ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អនុម័ត​ការ​ចោទប្រកាន់​ដក​តំណែង​​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​បាន​អនុម័ត ដោយ​សំឡេង​២៣០ ទល់​នឹង​១៩៧​សំឡេង​ប្រឆាំង​និង​១​សំឡេង​អនុប្បវាទ បទចោទប្រកាន់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ សម្រាប់​សវនាការ​ដក​ហួត​តំណែង​លោក ក្រោយ​ការ​ជជែក​ដេញដោល​គ្នា​បែកផ្សែង រវាង​បណ្ដា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ ដែល​នោះ​ឆ្លុះ​បញ្ចាំង​ពី​ការ​បែកបាក់​គ្នា​ខ្លាំង​របស់​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​បាន​អនុម័ត ដោយ​សំឡេង​២៣០ ទល់​នឹង​១៩៧​សំឡេង​ប្រឆាំង​និង​១​សំឡេង​អនុប្បវាទ បទចោទប្រកាន់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ សម្រាប់​សវនាការ​ដក​ហួត​តំណែង​លោក ក្រោយ​ការ​ជជែក​ដេញដោល​គ្នា​បែកផ្សែង រវាង​បណ្ដា​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ ដែល​នោះ​ឆ្លុះ​បញ្ចាំង​ពី​ការ​បែកបាក់​គ្នា​ខ្លាំង​របស់​អា​មេ​រិ​ក ប្រឈម​មុខ​នឹង​ប្រធានាធិបតី​វិសាមញ្ញ​រូប​នោះ​។ នេះ​ជា​ការ​បោះ​ឆ្នោត​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​។

នៅ​សេត​វិមាន​លោក​ត្រាំ​ដែល​កំពុង​ឈាន​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៣ រង​នីតិវិធី​បែប​នោះ បាន​សម្ដែង​នូវ​កំហឹង​តាម​TWITTER​ដោយ​អះអាង​ថា លោក​គ្មាន​ធ្វើ​អ្វី​ខុស​ទាល់តែ​សោះ​។ លោក​បរិហារ​ថា​នោះ​ជា​អំពើ​ឈ្លានពាន​មួយ​ប្រឆាំង​អា​មេ​រិ​ក​។ វា​ជា​ការ​រៀបចំ​ឆាក​ដោយ​ក្រុម​ឆ្វេងនិយម​រ៉ា​ឌី​កាល់​មួយ ដែល​មិន​ទទួល​បាន​ជោគជ័យ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។

ចំណែក​លោកស្រី​ណា​ន​ស៊ីពី​ឡូ​ស៊ី ប្រមុខ​ក្រុម​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​បាន​តបត​វិញ​ថា បណ្ដា​អំពើ​គ្មាន​ការ​ទទួលខុសត្រូវ របស់​ប្រធានាធិបតី​ចាំបាច់​ត្រូវ​ធ្វើការ​ចោទប្រកាន់​រូប​លោក​។ លោក​មិន​អាច​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស​ដទៃ​ទៀត​ឡើយ​។

លោក​ត្រាំ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៥​ហើយ​ប៉ុនប៉ង​ប្រជែង​យក​អាណត្តិ​ទី​២ ក្នុង​ការ​បោះ​ឆ្នោត​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០ រង​អត្ថបទ​២​នៃ​ការ​ចោទប្រកាន់​ប្រឆាំង​រូប​លោក ពី​បទ​រំលោភ​បំពាន​អំណាច​និង​រារាំង​ដំណើរការ​របស់​សភា ព្រោះ​លោក​ស្នើ​ដល់​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើ​ប​អង្កេត​លើ​គួ​ប្រជែង​មួយ​រូប ក្នុង​ចំណោម​គូប្រជែង​សំខាន់​ៗ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។

បន្ទាប់​ពី​រៀបចំ​នីតិវិធី​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី បទចោទប្រកាន់​លោក​គេ​ដឹង​ថា​សភា​ពិតជា​អនុម័ត ព្រោះ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​។ ឥឡូវ​សេចក្ដីសម្រេច​ចោទប្រកាន់​លេខ​៧៥៥​នោះ ត្រូវ​ដល់​វេន​ព្រឹទ្ធសភា​ដែល​គណបក្ស​សាធារណ​រដ្ឋ​មាន​សំឡេង​ភាគច្រើន​អនុម័ត​បន្ត​។ គណបក្ស​នេះ​បាន​ប្រាប់​ជា​មុន​រួច​ហើយ ពី​បំណង​លុប​ចោលការ​ចោទប្រកាន់​ប្រឆាំង​ប្រធានាធិបតី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ