ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរត្បាញកន្ទេលក្រហមកំពុងតែបាត់បង់បណ្តើៗហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ភូមិ​ចុង​ព្រែក ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល និង​អ្នក​ភូមិ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ភូមិ​ចុង​ព្រែក ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល និង​អ្នក​ភូមិ​ទី​៤ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​ពី​ដើម​ឡើយ នាំ​គ្នា​ត្បាញកន្ទេល​ក្រហម​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា និង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ពេល​នេះ​គេ​មើលឃើញ​នៅ​សល់​តិចតួច​ដែល​នៅ​បន្ត​ត្បាញកន្ទេល​ក្រហម ហើយ​ភាព​ច្រើន​ជា​មនុស្ស​ចំណាស់​ប៉ុណ្ណោះ ។

អ្នកស្រី​សុខ នាង ស្ថិត​ក្នុង​អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​កំពុង​តែ​ត្បាញកន្ទេល​ក្រហម​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ បច្ចុប្បន្ន​នៅ​ឃុំ​កង​តា​ណឹ​ង​មិនសូវ​មាន​អ្នក​ត្បាញកន្ទេល​ក្រហម​ដូច​ពី​មុន​នោះ​ទេ ។ គាត់​និយាយ​បន្ថែម​ទៀត​ថា ក្រោយ​មាន​បង្កើត​រោងចក្រ​យុវជន យុវនារី​គេ​នាំ​គ្នា​ទៅ​ធ្វើការ​រោងចក្រ​ស្ទើ​អស់ពី​ភូមិ​ទៅ​ហើយ ។ សល់​តែ​ចាស់​ៗ​នាំ​គ្នា​ត្បាញ​កន្ទេលកក់​សម្រាប់​ទុក​ប្រើ​ប្រាក់​ក្នុងផ្ទះ ។ ទោះជា​យ៉ាងណា នៅ​ពេល​បច្ចុប្បន្ន​នេះ​មានគ្រួសារ​តិចតួច​ប៉ុណ្ណោះ ដែល​នៅ​បន្ត​រក្សា​កេ​រិ៍​ដូនតា​មួយ​នេះ ។

ដោយឡែក អ្នកស្រី​ប៉ាន់ លឹ​ម​ហួ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​និយាយ​ថា កាល​ដើម​ឡើយ​នៅ​ក្នុង​ព្រែក​តា​មា​ក​នេះ​សំបូរ​អ្នក​ប្រកប​មុខរបរ​ត្បាញកន្ទេល​ក្រហម​តាម​ផ្ទះ​មិន​ក្រោម​ពី​២០០​គ្រួសារ​នោះ​ទេ ។ តែ​ពេល​នេះ​ពួក​គេ​បាន​បោះបង់​ចោល​ជា​បណ្តើ​ៗ ហើយ ទី​មួយ ដោយសារ​វត្ថុធាតុដើម​ដូច​ជា កក់ ក្រចៅ​ឡើងថ្លៃ​ពេក ហើយ​តម្លៃ​កន្ទេល​លក់​បាន​ថោក ។

គាត់​និយាយ​ទៀត​ថា ម្យ៉ាងវិញទៀត​យុវជន​យុវនារី​គេ​នាំ​គ្នា​ទៅ​ធ្វើការ​រោងចក្រ​អស់ ហើយ​ឲ្យ​ពួក​គេ​មក​អង្គុយ​ត្បាញ​ពួក​គេ​មិន​អាច​ធ្វើ​បាន​ឡើយ ។ នៅ​សល់​ចាស់​ៗ​ចេះ​តែ​នាំ​ត្បាញ​ទៅ​កុំ​បាត់បង់​មុខរបរ​មួយ​នេះ ដែល​បន្សល់​ទុក​ពី​ដូនតា​មក ។ ចំនួន​អ្នក​ត្បាញកន្ទេល​ក្រហម​នេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ។

អ្នក​ត្បាញកន្ទេល​ក្រហម សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ សូម​ជួយ​គាំទ្រ​ទិញ​ផលិតផល​កន្ទេលក្រហម​របស់​ពួក​គាត់​ផង ម្យ៉ាង​ដើម្បី​ជួយ​រក្សា​ស្នាដៃ និង​មរតក​តាំងពី​ដូនតា និង​ម្យ៉ាងទៀត​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ឲ្យ​មានការ​ងារ​ធ្វើ និង​មាន​ជីវភាព​ធូរធា​មួយ​កម្រិត​ថែម​ទៀត​ផង​ដែរ ។ កន្ទេលក្រហម​ជា​កន្ទេល​ដែល​ទទួលទានដំណេក​ទៅ​មាន​ភាព​ត្រជាក់​ខ្នង មិន​ក្តៅ​ដូច​កន្ទេលនីឡុង​ទេ និង​មាន​ពណ៌​ស្រស់​ស្អាត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ