ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិកររស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ មួយចំនួនធំ ក្រៅពីការងារស្រែចម្ការបានបង្កើនមុខរបរមួយទៀតគឺដាំខ្ទឹមជារៀងរាល់ឆ្នាំដើម្បីបង្កើនជីវភាពគ្រួសារ ។ ប៉ុន្តែឆ្នាំនេះប្រការគួសោកស្តាយខ្ទឹមរបស់ពួកគាត់បានធ្លាក់ថ្លៃខ្លាំងមែនទែនធ្វើឱ្យពួកគាត់ត្អូញត្អែពីការខាតបង់ធនធានផ្ទាល់ខ្លួនហើយក៏បានអំពាវនាវដល់មន្ទីរពាក់ព័ន្ធសូមមេត្តាជួយរកទីផ្សារឱ្យពួកគាត់ផង ។
លោក ប៉ាន់ វាសនា អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី17 ខែធ្នូ ឆ្នាំ2019 បានឱ្យភ្នាកងារ កោះសន្តិភាព ដឹងថា ក្នុងភូមិត្រពាំងក្រពើនេះប្រជាពលរដ្ឋស្ទើ៨០%បាននាំគ្នាដាំខ្ទឹមក្រៅពីការងារស្រែចំការ ។ ខ្លះបានទិញដីចាក់ក្នុងស្រែដើម្បីទ្រាប់បាត ហើយបន្ទាប់មកទិញដីដំបូកយកចាក់ក្រាលពីលើដើម្បីធ្វើជាជីរួចរាល់ហើយទើបនាំគ្នាដាំ ។
នេះជាវិធីនៃការដាំខ្ទឹមចាប់ផ្តើមពីជំហ៊ានដំបូង ដោយឡែករូបគាត់បានចាប់យកមុខរបរដាំខ្ទឹមនេះដែរគឺច្រើនឆ្នាំណាស់មកហើយ ។ ប៉ុន្តែឆ្នាំនេះខ្ទឹមបានធ្លាក់ថ្លៃមែនទែនរហូតដល់១គីឡូក្រាមត្រឹមតែ១៣០០រៀលតែប៉ុណ្ណោះខុសពីឆ្នាំកន្លងទៅមានតម្លៃថ្លៃជាងនេះគឺពី២ទៅ៣ពាន់រៀលដែរ ។
យ៉ាងនេះក្តីលោកបានបញ្ជាក់ថា មុខរបរដែលធ្លាប់ធ្វើជាប្រចាំឆ្នាំទៅហើយមិនអាចបោះបង់បានឡើយហើយក៏មិនដឹងទៅរកស៊ីអ្វីដែរព្រោះក្រៅតែពីការងារស្រែចម្ការគឺការដាំខ្ទឹម ។ កាលដើមឡើយរូបគាត់ក៏ធ្លាប់ដាំស្ពៃដែរ ប៉ុន្តែស្ពៃចុះថ្លៃពេកហើយពេលឃើញខ្ទឹមបានថ្លៃក៏ងាកមកដាំខ្ទឹមវិញ ម្យ៉ាងវិញទៀតការដាំខ្ទឹមគឺមានភាពងាយស្រួលជាងដាំស្ពៃ ។ ជាចុងក្រោយលោកក៏បានសំណូមពរដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធសូមមេត្តាជួយរកទីផ្សារឱ្យប្រជាពលរដ្ឋអ្នកភូមិត្រពាំងក្រពើផងព្រោះតែតម្លៃខ្ទឹមឆ្នាំនេះចុះថោកខ្លាំងពេកហើយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ