នៅពេលយើងនិយាយអំពីប្រព័ន្ធបង្ហាញព័ត៌មាន និងកំសាន្តលើអេក្រង់ (Infotainment) រថយន្ត Audi គឺតែងតែនាំមុខគេ ។ ក្រុមហ៊ុននេះបានបង្កើតការបញ្ជាដោយគ្មានប៊ូតុងនៅផ្នែកខាងក្នុងរថយន្ត ដែលគ្រប់តែប្រើការប៉ះស្រាលៗជាការស្រេច។ នៅពេលនេះ គេឃើញមានប៊ូតុងត្រឹមតែតិចតួចប៉ុណ្ណោះនៅលើរថយន្តម៉ូដែលបច្ចុប្បន្នដូចជា A8, A7, A6 និង Q8។ ការកាត់បន្ថយប៊ូតុង គឺគ្រាន់តែជាជំហានទីមួយរបស់ Audi តែប៉ុណ្ណោះ ។
លោក Marc Lichte ប្រធានផ្នែករចនាម៉ូដរបស់ក្រុមហ៊ុន Audi បានប្រាប់សារព័ត៌មាន Motor Authority ថា ជំហានបន្ទាប់គឺជាការប្រើប្រាស់បច្ចេកវិទ្យាបង្ហាញលើកញ្ចក់ខាងមុខនៃរថយន្ត ពីព័ត៌មានទូទៅនិងការបញ្ជាផ្សេងៗ ។
ក្រោយមកទៀត លោក Lichte ប្រាប់ថា ប៊ូតុងបញ្ជាផ្សេងៗនឹងត្រូវបានបំបាត់ចោល ហើយសូម្បីតែប្រដាប់បង្វិលបន្ថែមបន្ថយសម្លេងក៏គ្មានដែរ។ ជាមួយគ្នានេះដែរ គេនឹងដាក់អេក្រង់យ៉ាងធំមួយ សម្រាប់ឱ្យទាំងអ្នកបើកបរនិងអ្នកដំណើរ ប្រើប្រាស់ក្នុងការបញ្ជា ដោយការប៉ះស្រាលៗ និង ការបញ្ជាដោយសម្លេង។
ការបញ្ជាដោយប្រើប្រាស់បន្ទះអេក្រង់មួយយ៉ាងធំ ដោយគ្មានប៊ូតុង គឺជាក្តីស្រមៃរបស់អ្នករចនាម៉ូដរថយន្តលក្ខណៈ Minimalist ជាយូរណាស់មកហើយ។ តែអ្វីជាបញ្ហាគឺថា អេក្រង់មានតំលៃថ្លៃ ហើយការបញ្ជាកប់នៅក្នុងមីនុយអេក្រង់ អាចធ្វើឱ្យអ្នកបើកបរខ្លះធុញ ព្រោះតែប្រើមិនទាន់ចិត្ត។ ម្យ៉ាងវិញទៀត វាក៏មិនសូវជាធន់ប៉ុន្មានដែរ បើធៀបជាមួយនឹងការបញ្ជាដោយប៊ូតុង។ ជាងនេះទៅទៀត វាមិនអាចផ្តល់អារម្មណ៍ឱ្យយើងដឹងពេលចុច ដូចជាការប្រើប្រាស់ប៊ូតុងនោះទេ។ អ្នកបើកបរទាមទារ ត្រូវមើលឱ្យចំចំនុចមុននឹងអាចចុចបាន ដែលវាពិបាកជាងការចុចប៊ូតុងដោយមិនបាច់មើល។
យើងមិននិយាយថាវាមិនអាច ឬ មិនគួរធ្វើនោះទេ ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងការមើលឃើញយ៉ាងច្បាស់ពីរបៀបដែលក្រុមហ៊ុនរថយន្ត Audi សម្រេចក្តីបំណងរបស់ខ្លួនក្នុងការធ្វើដូចនេះ៕
ចែករំលែកព័តមាននេះ