រាជធានីភ្នំពេញ ៖ មហាជនបានសម្តែងការអបអរជាអនេក នៅពេលបានឃើញតារាមនោសញ្ចេតនា រិន សាវ៉េត រកបានគូគាប់ភរិយាថ្មីម្នាក់ដែលស្រឡាញ់ពេញចិត្ត លោក និងកូនរួមរស់មួយជីវិត។ ក្តីសង្ឃឹមថ្មីនេះ ធ្វើឱ្យ រិន សាវ៉េត មហាសែនរំភើប លែងឯកាខ្លួននៅពោះម៉ាយទៀតហើយ និងលែងលំបាកមើលថែកូនប្រុសនៅតូចទៀត ក្រោយភរិយាថ្មី ព្រមបើកបេះដូងមើលថ្នមថែដូចកូនបង្កើតជាបំណងធំ។
ក្នុងពិធីមង្គលការនេះដែរ លោក រិន សាវ៉េត បានអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈឲ្យចូលរួមចំនួន៧០តុ ។ ក្នុងនោះលោកមិនបានរំពឹងថា អ្នកសិល្បៈមកចូលរួមច្រើនកុះករនោះទេ ដោយសារតែអំឡុងពេលនេះជារដូវកាលរវល់ចេញច្រៀងខនសឺត នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។
បើទោះបីជាលោក រិន សាវ៉េត រៀបការមានអនាគតថ្មី មានគូគាប់មែន ប៉ុន្តែចិត្តរបស់លោកនៅតែមិនភ្លេចនឹកឃើញអារម្មណ៍នឹករលឹកភរិយាដែលបាត់បង់ជីវិតចោល ដោយសារតែជំងឺមហារីកនោះឡើយ ខណៈកំពុងតែញញឹមឈរទទួលភ្ញៀវយ៉ាងរាក់ទាក់ក្រោមការលម្អឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ប្រណីត។
លោកសាវ៉េត និងភរិយា ទំនេរដៃបន្តិច បានរៀបរាប់ខ្លះៗនូវអារម្មណ៍ពិតរបស់ខ្លួនថា តាមរយៈស្នាមញញឹមដែលលោកទទួលបានពេលនេះជាមួយប្រពន្ធថ្មីមែន តែចិត្តពិតនៅតែនឹករលឹក និងសូមអភ័យទោស ឬអធ្យាស្រ័យផងដល់វិញ្ញាណក្ខន្ធរបស់ភរិយាដើម នៅពេលលោកសម្រេចចិត្តរៀបការថ្មីម្តងទៀត។ លោកមានតែបួងសួង សូមដួងព្រលឹងគាត់ដល់ឋានស្ងប់ចិត្ត សុខគតិភពកុំបីឃ្លៀងឃ្លាត។
លោកថា រយៈពេល៣ឆ្នាំ ដែលលោកតស៊ូមើលថែកូនប្រុសតូចរបស់លោក ពេលខ្លះដើរចោលមិនបានពេលទៅធ្វើការងារ ចិត្តអាណិតកូន។ លុះដល់ឃើញភរិយាថ្មីគាត់ពេញចិត្ត ហើយព្រមស្រឡាញ់កូនមុនគេ ទើបលោកសម្រេចចិត្តជ្រើសរើស។ កំណើតស្នេហ៍របស់យើងស្គាល់គ្នាកន្លះឆ្នាំប៉ុណ្ណោះ ហើយគាត់ស្គាល់ខ្ញុំពេលនាំបច្ច័យចូលបុណ្យ ពេលលោកជួបទុក្ខកន្លងទៅ។ ភរិយាថ្មីគាត់រស់នៅបារាំងយូរឆ្នាំហើយ ក្រោយរៀបការលោកឡើងចុះធម្មតា ដោយភាគរយនៅខ្មែរច្រើនជាង ដោយលោកមិនចេះរស់នៅស្រុកគេ ណាមួយស្រុកក៏មានអ្វីគ្រប់យ៉ាងដែរ។
ចំពោះភរិយាលោកសាវ៉េត ញញឹមឆ្លើយតបវិញថា អ្នកនាងនឹងមើលថែកូនបងសាវ៉េត ឱ្យល្អ ហើយគោលដៅពេលគាត់ធំបន្តិច នឹងនាំយកទៅបារាំងឱ្យរៀនសូត្រនៅទីនោះ។ អ្នកនាងនៅបារាំងធ្វើការខាងផ្នែកគម្របទឹកអប់ ហើយនាំទឹកអប់មកលក់នៅស្រុកខ្មែរញឹកញាប់។
ទោះបីយ៉ាងណា ថ្ងៃក្រោយមានកូន ទោះកូនមុន ឬកូនក្រោយ គឺកូនពេញបេះដូងទាំងអស់គ្នា ដោយអ្នកនាងស្រឡាញ់គាត់ត្រង់គាត់សុភាពស្លូតបូត ។ ជាពិសេសពេលប្រពន្ធដើមឈឺ គាត់តស៊ូមើលថែទាំងថ្ងៃទាំងយប់ ទោះហត់នឿយពិបាកបែបណា។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ