មង្គលមិនមែនបានមកដោយការអុជធូបបួងសួង បន់ស្រន់សុំពីព្រះអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើជាក់ស្តែង ។
នៅក្នុងមង្គលសូត្រទី៨ព្រះបរមសាស្តាត្រាស់ថា សិប្បញ្ច ឯតម្មង្គលមុត្តមំ គឺសេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួងជាមង្គលដ៏ឧត្តម ។ ប្រការនេះបានដល់ការចេះដឹងនិងការប៉ិនប្រសប់ ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេកទេសទាំងឡាយស្របទៅតាមទិដ្ឋភាពជាក់ស្តែង យ៉ាងហោចណាស់ឱ្យស្ទាត់ជំនាញនូវមុខវិជ្ជាណាដែលខ្លួនបានសិក្សា ឬប្រាកដប្រជានៅក្នុងមុខតំណែងដែលខ្លួនកំពុងប្រកបធ្វើ ដែលនាំមកនូវប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃ ។
ហេតុនេះទើបអ្នកប្រាជ្ញពោលថា កិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិនប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួង ជាមង្គលដ៏ឧត្តម ។ ដោយសាន សារិន