សម្តេច​តេ​ជោ ចំអក​ទៅ​អ្នក​ទាមទារ​គោរព​រឿង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថា មិន​បានដឹង​ពី​កិច្ចព្រមព្រៀង​ចេញពី​ណា​ផង


រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​និយាយ​ចំ​ៗ​ទៅ​កាន់​ក្រុមប្រឆាំង​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ចំអក​ទៅ​កាន់​អ្នក​ទាមទារ​ទា​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថា ចេះ​តែ​និយាយ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ប៉ុន្តែ​មិន​បានដឹង​ពី​កិច្ចព្រមព្រៀង​នោះ​ចេញពី​ណា​ផង​ហ្នឹង ។

ការ​ចំអក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​ក៏​ដូច​ជា អ្នកវិភាគ​នយោបាយ​ដែល​មានគំនិត​លម្អៀង​គាំទ្រ​ក្រុមប្រឆាំង​បាន​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ជា​រើ​យ​ៗ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាល​វិទ្យាល័យ​វេ​ស្ទើ​ន​ចំនួន​២,៨៣១​នាក់ នារី​មាន​ចំនួន​១,៦១៤​នាក់ ដែល​ក្នុង​នោះ​មាន​ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​អ្នកខ្លះ​ចេញ​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ។

ខ្ញុំ​ចេះ​តែ​ឆ្ងល់​ចំពោះ​អ្នក​ដែល​ពូកែ​ស្រែក​ពី​កិច្ចព្រមព្រៀង​ទី​ក្រុ​ប៉ា​រី​ស​ណាស់ ។ អ្នក​ដែល​ពូកែ​ស្រែក​ជាង គឺ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ប៉ា​រី​សទាំង​មិនដឹង​កិច្ចព្រមព្រៀង​ប៉ា​រី​ស​នោះ​បែរមុខ​ទៅ​ខាង​ណា​ផង​ហ្នឹង​» ។ សម្តេច​បន្ត​ថា អ្នកចេះ​តែ​ស្រែក​ឲ្យ​គេ​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស តែ​មិនដឹង​កិច្ចព្រមព្រៀង​នេះ​កើត​ចេញពី​ត្រង់​ណា​ផង​ទៀត ។ សូ​ម្បី​តែ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ (SNC) កើត​ចេញពី​ត្រង់​ណា​មិន​ដឹងផង ។ ការ​ពិត​ការ​បង្កើត​ត្រូវ​បាន​សម្តេច​ស្នើ​សុំ​តាំងពី​ឆ្នាំ​១៩៨៨ ប៉ុន្តែ​ត្រូវ​បាន​ទាត់​ចោល​ដោយពេល​នោះ​ដោយ​ឲ្យ​ប្រធាន​១​រូប និង​អនុប្រធាន​៣​រូប ។

ក្រោយ​បង្កើត​នៅ​ទីក្រុង​បាងកក​ដែល​ចុះហត្ថលេខា​រវាង​សម្តេច​ជាមួយ​សម្តេចព្រះ​បរ​មន​រត​កោដ្ឋ​តែ​ប៉ុណ្ណោះ ។ ដើម្បី​ឲ្យ​គ្រប់គ្រាន់​ជប៉ុន​ក៏​រៀបចំ​ជំនួប​នៅ​ទីក្រុង​តូ​ក្បូ ដោយ​មាន​គ្រប់​ភាគី ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទំ​រាំ​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ មានការ​ចរចារ​គ្នា​ជា​ច្រើន​លើក​មក​ហើយ ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ថា ២​ធ្នូ សម្រាប់​សម្ដេច​មិនមែន​មាន​ត្រឹមតែ​មួយ​នោះ​ទេ គឺ​មាន​រហូត​ទៅ​ដល់​៣​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ។ សម្ដេច​បាន​ថ្លែង​ថា ខែធ្នូ​នេះ គួរ​និយាយ​អំពី​បញ្ហា​ខ្លះ​ដែល​មិន​ទាន់​បាន​និយាយ​ដោយ​កន្លង​ទៅ​កម្ពុជា​បាន​ធ្វើ​ខួប​លើក​ទី​៤២​ឆ្នាំ​នៃ​ការ​បង្កើត​រណ​ស្សិរ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។

សម្ដេច​បន្ត​ថា «​ក៏​ប៉ុន្តែ​២​ធ្នូ សម្រាប់​ខ្ញុំ មិនមែន​មាន​ត្រឹមតែ​២​ធ្នូ​មួយ​ទេ សម្រាប់​ខ្ញុំ គឺ​មាន ២​ធ្នូ រហូត​ទៅ​ដល់​៣​ឯណោះ​» ។ សម្ដេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ទាំង​បី​នោះ​រួម​មាន ៖​ទី​១- ២​ធ្នូ នៃ​ការ​បង្កើត​រណ​ស្សិរ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា (១៩៧៨) ទី​២- ២​ធ្នូ ជំនួប​ចរចារ​លើក​ដំបូង រវាង​សម្ដេច​ជាមួយ​សម្ដេច​ព្រះបាទ​ព្រះ​នរោត្តម​សីហ​នុ​អតីត​ព្រះមហាក្សត្រ​កម្ពុជា នៅ​ហ្វ៊័​រ​អង់​តា​ដូណ​ល (​ព្រឹ​ត្ត​ការណ៍​២​ធ្នូ ទាក់ទិន​ជាមួយ​សន្តិភាព​របស់​កម្ពុជា​) ចំណែក​ទី​៣- គឺ​២​ធ្នូ ១៩៨៧​រហូត​ដល់​២​ធ្នូ ២០១៩ ដោយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៣២​ឆ្នាំ​ហើយ​នៃ​ការ​ចរចា​រវាង​សីហ​នុ​-​ហ៊ុន​សែន ដែល​ជា​ការ​ចាប់ផ្ដើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​ដោះស្រាយ​បញ្ហា​កម្ពុជា​តាម​ផ្លូវ​នយោបាយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ