ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​ចំណូល​ច្រើន​ជាង​ស្ត្រី​លើ​គ្រប់​​វិស័យ ពិសេស​កសិកម្ម​ដែល​ស្រូប​យក​ឥណទាន​កើន​ដល់​ជាង ៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល​កន្លង​មក ការ​វាយតម្លៃ​ទៅ​លើ​ការ​ទទួល​ប្រាក់​ចំណូល​រវាង​បុរស និង​ស្ត្រី មួយ​ណា​បាន​ច្រើន​ជាង​ហាក់​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ ក៏​ដូច​ជាតា​មការ​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ថ្មី​ៗ បាន​គូសបញ្ជាក់​ថា «​បុរស​មាន​ចំណូល​ច្រើន​ជាង​ស្ត្រី​លើ​គ្រប់​វិស័យ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល​កន្លង​មក ការ​វាយតម្លៃ​ទៅ​លើ​ការ​ទទួល​ប្រាក់​ចំណូល​រវាង​បុរស និង​ស្ត្រី មួយ​ណា​បាន​ច្រើន​ជាង​ហាក់​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ ក៏​ដូច​ជាតា​មការ​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ថ្មី​ៗ បាន​គូសបញ្ជាក់​ថា «​បុរស​មាន​ចំណូល​ច្រើន​ជាង​ស្ត្រី​លើ​គ្រប់​វិស័យ រាប់​ទាំង​នៅ​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​» ។

លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ មកនេះ​ថា តាម​រយៈ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា បុរស​មាន​ចំណូល​ច្រើន​ជាង​ស្ត្រី លើ​គ្រប់​វិស័យ​ដោយសារ​បុរស​មាន​កម្រិត​អប់រំ និង​មាន​លទ្ធភាព​ទទួល​បាន​កម្ចី​ខ្ពស់​ជាង​ស្ត្រី ។ គម្លាត​នេះ បណ្តាល​មក​ពី​ភាព​ខុស​គ្នា​នៃ​កម្រិតយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​បុរស និង​ស្ត្រី ។

លោក​ជំទាវ​បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ឱ្យ​ស្ត្រី​ទទួល​បាន​ចំណូល​ច្រើន ឬ​ប្រហាក់ប្រហែល​ទៅ​នឹង​បុរស​សម្រាប់​នៅ​ក្នុង​វិស័យ​កសិកម្ម ទាមទារ​ឱ្យ​មានការ​លើកកម្ពស់​កម្រិត​អប់រំ ការ​យល់​ដឹង​របស់​ស្ត្រី​អាច​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​គម្លាត​ប្រាក់​ចំណូល​នៅ​ក្នុង​វិស័យ​កសិកម្ម ខណៈ​ពេល​ដែល​វិស័យ​មួយ​នេះ ស្រូប​យក​ឥណទាន​សរុប​បាន​កើន​ដល់​ជាង ៣ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក បើ​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ។

លោក​ជំទាវ​គូសបញ្ជាក់​ថា «​យោង​តាម​ទិន្នន័យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា​កាល​ពី​ឆ្នាំ​២០១០ ឥណទាន​សរុប​ទៅ​កាន់​វិស័យ​កសិកម្ម​មាន​ប្រមាណ ១,៦ ទ្រី​លាន​រៀល​ឬ​ស្មើ​ប្រមាណ ៣៨១ លាន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​គិត​ត្រឹម​ខែសីហា ឆ្នាំ ២០១៩​នេះ ឥណទាន​សរុប​ទៅ​កាន់​វិស័យ​នេះ​បាន​កើន​ដល់ ១៣,១ ទ្រី​លាន​រៀល ឬ​ស្មើ​ប្រមាណ ៣,២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ទន្ទឹម​នឹង​នេះ អត្រា​ការ​ប្រាក់​ត្រូវ​បាន​កំណត់​អតិប្បរមា​នៅ​ត្រឹម ១៨% នៅ​ខែមេសា ឆ្នាំ ២០១៧ ដើម្បី​សម្រួល​ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ប្រជា​កសិករ​យើង​» ។

លោក​ជំទាវ​បន្ត​ទៀត​ថា តាម​ទំហំ​ឥណទាន​ដ៏​ធំ​នេះ បាន​ជួយ​ដល់​អាជីវកម្ម ដល់​គ្រួសារ​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​ផ្តល់​លទ្ធភាព​ទទួល​បាន​ឥណទាន និង​អាច​វិនិយោគ​ទ្រព្យសកម្ម​មាន​លទ្ធភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​មាន​សារសំខាន់​ក្នុង​ការ​លើកកម្ពស់​ផលិតភាព​វិស័យ​កសិកម្ម ។ ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​ចំណែក​យ៉ាង​ធំ​ពី​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

លោក​ជំទាវ​មាន​ប្រសាសន៍​បន្ថែម​ថា «​ខ្ញុំ​ជឿជាក់​ថា កំណើន​រឹង​មាំ​របស់​វិស័យ​ហិរញ្ញវត្ថុ​នឹង​បន្ត​គាំំ​ទ្រ​ដល់​កំណើន​របស់​វិស័យ​កសិកម្ម ។ ដូច្នេះ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​បន្ត​បង្កើត​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​បម្រើ​ដល់​អាជីវកម្ម និង​គ្រួសារ​នៅ​ក្នុង​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ខ្លាំងក្លា​ឡើង​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ