ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសអាស៊ាន ចែករំលែក​បទ​ពិសោធន៍​ការ​អភិវឌ្ឍន៍​ថាមពល​ប្រកបដោយ​គុណភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​បណ្ដាញ​បញ្ញត្តិ​ករ​ថាមពល​អាស៊ាន សម្រាប់​ឆ្នាំ ២០១៨-២០១៩ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​បណ្ដាញ​បញ្ញត្តិ​ករ​ថាមពល​អាស៊ាន លើក​ទី ១០ នៅ​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​បណ្ដាញ​បញ្ញត្តិ​ករ​ថាមពល​អាស៊ាន សម្រាប់​ឆ្នាំ ២០១៨-២០១៩ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​បណ្ដាញ​បញ្ញត្តិ​ករ​ថាមពល​អាស៊ាន លើក​ទី ១០ នៅ​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​ប​ញ្ញ​ប​ត្តិករ ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ពី​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ។ ក្នុង​កិច្ចប្រជុំ​នោះ បណ្ដា​ប្រទេស​នីមួយ​ៗ បាន​ចែករំលែក​បទ​ពិសោធន៍ ពី​ការ​អភិវឌ្ឍ​ថាមពល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជា​សមាជិក ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ថាមពល​ប្រកបដោយ​គុណភាព ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​កាលពី​ថ្ងៃ​ទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ លោក យឹ​ម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​បណ្ដាញ​បញ្ញត្តិ​ករ​ថាមពល​អាស៊ាន បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់ ដើម្បី​ចែករំលែក​ពី​ការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​នីមួយ​ៗ ក៏​ដូច​ជា​ជជែក​ដោះស្រាយ​ពី​បញ្ហា​ថាមពល​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។ លោក​បន្ត​ថា «​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏​នឹង​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​សមាជិក​ធ្វើ​បាន​ជោគជ័យ ដើម្បី​ចែក​ទៅ​ដល់​ប្រទេស​មិន​ទាន់​បាន​អនុវត្តន៍​ផង​ដែរ​» ។

លោក​បន្ត​ទៀត​ថា កិច្ចប្រជុំ​នេះ​ក៏​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ ២០២០-២០២១ ផង​ដែរ ដែល​ជា​ការ​ត្រូវ​គិតគូរ​ជា​មុន ដើម្បី​អនុវត្តន៍​ទាំងអស់​អោយ​ទទួល​បាន​ជោគជ័យ​ផ្លែផ្កា និង​បំពេញ​ទៅ​តាម​តម្រូវការ​ថាមពល​ក្នុង​ប​ណ្ណា​ប្រទេស​នីមួយ​ៗ ។ សម្រាប់​កម្ពុជា ការ​អភិវឌ្ឍ​ថាមពល​ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​បាន​បង្ហាញ​ថា កា​រត​បណ្ដាញ​អគ្គិសនី​ចូល​ភូមិ​ទូ​ទាំង​ប្រទេស​សម្រេច​បាន ៩៩,៤៨ ភាគរយ ស្មើនឹង ១៤.០៩៥ ភូមិ នៅ​សល់​តែ​ចំនួន ៧៣ ភូមិ​ទៀត នឹង​គ្រប់​ភូមិ​ទាំងអស់​ទូ​ទាំង​ប្រទេស​ហើយ និង​ត្រូវ​សម្រេច​អោយ​គ្រប់​ទូ​ទាំង​ប្រទេស​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក យឹ​ម វិសិដ្ឋ បាន​បញ្ជាក់​ថា បណ្តាញ​ជាតិ គឺជា​ប្រព័ន្ធ​ផ្តល់​សេវា​បញ្ជូន​អគ្គិសនី​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ៣ គឺ​បណ្តាញ​បញ្ជូន​តង់ស្យុង​ខ្ពស់ អនុ​ស្ថានីយ និង​មជ្ឈមណ្ឌល​បញ្ជា ។ ការ​អភិវឌ្ឍ​បណ្តាញ​ជាតិ​មាន​គោលបំណង​សំខាន់​ៗ ៣ គឺ​៖ ទី ១- បើកឱកាស​ឲ្យ​យើង​អាច​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ដែល​មាន​សក្តានុពល នៅ​ទីតាំង​ផ្សេង​ៗ ភ្ជាប់​បញ្ចូល​មក​ក្នុង​បណ្តាញ​ជាតិ​, ទី ២- គ្រប់គ្រង​ការ​ទទួល​ប្រភព​អគ្គិសនី​ទាំងនេះ​តាម ពេលវេលា និង​រដូវ​កាល​មក​លាយ​បញ្ចូល​គ្នា​តម្រូវ​ទៅ​តាម​ទំហំ​នៃ​សេចក្តី​ត្រូវការ​ប្រើប្រាស់​តាម​ពេល​នីមួយ​ៗ និង​ទី ៣- បញ្ជូន​ប្រភព​អគ្គិសនី​ទាំងនេះ​ទៅ​ឲ្យ​រាជធានី​-​ខេត្ត និង​តំបន់​នានា តាម​រយៈ​អនុ​ស្ថានីយ​របស់​ខ្លួន ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​អគ្គិសនី​បន្ត​ឲ្យ​ទៅ​អ្នក​ប្រើប្រាស់ ហើយ​នៅ​ចុងឆ្នាំ ២០១៩ នេះ​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ខាងលើ បណ្តាញ​ជាតិ​មាន​លទ្ធភាព​នាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​វៀតណាម ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា នៅ​កម្ពុជា ការ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ប្រើប្រាស់​តាម​មធ្យោបាយ​របស់​អ្នក​ផ្គត់ផ្គង់​មាន ៣ ប្រភេទ ទី ១- តាម​រយៈ​អនុ​ស្ថានីយ​បណ្ដាញ​ជាតិ​ចំពោះ​អ្នក​ប្រើប្រាស់​អគ្គិសនី​ធុន​ធំ ដែល​មាន​អានុភាព​ចាប់ពី ១០ មេ​ហ្កា​វ៉ា​ត់​ឡើង​ទៅ ទី ២- តាម​រយៈ​បណ្ដាញ​បញ្ជូន​រង​របស់​អ្នក​បញ្ជូន​រង ចំពោះ​អ្នក​ប្រើប្រាស់​ធុន​ធំ MV ដែល​មាន​អានុភាព​ចាប់ពី 275 KVA ឡើ​ទៅ និង​ទី ៣- តាម​រយៈ​បណ្ដាញ​ចែកចាយ MV និង LV របស់​អ្នក​ចែកចាយ ចំពោះ​អ្នក​ប្រើប្រាស់​រាយ​ដែល​អានុភាព​តូច​ជាង 275 KVA មាន​សិទ្ធិ​ជ្រើសរើស ការ​ផ្គត់ផ្គង់​ចេញពី​បណ្ដាញ​បញ្ជូន​រង​របស់​អ្នក​ប​ញ្ចូ​ន​រង ឬ​ចេញពី​បណ្ដាញ MV របស់​អ្នក​ចែកចាយ​ទៅ​តាម​បំណង​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ ។

តាម​របាយការណ៍​នេះ​បង្ហាញ​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០១៩ នេះ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ បញ្ជូន​រង និង​ប្រព័ន្ធ​ចែកចាយ​ដែល​បាន​អភិវឌ្ឍន៍​រួច​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ឃើញ​ថា ការ​វិនិយោគ​ដោយ​ឯកជន​មាន​បរិមាណ និង​ទំហំ​ច្រើន​ជាង​ការ​វិនិយោគ​ដោយ​អគ្គិសនី​កម្ពុជា ។

បើ​តាម​មន្ត្រី​នៃ​អគ្គិសនី​កម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​កែប្រែ និង​ពង្រីក​ការ​វិនិយោគ​ថាមពល​អគ្គិសនី​ពី​ប្រព័ន្ធ​សូ​ឡា​បន្ថែម​ទៀត ដោយ​បាន​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្នុង និង​ក្រៅប្រទេស ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​របស់​ខ្លួន ។ មិនមែន​តែ​កម្ពុជា​ទេ ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍​ថាមពល សូ​ឡា​នេះ​កាន់តែ​ច្រើន​ផង​ដែរ ដោយសារ​តែ​វា​ជា​ថាមពល​ដែល​អាច​កកើត​ឡើង​វិញ និង​មិន​មាន​ផល​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន ។

សូម​រំឭក​ថា​បច្ចុប្បន្ន ថាមពល​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រភព​សំខាន់​ៗ​មក​ពី​ប្រភព​ដុត​ធ្យូងថ្ម ប្រភព​វា​រី​អគ្គិសនី ប្រភព​ដុត​ប្រេង ប្រភព​ថាមពល​កកើត​ឡើង​វិញ ប្រភព​បាន​មក​ពី​អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​បាន​បញ្ចេញ​ក្នុង​រដូវប្រាំង និង​ប្រភព​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដូច​ជា​ថៃ វៀតណាម និង​ឡាវ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ