ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេវង់តន្ត្រី «ហេងសម្បត្តិ» វ៉ៃអ្នកចម្រៀង​ចាស់ដៃ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ត្រី​ថៅកែ​តន្ត្រីសម័យ​ឈ្មោះ ហេង​ សម្បត្តិ ត្រូវ​បាន​ចៅក្រម​លោក ធន់ ដា​រិ​ទ្ធ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តនៅ​ថ្ងៃ​ទី​១៦ ធ្នូ…

ខេត្តកំពង់ចាម ៖ ស្ត្រី​ថៅកែ​តន្ត្រីសម័យ​ឈ្មោះ ហេង​ សម្បត្តិ ត្រូវ​បាន​ចៅក្រម​លោក ធន់ ដា​រិ​ទ្ធ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តនៅ​ថ្ងៃ​ទី​១៦ ធ្នូ ជា​បណ្តោះអាសន្ន​ ក្រោម​បទ​ចោទ​ហិង្សា​ដោយ​ចេតនា ដោយ​សារ​​តែ​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ ទៅ​លើ​អ្នកចម្រៀង​ជា​ស្ត្រីភេទ​ម្នាក់​យ៉ាង​ចាស់ដៃ បណ្តាល​ឱ្យ​របួស​ពេញ​ផ្ទៃ​មុខ ខ្លួនប្រាណ និង​ដៃជើង ។ ស្ត្រី​អ្នកចម្រៀង​រង​គ្រោះ​នេះ​ រស់នៅ​រាជធានី​ភ្នំពេញ ។

លោក​វរ​សេនីយ៍ឯក ឯក ប៉ាន់​ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម បាន​ប្រាប់​ឲ្យ​ដឹង​ថា វង់​តន្ត្រី​សម័យ​នេះ បាន​ស៊ីឈ្នួល​លេង​កំដរ​ពិធី​មង្គល​ការកូន​អ្នក​ភូមិ កាលពី​ថ្ងៃ​ទី​១២ ធ្មូ នៅ​ភូមិ​ស្ដេច​ន​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ។

លោក​អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​បន្ត​ថា អ្នកចម្រៀង​រង​គ្រោះ​ឈ្មោះ ចាន់ ល​ក្ខិ​ណា ហៅ​ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​មក​ច្រៀង​ក្នុង​កម្មវិធី​មង្គលការ​នេះ​នៅ​ក្នុង​វង់​តន្ត្រីសម័យ​ហេង សម្បត្តិ ហៅ​នាយ​៨៥ ។ នា​យប់​ថ្ងៃ​កើតហេតុ ថៅកែ​វង់​តន្ត្រី​ឈ្មោះ ជុន យ៉ា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បាន​ឲ្យ​អ្នកចម្រៀង​ស្រី​រូប​នេះ​ក្រៅពី​ច្រៀង ត្រូវ​ជួយ​រាំ​ជាមួយនឹង​ស្ត្រី​ចម្រៀង​ផ្សេង​ៗ​ទៀត ។

ប៉ុន្តែ​ការ​រាំ​នោះ​មិន​បាន​ធ្វើ​ឱ្យ​មានការ​ពេញចិត្ត​ពី​សំណាក់​ថៅកែ​វង់​តន្ត្រី​នេះ​ទេ គឺ​រាំ​មិន​បាន​លះ របៀប​តោះតើយ​សោះកក្រោះ ក៏​មាន​ជម្លោះ​ពាក្យ​សម្ដី​បាន​កើតឡើង រហូត​ដល់​ថៅកែ​វង់​តន្ត្រី​ប្រើ​អំពើ​ហិង្សា​លើ​អ្នកចម្រៀង​រូប​នេះ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ធ្នូ ទើប​ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោយ​ប្ដឹង​ចោទ​ថៅកែ​វង់​តន្ត្រី ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​មក​លើ​ខ្លួន ។

ក្រោយ​ទទួល​បណ្ដឹង​ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​កោះហៅ​ថៅកែ​វង់​តន្ត្រី​មក​សួរនាំ​នៅ​អធិការដ្ឋាន​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា ប៉ុន្តែ​ពេល​ដែល​សួរនាំ ភាគី​ទាំង​២​ហាក់​មាន​សុខភាព​មិនល្អ​ប្រហែលជា​តក់ស្លុត ដោយ​មាន​អាកា​រៈ​ស្រឺ​ត ទើប​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧«D» ស្រុក​កំពង់សៀម ។ ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​ដាក់​កម្លាំង​នៅ​យាម​ប្រចាំការ​ជាប់ ខ្លាច​ថៅកែ​វង់​តន្ត្រី​នេះ​លួច​រត់​ចេញពី​មន្ទីរពេទ្យ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ក្រោយ​ពី​សម្រាក​មាន​សុខភាព​ប្រសើរ​គ្រាន់បើ​ឡើង​វិញ ក៏​សុំ​គ្រូពេទ្យ​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​រាជធានី​ភ្នំពេញ ។អធិការ​នគរបាល​ស្រុក​កំពង់សៀម បាន​បញ្ជាក់​ថា ដោយ​ឃើញ​សុខភាព​ថៅកែ​តន្ត្រី​មាន​សភាព​ធម្មតា​វិញ ហើយ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ទើប​លោក​ចៅក្រម ធន់ ដា​រិ​ទ្ធ បាន​ចេញ​ដីកា​ឃំ​ុ​ខ្លួន​និង​បញ្ជូន​ទៅ​ព​ន្ឋ​នាគារ​រួច​ហើយ រង់ចាំ​ការ​វិនិច្ឆ័យ​ទោស​តាម​ក្រោយ ។

តាម​ការ​រៀបរាប់​ពី​ស្ដ្រី​រង​គ្រោះ​ឈ្មោះ ចាន់ ល​ក្ខិ​ណា ហៅ​ស្រី​ពេជ្រ ជា​ស្ដ្រី​មេម៉ាយ​កូន​៣​នាក់​បាន​ឲ្យ​ដឹង​ថា ខ្លួន​ទើប​ចូល​ច្រៀង​ឲ្យ​ក្រុម​តន្ដ្រី ហេង​សម្បត្តិ នៅ​អំឡុង​ខែ​១១ ឆ្នាំ​២០១៩​កន្លង​ទៅ លុះដល់​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ឡើង​ច្រៀង​ធម្មតា ។ ប៉ុន្ដែ​ពេល​កំពុង​ច្រៀង​នោះ កូន​តូច​របស់​ខ្លួន​មាន​ជំងឺ​ចុកពោះ​ខ្លាំង ហើយ​ខ្លួន​ក៏​សម្រាក​បន្ដិច​ដើម្បី​មើល​កូន មិនមែន​មក​ពី​គាត់​រាំ​មិន​ពេញចិត្ត​នោះ​ទេ ។
លុះ​ត្រឡប់​មក​កន្លែង​ច្រៀង​វិញ​ក៏​ត្រូវ​ថៅកែ​ស្រី​ឈ្មោះ ជន យ៉ា​រី ជេរ​ស្ដី​ហើយ​ប្រើ​ក្រុម​បរិវារ​ចាប់​នាង ឱ្យ​ខ្លួន​វាយដំ​តាម​ទំនើងចិត្ត រហូត​រង​របួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន​ដៃជើង​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ