ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ស្ត្រី​មេម៉ាយ​យំ​រហូត​ដល់​សន្លប់ ពេល​ឃើញ​ផ្ទះ​ខ្ទេច​គ្មាន​សល់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​ទាំងស្រុង បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​យំ​រហូត​ដល់​សន្លប់​៣​ទៅ​៤​ដង ខណៈ​ស្ត្រី​រង​គ្រោះ​មិន​នៅផ្ទះ​ជាប់រវល់​យក​ចង្ហាន់​ទៅ​វត្ត​នៅ​ថ្ងៃសីល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​ទាំងស្រុង បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​យំ​រហូត​ដល់​សន្លប់​៣​ទៅ​៤​ដង ខណៈ​ស្ត្រី​រង​គ្រោះ​មិន​នៅផ្ទះ​ជាប់រវល់​យក​ចង្ហាន់​ទៅ​វត្ត​នៅ​ថ្ងៃសីល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​រោង​ម៉ាស៊ីន ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

ផ្ទះ​កើតហេតុ​ខាងលើ​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម ប្រក់​ស័ង្កសី មាន​បណ្តោយ​៨​ម៉ែត្រ​និង​ទទឹង​៦​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ ទាប បុប្ផា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ស្ត្រី​មេ​ម៉ោ​យ មុខ​របរ​លក់​ផ្លែ​ឈើ និង​កូនស្រី​ឈ្មោះ សំ បូ​ភា អាយុ​៣០​ឆ្នាំ ។ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​អគ្គី​ភ័យ​កើតឡើង គឺ​គ្មាន​អ្នក​នៅឡើយ​ដោយ​ចាក់សោ​បិទទ្វារ​ចោល ហើយ​គាត់​យក​ចង្ហាន់​ទៅ​វត្ត​ព្រោះ​ជា​ថ្ងៃសីល លុះ​មក​ដល់​វត្ត ស្រាប់តែ​មាន​អ្នក​ជិតខាង​ទូរស័ព្ទ​ប្រាប់​គាត់​ថា ភ្លើង​ឆេះ​ផ្ទះ ពេល​គាត់​មក​ដល់​ក៏​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​កំពុង​ពន្លត់ ធ្វើ​ឱ្យ​គាត់​ដួល​សន្លប់​តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​។

លោក​វរសេនីយ៍ឯក ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា នៅ​ពេល​កម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់​គឺ​អគ្គិភ័យ​កំពុង​ឆាបឆេះ​ខ្លាំង​បាន​បាញ់​ទឹក​ពន្លត់​ដែរ តែ​ផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ស្ទើង​ទាំងស្រុង​ទៅ​ហើយ តែ​មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

លោក​វរសេនីយ៍ឯក ប៊ុ​ន ផេង បាន​បញ្ជាក់​ថា ក្រោយ​ពេល​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ហើយ​កម្លាំង​ចុះ​ស្រាវជ្រាវ​ជំហាន​ដំបូង​រក​ឃើញ​ថា អគ្គី​ភ័យ​ខាងលើ​កើតឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឆាបឆេះ​ផ្ទះ​ផ្នែក​ខាងលើ និង​រាលដាល​ឆេះ​អស់​ស្ទើរ​ទាំងស្រុង ព្រមទាំង​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មាន​ប្រាក់​៣៨.៥០០.០០០​រៀល និង​ប្រាក់​៨៨៧​ដុល្លារ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​វរសេនីយ៍ឯក ប៊ុ​ន ផេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មុន​ពេល​ចាក​ចេញពីផ្ទះ​ត្រូវ​បិទ​បា​រ៉ែត​ភ្លើង និង​ពន្លត់ភ្លើង​ចង្ក្រាន​បាយ និង​ពន្លត់​ធូប​ទាន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ខ្លាច​កើត​មាន​គ្រោះ​អគ្គី​ភ័យ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ