រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវ51 ខណៈមកដល់ក្បែរនឹងវត្តភ្នំ ស្រាប់តែមានពស់ថ្លាន់មួយក្បាលធំ ហើយវែង បានលូនឡើងលើកង់បី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8និង30នាទីយប់ ថ្ងៃទី17 ខែធ្នូ ឆ្នាំ2019 តាមបណ្តោយផ្លូវ51 នៅចំណុចក្បែរនឹងវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
បើសាក្សីឃើញហេតុការណ៍បានយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GT0818 បើកបរតាមបណ្តោយផ្លូវ51 ពីជើងទៅត្បូង ទើបចេញមកពីហូបបាយរួច ក៏បើកមកដល់ក្បែរនឹងវត្តភ្នំនៅកន្លែងលោកយាយពីង ស្រាប់តែមានសត្វពស់ថ្លាន់១ក្បាលដ៏ធំបានលូនកាត់ផ្លូវ។
ប្រភពដដែលបន្តថា ដោយឃើញបែបនេះ គាត់ក៏ឈប់ម៉ូតូកង់បីឱ្យពស់ថ្លាន់នោះលូនទៅឱ្យផុត ប៉ុន្តែបែរជាពស់ថ្លាន់នោះ បានលូនឡើងម៉ូតូកង់បី ហើយលូនចូលក្នុងចង្កូតម៉ូតូសង្ងំធ្វើមិនដឹង ធ្វើឱ្យអ្នកធ្វើដំណើរតាមដងផ្លូវនាំគ្នាចោមរោមមើល និងនាំគ្នាទាញយកសត្វពស់ថ្លាន់នោះចេញ ក៏ប៉ុន្តែពស់ថ្លាន់នោះអត់ព្រមចេញសោះ ទាល់តែជិតមួយម៉ោងទើបយកចេញបាន ។
ក្រោយពេលកើតហេតុខាងលើនេះ បុរសជាអ្នករត់ម៉ូតូកង់បី ក៏បានយកពស់ថ្លាន់នោះយកទៅលេងនៅឯវត្តភ្នំវិញ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ