​ដែល​បាន​មក​អំពី​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​របស់​អ្នក​ដែល​ត្រូវការ​សេចក្តីសុខ​ចម្រើន​ផ្ទាល់ ។ នៅ​ក្នុង​មង្គលសូត្រ​ទី​៩​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា វិ​ន​យោ ច សុ​សិ​ក្ខិ​តោ វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម ។…

ពាក្យ​ថា​មង្គល​ជា​ឈ្មោះ​នៃ​សេចក្តីសុខ សេចក្តីចម្រើន សិរី​សួស្តី​ដែល​បាន​មក​អំពី​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​របស់​អ្នក​ដែល​ត្រូវការ​សេចក្តីសុខ​ចម្រើន​ផ្ទាល់ ។

នៅ​ក្នុង​មង្គលសូត្រ​ទី​៩​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា វិ​ន​យោ ច សុ​សិ​ក្ខិ​តោ វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយដោយ​ប្រពៃ​ជា​មង្គល​ដ៏​ឧត្តម ។ វិន័យ​គឺជា​ច្បាប់ទម្លាប់​របស់​ប្រទេស​និង​របស់​ព្រះពុទ្ធ​សាសនា ។ សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ សម្រាប់​បព្វជិត​បាន​ដល់​វិន័យ​របស់​អ្នកបួស និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។

បុគ្គល​ដែល​មានចំណេះ​វិជ្ជា មានទ្រព្យ​សម្បត្តិ យសស័ក្តិ មានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អនាចារ គ្មាន​វិន័យ គ្មាន​សីលធម៌ រស់នៅ​ដោយ​ការ​បំពាន​លើ​ច្បាប់​នោះ គេ​នឹង​មិន​ទទួល​បានការ​គោរព​កោតសរសើរ​ឡើយ តែ​ប្រសិនបើ​ទទួល​បាន​វិញ គឺ​បាន​តែ​ពួក​មនុស្ស​អែបអប រណេបរណប​ប៉ុណ្ណោះ ហើយ​មិនយូរ​ប៉ុន្មាន​គេ​នឹង​ទទួល​បាន​នូវ​ក្តី វិនាស​ជា​មិន​ខាន ។

ហេតុនេះ​ទើប​លោក​ពោល​ថា កិរិយា​រៀន​វិន័យ​និង​ច្បាប់​រដ្ឋ និង​ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន