ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បង្កប់​ក្នុង​ធុងបាស់​បំរុង​ឆ្លង​ដែន បែកធ្លាយ​ត្រឹម​២​ប្រទេស​សហការ​គ្នា​បង្ក្រាប

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន​៤​កញ្ចប់​ធំ​លាក់​ទុក​ក្នុង​ធុងបាស់​រួច​បម្រុង​ឆ្លង​ដែន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប និង​ដកហូត​បាន ខណៈ​ពេល​ជនសង្ស័យ​បំរុង​លួច​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។ បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​បង្ក្រាប​ការ​ដឹក​ជញ្ជូន…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន​៤​កញ្ចប់​ធំ​លាក់​ទុក​ក្នុង​ធុងបាស់​រួច​បម្រុង​ឆ្លង​ដែន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប និង​ដកហូត​បាន ខណៈ​ពេល​ជនសង្ស័យ​បំរុង​លួច​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​បង្ក្រាប​ការ​ដឹក​ជញ្ជូន រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខាងលើ​នេះ ក្រោយ​ពេល​ដែល​សមត្ថកិច្ច​កម្ពុជា​ទទួល​ព័ត៌មាន​ពី​ខាង​សមត្ថ​កិច្ច​នៃ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​ថា មាន​ក្រុម​ឧក្រិដ្ឋជន​បម្រុង​​យក​គ្រឿងញៀន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​អន្តរជាតិ​ក្រុង​បា​វិត​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត លោក​វរសេនីយ៍ឯក កែវ គង់ អធិការ​នគរបាល​ក្រុង​បា​វិត​បាន​ទទួល​​ព័ត៌មាន​ពី​សមត្ថកិច្ច​គយ​វៀតណាម​តាម​រយៈ​ទូរស័ព្ទ​មក​ថា សមត្ថកិច្ច​វៀតណាម បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​កម្ពុជា​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១​គីឡូក្រាម​ពី​ឈ្មោះ អ៊ុំ ណាំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រត់ការ​លិខិតឆ្លងដែន​កម្ពុជា​-​វៀតណាម មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

កិច្ច​ប្រប​ត្តិ​ការណ៍​បង្ក្រាប​នេះ ដោយ​មានការ​សហការ​ពី​សមត្ថកិច្ច​វៀតណាម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​មក​កម្ពុជា​វិញ ដើម្បី​ធ្វើការ​សាកសួរ ។ បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា មាន​អីវ៉ាន់​ចំនួន​២​កេស​ទៀត​ផ្ញើ​ទុក​នៅ​ហាង​បាយ​យីហោ (​តា​លឿង​) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយ​រៀង​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​ពេល​បាន​តម្រុយ​ដូច្នេះ​ហើយ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​អីវ៉ាន់​នៅ​នោះ​ដោយ​ឃើញ​មាន​ធុងបាស់​ចំនួន​២​គ្រឿង ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​បាន​គាស់​ធុងបាស់​នោះ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មាន​កញ្ចប់​គួរ​ឲ្យ​សង្ស័យ​ចំនួន​៤​កញ្ចប់​ធំ ជា​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ដោយ​សង្ស័យ​ថា ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ (​ម៉ា​ទឹកកក​) ដោយ​ក្នុង​១​ធុងបាស់​នោះ គឺ​លាក់​ទុក​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ សរុប​ធុងបាស់​ទាំង​២​គ្រឿង​ខាងលើ​នេះ គឺ​មាន​៤​កញ្ចប់​ធំ​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ថ្នាំ​ញៀន​៤​កញ្ចប់​ធំ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​ស្រាវជ្រាវ​រក​មេ​ក្ខោ​ង មក​ផ្តន្ទាទោស​តាម​ច្បាប់​។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​គ្រឿងញៀន​ទាំងអស់​ចំនួន​៤​កញ្ចប់​ធំ​មាន​ទម្ងន់​៤,១៤០.០៨​​ក្រាម​។ ប៉ុន្តែ​បើ​គិត​ទាំង​ខាង​វៀតណាម ដែល​ចាប់​បាន​នៅ​ប្រទេស​វៀតណាម​ទៀត​នោះ សរុប​ទាំងអស់​៥​កញ្ចប់​ធំ ស្មើ​ជាង​៥​គីឡូក្រាម គិត​ទាំង​សំបក​វេច​ខ្ចប់​។ (​កែសម្រួល​ដោយ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ