ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​ពាណិជ្ជកម្ម​សេរី​ពី​កម្ពុជា​មាន​ទឹកប្រាក់​ជាង​១០ ពាន់​លាន​ដុល្លារ​មាន​កំណើន​៦,៤៥​ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​ទៅ​កាន់​គ្រប់​ទ្វីប លើ​ពិភពលោក​ពី​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ពាណិជ្ជកម្ម​សេរី មាន​ទឹកប្រាក់​ប្រមាណ​១០.៨១៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​របាយការណ៍…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​ទៅ​កាន់​គ្រប់​ទ្វីប លើ​ពិភពលោក​ពី​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ពាណិជ្ជកម្ម​សេរី មាន​ទឹកប្រាក់​ប្រមាណ​១០.៨១៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​របាយការណ៍ របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

​តាម​របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា​ការ​នាំ​ចេញ រយៈពេល​១០​ខែ​២០១៩ មាន​កំណើន​ប្រមាណ​៦,៤៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ គិត​ជា​ទឹកប្រាក់​មាន​កំណើន​ប្រមាណ​៦៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​ចំណោម​ទឹកប្រាក់​ប្រមាណ​ជាង ១០​ពាន់​លាន​ដុល្លារ​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់ មាន​ទឹកប្រាក់​ប្រមាណ​ជា​៦៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ វាយនភ័ណ្ឌ​មាន​ទឹកប្រាក់​ជាង​៤០​លាន​ដុល្លារ​និង​ស្បែកជើង​មាន​ទឹកប្រាក់​ប្រមាណ ៩០៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក​សម្រាប់​អង្ករ​កម្ពុជា ក្នុង​រយៈពេល​១០​ខែ​នេះ តាម​របាយការណ៍​ក៏​បាន​បង្ហាញ​ថា​មាន​ទឹកប្រាក់​នាំ​ចេញ​ប្រមាណ ២៨៦​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង ជា​ពិសេស​ផលិតផល​ថ្មី​មួយទៀត គឺ​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីផ្សារ​ប្រទេស មាន​កំណើន​គួរ​អោយ​កត់សម្គាល់ ។ តាម​រយៈ​តួលេខ​នាំ​ចេញ​នេះ​នឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេសជា​ច្រើន​ទៀត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ។ ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា មាន​ប្រសាសន៍​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា ជា​ទូទៅ​រក្សា​បាន​កំណើន​ប្រមាណ​១០%​ធៀប​នឹង​តម្លៃ​នាំ​ចេញ​ក្នុង​ឆ្នាំ​កន្លង ទៅ ដោយសារ​កម្ពុជា​បាន​ជម្រុញ​ការ​ធ្វើ​សមា​ហ​រ័​ណ​កម្ម​បន្ថែម​ទៀត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ជាមួយ​អាស៊ាន​ជាមួយ​ដៃគូ ដូច​ជា​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ និង​ឥណ្ឌា​ជាដើម ។

ក្នុង​នោះ កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ធំ​ៗ ដូច​ជា អា​មេ​រិ​ក កា​ណា​ដា ចិន នៅ​រក្សា​អត្រា​ដូច​អត្រាកំណើន​ក្នុង​ឆ្នាំ​២០១៨​ដដែល ទោះបីជា​មានការ​អនុវត្ត​នីតិវិធី​សម្បទាន​ពន្ធគយ និង​ការ​ដាក់​វិធាន​ការណ៍​ការពារ​លើ​ផលិតផល​អង្ករ​របស់​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៩​នេះ ក៏​ដោយ ។
លោក​បាន​បន្ត​ថា កម្ពុជា​ក៏​កំពុង​ពង្រីក​ទីផ្សារ​ថ្មី​ទៅ​កាន់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត និង​ទីផ្សារ​ដែល​នៅ​មាន​សក្តានុពល​នាំ​ចេញ ដូច​ជា​ចិន ជប៉ុន និង​កូរ៉េ តាម រយៈ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរីរ​វាង​១៦​ប្រទេស ដែល ហៅ​កាត់​ថា RCEP​ហើយ​ឈាន​ទី​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ក្នុង​នោះ​ដែរ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​បាន​ជួប​ប្រជុំ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន កាលពី​ថ្ងៃ​ទី​៣-៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​ធំ​ៗ​សម្រាប់​ការ​ចរចា​បន្ត ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល ក៏​បាន​បើក​ជំហរ​នូវ​ការ​ចរចារ​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ធ្វើ​អោយ​កម្ពុជា អាច​នាំ​ចេញ​ទំនិញ​ជា​ច្រើន​ទៀត ទៅ​កាន់​ទីផ្សារ​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​មួយ​នេះ ក្នុង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ