មានឬមិនមានប្រយោជន៍ក៏ព្រោះពាក្យសម្តី ។ ពាក្យសម្តីមនុស្សយើងសំខាន់ណាស់ បើនិយាយត្រឹមត្រូវពិតត្រង់នឹងបានជាប្រយោជន៍ដល់អ្នកស្តាប់ តែបើនិយាយបែបភូតកុហក បោកប្រាស់គេនាំឱ្យខូចប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃ ព្រោះថា សម្តីភូតកុហកបានតែម្តងប៉ុណ្ណោះ នៅពេលគេដឹងពុតត្បុត ស្គាល់មារយាទ ថ្ងៃក្រោយទោះជានិយាយការពិតយ៉ាងណាក៏គេលែងជឿទៀតហើយ សម្តីបុគ្គលនោះសាបដូចទឹកគឺស៊យមួយជីវិត ។ ហេតុនោះហើយទើបចាស់បុរាណលោកពោលថា មនុស្សគេយកសម្តីបើសម្តីពោលទៅហើយត្រូវធ្វើឱ្យបាន ។
សម្តីដែលនិយាយចេញទៅប្រកបដោយលក្ខណៈល្អ៤យ៉ាងនឹងបានជាប្រយោជន៍ច្រើនដល់អ្នកស្តាប់គឺៈ ១- មិននិយាយកុហក ២-មិននិយាយញុះញង់ ៣-មិននិយាយទ្រគោះបោះបោក និង៤-មិននិយាយពាក្យរោយរាយឥតប្រយោជន៍ ។
សម្តីទាំង៤យ៉ាងនេះលោកចាត់ថាជាសម្តីត្រូវ ឬការនិយាយត្រូវ ឬក៏ហៅថាសម្មាវាចាដូច្នេះវិញក៏បាន ។
ដូចដែលព្រះភគវាទ្រង់ត្រាស់សម្តែងទុកនៅក្នុងគម្ពីរមជ្ឈិមនិកាយត្រង់មហាចត្តារីសកសូត្រថា ម្នាលភិក្ខុទាំងឡាយតថាគតសម្តែងនូវសម្មាវាចានេះជាចំណែកពីរ ម្នាលភិក្ខុទាំងឡាយ សម្មាវាចាប្រកបដោយអាសវៈជាចំណែកនៃបុណ្យឱ្យផលទាន់ភ្នែកនៅក្នុងលោកនេះក៏មាន និងសម្មាវាចាដ៏ប្រសើរឱ្យផលទៅក្នុងជាតិខាងមុខក៏មាន ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ