ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​រឿង​នាយ​ចឺម​ជាប់ចោទ​ញ៉ែ​សង្សារ​​គេ ​តើអ្វីខ្លះបានកើតឡើង?

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តារាចម្រៀង​នាយ ចឺម បាន​ជួប​ហេតុការណ៍​ដ៏​អាក្រក់​មួយ​ ដោយ​ត្រូវ​បុរស​ម្នាក់​វាយ​ប្រហារ​បណ្តាល​ឱ្យ​បែកក្បាល និង​របួស​ដៃ​ទាំង​២ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ បាន​ចេញ​ទៅ​ច្រៀង​ក្នុង​ពិធី​ខួបកំណើត​មួយ​នៅ​ឯ​ខេត្ត​ប៉ៃលិន កាលពី​រាត្រី​ថ្ងៃ​ទី​១៨…

ខេត្ត​ប៉ៃលិន ៖ តារាចម្រៀង​នាយ ចឺម បាន​ជួប​ហេតុការណ៍​ដ៏​អាក្រក់​មួយ​ ដោយ​ត្រូវ​បុរស​ម្នាក់​វាយ​ប្រហារ​បណ្តាល​ឱ្យ​បែកក្បាល និង​របួស​ដៃ​ទាំង​២ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ បាន​ចេញ​ទៅ​ច្រៀង​ក្នុង​ពិធី​ខួបកំណើត​មួយ​នៅ​ឯ​ខេត្ត​ប៉ៃលិន កាលពី​រាត្រី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ។ យ៉ាងណា​ក៏​ដោយ​ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ថា តើ​ហិង្សា​ដែល​បាន​កើតឡើង​ទៅ​លើ​នាយ​ចឺម នា​ពេល​នេះ​ដោយសារ​អ្វី​ឡើយ ខណៈ​ពេល​ដែល​ភាគី​ទាំង​សងខាង​កំពុង​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ក្រោយ​ហេតុការណ៍​ដែល​បាន​កើតឡើង ។

ប្រតិកម្ម​នាយ​ក្រូច​ជា​ឪពុកមា
យោង​តាម​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​ពី​តារា​កំប្លែង​នាយ​ក្រូច ដែល​ត្រូវជា​ឪពុកមា​បង្កើត​របស់​នាយចឺម បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ​លោក​នៅ​មិន​ទាន់​បានដឹង​ពី​ហេតុការណ៍​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​លោក​ដឹង​ត្រឹម​ថា នាយ​ចឺម​បាន​រង​បួស​បែកក្បាល និង​ខូចខាត​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទាំងស្រុង ។ នាយ​ក្រូច​បញ្ជាក់​ថា តាម​ពិត​រូប​លោក​និង​នាយ ចឺម ត្រូវ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ខួបកំណើត​កូនប្រុស​សម្លាញ់​របស់​លោក​ ដែល​មានការ​រាប់អាន​គ្នា រួម​ទាំង​នាយ​ចឺម​ផង​ដែរ ប៉ុន្តែ​គ្រានោះ ​ជា​អកុសល​ លោក​មិន​បាន​ទៅ​ចូល​រួម​កម្មវិធី​ឲ្យ​ទាន់​ពេល​ឡើយ ដោយសារ​រថយន្ត​ខូច​ពាក់​កណ្តាលផ្លូវ ។

លោក​ថា ដោយសារ​រថយន្ត​ខូច​ពាក់​កណ្តាលផ្លូវ​នោះ ទើប​លោក​សម្រេច​ឲ្យ​គេ​ស្ទូច​រថយន្ត​មក​ធ្វើ​នៅ​ឯ​ខេត្ត​បាត់ដំបង ហើយ​លោក​មិន​អាច​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នោះ​ឡើយ ដោយ​ឲ្យ​នាយ ចឺម ទៅ​ចូលរួម​តែ​ម្នាក់ឯង រួម​ជាមួយ​អ្នកបើកបរ​របស់​នាយ​ចឺម​ម្នាក់​ទៀត ។ នាយ​ក្រូច​បាន​អះអាង​បន្ថែម​ទៀត​ថា នៅ​យប់​កើតហេតុ​នោះ​ លោក​ក៏​ជាប់រវល់​ច្រៀង​កម្មវិធី​គេ​មួយ​ផង​ដែរ ប៉ុន្តែ​ច្រៀង​មិន​បាន​ប៉ុន្មាន​ផង ក៏​មាន​អ្នក​ទូរ​ស័ព្ទ​មក​សួរ​រឿង​នាយចឺម ត្រូវ​គេ​វ៉ៃ ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​លោក​ពុំ​បានដឹង​រឿង​នេះ​ដូច​គ្នា ។ លោក​បន្ត​ថា ក្រោយ​ពេល​ដឹង​រឿង​លោក​ក៏​បាន​ព្យាយាម​ទាក់ទង​សួរនាំ​នាយ ចឺម តែ​ខ​ល​មិន​ចូល ហើយ​ពេល​
ខ​ល​ចូល​ក៏​ពិបាក​និយាយ​គ្នា ដោយសារ​កន្លែង​នាយចឺម ស្នាក់​នៅ​ទំនងជា​ខ្សោយ​សេវា ។

បើ​តាម​នាយក្រូច ពេល​បាន​សួរនាំ​បន្តិចបន្តួច​នោះ​ នាយ​ចឺម​គ្រាន់តែ​បាន​បញ្ជាក់​ថា រូបគេ​ត្រូវ​បាន​គេ​វាយ​បែកក្បាល និង​បែក​ទូរស័ព្ទ​មួយ ក្រៅពី​នោះ​លោក​មិន​បានដឹង​ទៀត​ឡើយ ដោយសារ​ទូរស័ព្ទ​ពិបាក​ទាក់​ទង​ខ្លាំង​ពេក ។ យ៉ាងណា ​បើ​តាម​ការ​បញ្ជាក់​ពី​នាយ ក្រូច ជា​ឪពុកមា​នាយ​ចឺម ត្រូវ​បាន​បុរស​ម្នាក់​វាយ​បែកក្បាល នៅ​មុខ​ហាង​ម៉ាស្សា​មួយ​នា​ខេត្ត​ប៉ៃលិន ដោយពេល​នោះ​ នាយ​ចឺម​មានការ​ភ័យ​ខ្លាច​ខ្លាំង ក៏​បាន​រត់​ចូល​ហាង​នោះ ដើម្បី​ស្រែក​ឲ្យ​គេ​ជួយ ។

លោក​បន្ត​ថា បន្ទាប់​ពី​មានការ​ស្រែក​ឲ្យ​គេ​ជួយ​នោះ ទើប​បុរស​បង្កហេតុ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ប៉ុន្តែ​ដោយសារ​សមត្ថកិច្ច​ជំនាញ ទើប​នាំ​ខ្លួន​ជន​បង្ក​នោះ​មក​ពី​ទឹកដី​ថៃ​វិញ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ។ លោក​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​បន្ទាប់​ ក្រោយ​កើតហេតុ​នាយ ចឺម នៅ​បន្ត​ស្នាក់​នៅ​ឯ​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ការ​កោះហៅ​ពី​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​ជាមួយ​ជន​បង្ក​តាម​ផ្លូវច្បាប់ ខណៈ​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ លោក​ក៏​មិន​បានដឹង​នៅឡើយ​ទេ​ថា សមត្ថកិច្ច​នឹង​ដោះស្រាយ​ដោយ​វិធី​ណា ។

បើ​តាម​នាយក្រូច ពេល​នេះ​ក្រុម​គ្រួសារ​របស់​លោក​រួម​នឹង​ម្តាយ​នាយ ចឺម កំពុង​យំសោក និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពេល​បានដឹង​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ទៅ​លើ​នាយចឺម នា​ពេល​នេះ ដោយសារ​តាំងពី​តូច​រហូត​មក​ទល់​ពេល​នេះ​ម្តាយ​នាយ ចឺម មិន​ដែល​បាន​វាយដំ និង​ប្រើ​ពាក្យ​សម្តី​ធ្ងន់​លើ​កូន​នោះ​ឡើយ ។

នាយ​ចឺម មានឈ្មោះ​ពិត សុខ មេ​សា អាយុ​២២​ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់​​ស្ពឺ ។រហូត​មក​ទល់​ពេល​នេះ​នាយ​ក្រូច ដែល​ជា​ឪពុកមា​នាយ​ចឺម នៅ​តែ​អះអាង​ថា រឿងរ៉ាវ​ដែល​ថា ក្មួយ​លោក​ទៅ​ញ៉ែ​សង្សារ​គេ ឬ​យ៉ាងណា គឺ​មិន​ទាន់​ច្បាស់​ទេ មិនដឹង​ខាង​ស្រី ឬ​ខាង​ណា ឆាត​រក​គេ​មុន តែ​នាយ​ចឺម ប្រាកដជា មាន​ភស្តុ​តាង​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​គេ បើ​ទោះបីជា​ពេល​នេះ ទូរស័ព្ទ​នាយ ចឺម បែក​ខ្ទេច​ក៏​ដោយ ។ ដូច្នេះ​លោក មិន​ទាន់​បន្ទោស​ក្មួយ​របស់​លោក​នោះ​ទេ មាន​តែ​អាណិត​ដែល​លោក​មិន​អាច​ជួយ​ក្មួយ​បាន ។

នាយ​ក្រូច ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ដំណឹង​ថា ក្មួយ​របស់​លោក បាន​ជួប​រឿង​អាក្រក់​បែប​នេះ ទាំង​ដែល​កន្លង​មក​ក្រុម​គ្រួសារ និង​បងប្អូន ស្រលាញ់​បីបាច់ មិន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូបគេ សូ​ម្បី​តែ​បន្តិច ។ ជា​ពិសេស​ថ្ងៃនេះ នាយ​ចឺម ក៏​បាន​រៀបចំ​សំណុំរឿង ព្រោះថា​រឿង​នេះ មិន​ទាន់​ចប់​ដោយ​ងាយស្រួល​នោះ​ឡើយ ។

យ៉ាងណាមិញ ក៏​មាន​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ឲ្យ​ដឹង​ថា នាយ​ចឺម បាន​ទារ​ថ្លៃ​សំណង​ជំងឺ​ចិត្ត​៣​ម៉ឺន​ដុល្លារ ជាមួយនឹង​ស្នាម​របួស និង​ប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង ព្រោះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​គេ​មក​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ ខណៈ​ខ្លួន​ជា​តារាចម្រៀង​ល្បី​មួយ​រូប ។ ប៉ុន្តែ​តាម​ព័ត៌មាន​ថា ខាង​អ្នក​បង្ក ព្រម​សង​១​ម៉ឺន​ដុល្លារ តែ​នាយ​ចឺម មិន​ព្រម ដូច្នេះ​រឿង​នេះ​និង​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ប៉ៃលិន
នាយ​ចឺម​ឈ្មោះ​ពិត សុខ មេ​សា ពិតជា​បាន​រង​របួស​បែកក្បាល​និង​របួស​ដៃ​ទាំង​២​ដែល​ទំនងជា​បាន​លើកដៃ​រង​ការ​វាយប្រហារ​ដោយ​ព្រនង់​ឈើ​១​ដើម ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នាយ​ចឺម​ត្រូវ​បាន​គេ​ជួល​ទៅ​ច្រៀង​ក្នុង​ពិធី​ខួបកំណើត​នៅ​ភូមិ​ផ្សារ​ព្រំ​ជាប់​ព្រំដែន​ថៃ លុះ​ចប់​កម្មវិធី​ក៏​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្បែរ​បុរី​ម្កុដ​ពេជ្រ ។

តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​បានឱ្យ​ដឹង​ថា មូលហេតុ​មានការ​វាយប្រហារ​មក​លើ​នាយ​ចឺម​នោះ ដោយសារ​តែ​នាយ​ចឺម​បាន​ឆាត​ទាក់ទង​ស្នេហា​ជាមួយ​នារី​ម្នាក់ តែ​ប្រភព​នេះ​មិន​បានឱ្យ​ដឹង​ថា​នាយ​ចឺម​បាន​ស្គាល់​អាក់​ខោ​ន​នារី​រូប​នេះ​ដោយ​វិធី​ណា​នោះ​ទេ ។ ប្រភព​ព័ត៌មាន​ដដែល​ថា ការ​ឆាត​ទាក់ទង​ស្នេហា​នោះ​ប៉ះ​ចំ​យុវជន​ជា​សង្សារ​នារី​រូប​នោះ ព្រោះ​ពួក​គេ​ប្រើ​អាក់​ខោ​ន​(Account) មួយ​លេង​បាន​២​នាក់​ទើប​មានការ​ក្លែង​ជា​មនុស្ស​ស្រី​ឆាត​តប​នាយ​ចឺម​វិញ រហូត​ធ្វើ​ឱ្យ​នាយ​ចឺម​ស្មាន​តែ​ស្រី​មែន ក៏​បើករថយន្ត​ម្នាក់ឯង ទៅ​ដល់​កន្លែង​ណាត់ជួប​ក៏​ប៉ះ​ចំ​យុវជន​ជា​សង្សារ ក៏​មានការ​ប្រតាយប្រតប់​គ្នា​រហូត​ជន​ដៃដល់ ទាញ​បាន​កំណាត់ឈើ​វាយ​សំពង​មក​លើ​តែ​ម្តង ។

ចំពោះ​ព័ត៌មាន​ដែល​ចោទ​នាយ​ចឺម​ថា បើករថយន្ត​ទៅ​ជួប​ស្រី​ស្នេហ៍​គេ​នោះ​ហើយ​ត្រូវ​គេ​វាយ​របួស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ធ្នូ ស្ថិត​នៅ​ចំណុច​មុខ​បុរី​ម្កុដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ចំណែក​ជនសង្ស័យ​ជា​យុវជន​ដៃដល់​ឈ្មោះ ង៉ែត លី​ទី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ទោះបីជា​បែប​ណា​ទៀត​ក្តី ការ​រៀបរាប់​ពី​ហេតុការណ៍​កើតឡើង​នេះ ដឹង​តាម​រយៈ​ឪពុក​របស់​ជន​ដៃដល់ តែ​មិន​អាច​រក​ការ​បំភ្លឺ​ពី​នាយ​ចឺម​បាន​ទេ ម្សិលមិញ​នេះ ។

តាម​ហ្វេ​ស​ប៊ុ​កមួយ​ ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ​នេះ​បាន​បង្ហាញ​ថា បុរស​ដែល​ជា​អ្នក​វាយ​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ នាយ​ចឺម​យ៉ាង​ចាស់ដៃ​នោះ ជា​អតីត​កីឡាករ​បាល់ទាត់​ក្លិប​បឹង​កេ​ត ជា​ខ្សែប្រយុទ្ធ ។ ក្រោយ​លើក​ពាន​ជាមួយ​បឹង​កេ​ត​នៅ​ចុងឆ្នាំ​២០១៦ គាត់​ក៏​ចាកចេញ​ទៅ​ស្រុក​កំណើត បន្ទាប់​មក​ក៏​លេចមុខ​កីឡាករ​ខ្សែប្រយុទ្ធ​រូប​នេះ​ទៅ​ធ្វើតេស្ត​នៅ​ថៃ ហើយ​ជាប់​តេស្ត​លេង​ឱ្យ​ក្លិបCha​n​th​aburi នៅ​លី​គ​ទី​៤​ផង​ដែរ ។

ព័ត៌មាន​ចុង​ក្រោយ
ត្រឹម​វេលា​ម៉ោង​៦​ល្ងាច​ ព័ត៌មាន​ដែល​បាន​ទទួល​ឱ្យ​ដឹង​ថា អំពើ​ហិង្សា​នេះ បាន​ផ្ទុះ​ឡើង គឺ​ក្រោម​ហេតុផល​ប្រចណ្ឌ​ពី​សំណាក់​ជន​ដៃដល់ ​ដែល​បាន​ចោទប្រកាន់​នាយចឺមថា បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា ដោយ​ការ​ឆាត​តាម​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​នារី​ជា​សង្សារ​របស់​ខ្លួន ទើប​មាន​ករណីហិង្សា​មក​លើ​នាយចឺម បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ហូរ​ឈាម​និង​ដៃ​ទាំង​២ ។ ចំណែក​នាយ​ចឺម​មិន​អាច​ទាក់ទង​សួរនាំ​បាន​នោះ​ទេ ខណៈ​ទូរស័ព្ទ​របស់​នាយ​ចឺម​និង​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត ខណៈ​សំណុំរឿង​នេះ ​ត្រូវ​បាន​បញ្ជូន​ដល់​ស្នងការដ្ឋាន​ខេត្ត​ចាត់ការ​បន្ត ។

បើ​ចាប់អារម្មណ៍​មក​លើ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម លោក ហេង ឡុ​ង បាន​ផ្តល់​សម្ភាសន៍​ដល់​កាសែត​ក្នុងស្រុក​មួយ​ថា បច្ចុប្បន្ន​ភាគី​រង​គ្រោះ​(​ចឺម​) និង​ជន​បង្ក​កំពុង​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ឯ​ខេត្ត​ប៉ៃលិន ជុំវិញ​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​លើ​បណ្ដឹង​ដែល​ជន​រូប​នោះ​បាន​ប្រើ​ហិង្សា​មក​លើ​នាយ ចឺម ។

លោក ហេង ឡុ​ង បាន​បញ្ជាក់​ថា ជា​ព័ត៌មាន​បឋម​ដំបូង គឺ​នាយ ចឺម បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ តែ​ភាគី​បង្ក​សុំ​សង​ត្រឹម​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយមក​ទៀត ក៏​ស្រាប់តែ​មាន​វប្បធម៌​នៃ​ការ​ជ្រែក​ខ្លួន​ចូល​អន្តរាគមន៍ ​ដើម្បី​ជួយ​ដល់​ជន​បង្ក ទើប​សំណង​បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​៥០០​ដុល្លារ​វិញ ដែល​ករណី​នេះ គឺ​ទាំង​លោក និង​នាយ ចឺម គឺ​មិន​អាច​ទទួលយក​បាន​ឡើយ ។

លោក ហេង ឡុ​ង បាន​បន្ថែម​ថា លោក និង​នាយ ចឺម ព្រឹក​នេះ​បាន​ឆ្លើយឆ្លង​គ្នា​ជា​បន្តបន្ទាប់​ចំពោះ​រឿង​នេះ ហើយ​លោក​ក៏​មិន​អាច​ឈរ​នៅ​ស្ងៀម​ឲ្យ​ជន​បង្ក​រួចខ្លួន​ដែរ ព្រោះ​នេះ​ជា​ករណី​ហិង្សា​ដោយ​ចេតនា​ប៉ុនប៉ង​មនុស្សឃាត​ដែល​គេច​មិន​ផុត​ពី​ការ​ទទួលទោស​(​ជាប់គុក​)​តាម​ច្បាប់​នោះ​ឡើយ ។

លោក​ថា ទោះបីជា​នាយ ចឺម មិន​សុំ​ឲ្យ​លោក​ផ្តល់​មេធាវី ឬ​លូកដៃ​ក្នុង​រឿង​នេះ​ក្តី តែ​លោក​នឹង​មិន​នៅ​ស្ងៀម​​ទេ ។ ចំណែក​បុគ្គល​ដែល​ចេញ​មុខ​ជួយ​អន្តរាគមន៍​ខាង​ជន​បង្ក ត្រូវ​តែ​ដកខ្លួន​ឲ្យ​ហើយ​ទៅ កុំ​ទុក​ពេល​ឲ្យ​លោក​ស៊ើប​ដឹង​ច្បាស់​ថា ចេញ​មក​ពី​ប្រភព​ណា​ឲ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ