កសិករ​ដាំ​ជីរ​ណា ឬ​ជី​ស្លឹក​វែង​អាច​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​បើ​ត្រូវ​ថ្លៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កសិករ​ដាំ​ជីរ​ណា ឬ​ជី​ស្លឹក​វែង​អាច​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​បើ​ត្រូវ​ថ្លៃ

1 ឆ្នាំ មុន
  • Kandal

ខេត្តកណ្តាល ៖ ជីរ​ណា ឬ​ជី​ស្លឹក​វែង​បាន​ធ្វើ​ឲ្យ​កសិករ​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​នៅ​ពេល​ត្រូវ​ថ្លៃ​ក្នុង​រដូវ​ប្រមូល​ម្តង​ៗ ។ នេះ បើ​តាម​សម្តី​របស់​កសិករ​ម្នាក់​កំពុង​ប្រមូល​ផល ឬ​កាត់​ជីរ​ណា ។ ដោយ​កំពុង​ប្រមូល​ផល​ជី​ដែល​កាត់​រួច​ពី​កម្មករ​ស៊ីឈ្នួល​កំពុង​កាត់​ក្នុង​កសិដ្ឋាន…

ខេត្តកណ្តាល ៖ ជីរ​ណា ឬ​ជី​ស្លឹក​វែង​បាន​ធ្វើ​ឲ្យ​កសិករ​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​នៅ​ពេល​ត្រូវ​ថ្លៃ​ក្នុង​រដូវ​ប្រមូល​ម្តង​ៗ ។ នេះ បើ​តាម​សម្តី​របស់​កសិករ​ម្នាក់​កំពុង​ប្រមូល​ផល ឬ​កាត់​ជីរ​ណា ។

ដោយ​កំពុង​ប្រមូល​ផល​ជី​ដែល​កាត់​រួច​ពី​កម្មករ​ស៊ីឈ្នួល​កំពុង​កាត់​ក្នុង​កសិដ្ឋាន លោក លី​ម ហុង រស់នៅ​ក្នុងភូមិ​ន​សំប៉ាន់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ជីរ​ណា ដែល​គាត់​កាត់​លក់​ឲ្យ​ម៉ូយ​មាន​តម្លៃ​ជាង​រាល់ថ្ងៃ ដោយ​មាន​ម៉ូយ​ច្រើន​មក​ទិញ​បន្តិច​ៗ​ម្នាក់ ខ្លះ​២០ ឬ​៣០ ឬ​លើស​ពី​នេះ ដោយ​ក្នុង​មួយ​គីឡូ​៣០០០​ទៅ​៣៥០០​រៀល ។ ជី​នេះ​ដាំ​ក្នុង​ទំហំ​ជាង​៣០​អា ដោយ​ចំណាយ​ដើមទុន​ក្នុង​ការ​ដាំ​ដុះ​មាន​ទិញ​ដើម​ឬ​ស្ស៊ី​សម្រាប់​បោះបង្គោល និង​ស្បៃ​សរុប​ទាំងអស់​ប្រមាណ​៥​ពាន់​ដុល្លារ ដោយ​បង្គោល​ឬ​ស្សី​មួយ​ដើម​ថ្លៃ​៣០០០​រៀល ចំណែក​ស្បៃ​មួយ​កី ឬ​មួយ​ដុំ​តម្លៃ​៥០​ដុល្លារ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាប់​ជី​ដែល​ទិញ​មក​ដាំ​មួយ​គីឡូ​៣០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​ក៏​មាន ។ ប៉ុន្តែ​ជី​ដែល​គាត់​ដាំ​នេះ​ជា​ពូជ​ដែល​ទុក​ខ្លួនឯង ដូច្នេះ​មាន​ភាព​ងាយស្រួល​មួយ​កម្រិត ក្នុង​ការ​មិន​ចំនាញ​ទៅ​លើ​គ្រាប់ពូជ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជីរ​ណា​មាន​រយៈពេល​៣​ខែ ឬ​លើស​ពី​នេះ​ទើប​ទទួល​បាន​ផល ឬ​អាច​កាត់​លក់​ឲ្យ​ម៉ូយ​បាន ។ ប៉ុន្តែ​មុន​នឹង​ទទួល​បាន​ផល​លោក​ក៏​បាន​ចំណាយ​លើ​កម្មករ​ដកស្មៅ និង​ដាក់​ជីអ៊ុយរ៉េ និង​បាញ់​ផ្នាំ​សម្លាប់​សត្វល្អិត​ផង​ដែរ​ដើម្បី​ឲ្យ​ឆាប់​លូត​បាន​វែង​រហូត​ឈាន​ដល់​កាត់​ទៅ​លក់ ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​បាន​បាច​គ្រាប់ពូជ​ដោយ​ដី​មួយ​អា ប្រើ​គ្រាប់​មួយ​គីឡូ​តែ​គេ​ខ្លះ​មិន​ដាក់​ច្រើន​ដូច​ខ្ញុំ​ទេ គឺ​ដាក់​លើស​កន្លះ​គីឡូ ឬ​លើស​ពី​នេះ​តិចតួច​ប៉ុណ្ណោះ ។ ខ្ញុំ​ដាំ បាន​ស្រោច​ទឹក ដាក់​ជី​ស (​ជីអ៊ុយរ៉េ ឬ​ជី​ក្រហម​) ដើម្បី​ឲ្យ​វា​ឆាប់​លូត​បាន​លឿន ។ ហើយ​ដី​ដែល​ខ្ញុំ​ដាំ និង​កំពុង​កាត់​នេះ​មាន​ជាង​៣០​អា ដោយ​បាន​កាត់​លក់​ជា​បណ្តើរ​ៗ​ហើយ​» ។

កសិករ​ដដែល​ក៏​បាន​លើក​ឡើង​ទៀត​ថា ជី​ដែល​គាត់​ដាំ​អាច​កាត់​សារ​ចុះឡើង​រហូត​ដល់​១០​សារ ឬ​ដង នៅ​ពេល​កាត់​រួច​ហើយ​គាត់​ស្រោច​ទឹក និង​ដាក់​ជី​ស ដើម្បី​ឲ្យ​វា​ឆាប់​លូត ។ លោក​បាន​ប្រើប្រាស់​ឈ្នួល​មក​កាត់​ជា​ច្រើន​នាក់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ៗ​ក្នុង​តម្លៃ​២០០០០​រៀល ទៅ​២៥០០០​រៀល ។ ប៉ុន្តែ​ដោយសារ​តម្រូវការ​ម៉ូត​មាន​កម្រិត ស្រប​ពេល​ជី​ចុះថ្លៃ​ផង​នោះ​លោក​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​តែ​រយៈពេល​មួយ​ព្រឹក​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ កសិករ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា រយៈពេល​៤ ឬ​៥​ខែ​កន្លង​មក​ជីរ​ណា​នេះ​មាន​ហាងឆេង ឬ​តម្លៃ​ថ្លៃ​គួរសម​ដោយ​តម្លៃ​រហូត​ដល់​៧០០០​រៀល ប៉ុន្តែ​ឥឡូវ​ធ្លាក់​ចុះ​មក​ត្រឹមតែ​៣០០០​រៀល ឬ​៣៥០០​រៀល​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ក្នុង​កា​រក​ដាំ​ជីរ​ណា​នេះ តម្លៃ​ក៏​ធ្លាក់​មក​ត្រឹម​១០០០​រៀល​ក៏​មាន ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​គិតគូរ​ដល់​តម្លៃ​ជីរ​ណា​នេះ​ផង​ដែរ ព្រោះថា បើសិនជា​ធ្លាក់​ថ្លៃ​ពេក​លោក​ពិតជា​ពិបាក​ក្នុង​ដាំ​ដុះ​ជីរ​ណា​នេះ ពិសេស​នោះ​គួរ​ពិ​រ​ចារ​ណា​បិទ​ការ​នាំ​ចូលរ​ជីរ​ណា​នេះ ពី​ប្រទេស​ជិតខាង​ផង​ដែរ​៕