ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ​រំពឹង​ថា​នឹង​ទទួល​បាន​ទីផ្សារ​បន្ថែម​ក្រោយ​ព្រឹត្តិការណ៍​ពិព័រណ៍​នាំ​ចេញ​នាំ​ចូល​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្វែងរក​ទីផ្សារ​និង​ជំរុញ​ការ​លក់​របស់​ផលិតផល​ក្នុងស្រុក រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​មួយ គឺ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​នាំ​ចូល រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្វែងរក​ទីផ្សារ​និង​ជំរុញ​ការ​លក់​របស់​ផលិតផល​ក្នុងស្រុក រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​មួយ គឺ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​នាំ​ចូល រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ធ្នូ​២០១៩ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។

​ឆ្លង​តាម​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី ១៦ ខែធ្នូ ម្សិលមិញ​នេះ ពាណិជ្ជករ​ជា​ច្រើន​រួប​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​អះអាង​ថា​ពួក​គាត់​រំពឹង​ថា បន្ទាប់​ពី​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ នឹង​អាច​ស្វែងរក​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ផលិត ផល​របស់​ខ្លួន​ព្រមទាំង​អាច​ជំរុញ​ដល់​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ទៀត​ផង ។

បើ​តាម​លោកស្រី ឡឹ​ង ម៉ា​នុ​ត ម្ចាស់​សិប្បកម្ម​គ្រាប់ស្វាយចន្ទី​ចំការលើ ខេត្តកំពង់ចាម ដែល​យក​ផលិតផល​ជា​ច្រើន​មក​ដាក់​តាំង​បង្ហាញ​លក់​និង​ស្វែងរក​ទីផ្សារ ក្នុង​ពិព័រណ៍​នោះ​ដែរ បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ពិព័រណ៍​ដែល​រៀបចំ​ឡើង​ដោយ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ពាណិជ្ជករ និង​អ្នកចូលរួម​តាំងពិព័រណ៍​នៅ​ពេល​នេះ ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ មិនមែន​ជា​ព្រឹត្តិការណ៍​លក់​ផលិតផល​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ឱកាស​សម្រាប់​ពាណិជ្ជករ​ក្នុង​ការ​ស្វែងរក​ដៃគូរ​សម្រាប់​ចែកចាយ​ផលិតផល និង​ដៃគូរ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

​អ្នកស្រី​បាន​និយាយ​ថា « ឆ្នាំ​មុន​ៗ យើង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បី​ឆ្នាំ​មក​ហើយ ហើយ​ក៏​ទទួល​បាន​ផ្លែផ្កា​ជា​បន្តបន្ទាប់​ដែរ ក្រោយ​ពី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ដែរ ក៏​នឹង​រំពឹង​ថា ទទួល​បាន​ផលប្រយោជន៍​ខ្លាំង​ដែរ ដោយសារ​តែ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន ដើម្បី​នាំ​ចេញ​ផង និង​ដើម្បី​លក់​បន្ត​នៅ​ក្នុងស្រុក​ផង » ។ អ្នកស្រី​បាន​បន្ត​ថា សម្រាប់​ផលិតផល​កសិកម្ម​របស់​អ្នកស្រី នៅ​ពេល​នេះ​ហាក់​ទទួល​បានការ​គាំទ្រ​ពី​ទីផ្សារ​បរទេស ដូច​ជា​ប្រទេស​កូរ៉េ ប្រទេស​ថៃ និង​វៀតណាម​ជាដើម តែ​យ៉ាងណា​ក៏​ដោយ ក៏​ទីផ្សារ​ស្រុក​មាន​បរិមាណ​ច្រើន​ជាង​ទីផ្សារ​បរទេស​ដែរ ដូច្នេះ​ហើយ​ទើប​អ្នកស្រី ស្នើ​អោយ​ពលរដ្ឋ​កម្ពុជា​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច តាម​រយៈ​ការ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ ផ្ដល់​ប្រាក់​ចំណូល​និង​កាត់​បន្ថយ​ការ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង​ជាដើម ។

​ចំណែក​អ្នកស្រី ម៉េ​ង បញ្ជិកា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Paradise Gardens មក​ពី​ខេត្តកំពត បានអោយ​ដឹងផង​ដែរ​ថា ការ​ចូលរួម ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​នៅ​ពេល​នេះ រំពឹង​ថា នឹង​អាច​ពង្រីក​ទីផ្សារ​ផលិតផល​កសិកម្ម​ខេត្តកំពត​បាន​បន្ថែម​ទៀត ដូច​ជា​ម្រេច​កំពត ដែល​ទទួល​បានការ​ចុះបញ្ជី​អំពី​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ពី​ទីផ្សារ​សហភាព​អឺរ៉ុប ដូច្នេះ ពិព័រណ៍​នេះ​នឹង​ក្លាយជា​វេទិកា​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ទៅ​កាន់​ដៃគូរ​វិនិយោគិន​បរទេស​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ អ្នកស្រី បន្ថែម​ទៀ​ថា ដោយសារ​តែ​ផលិតផល​កសិកម្ម​កម្ពុជា បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​នោះ អ្នកស្រី​ស្នើ​សុំ​អោយ​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ជួយ​រក​ទីផ្សារ​បន្ថែម​ទៀត ដើម្បី​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​បន្ថែម​ទៀត ។

ដោយឡែក​អ្នក​នាំ​ចូល​ផលិតផល​ផ្លែ​សា​ឡាក់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​បាន​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្លួន ក្នុង​ពិព័រណ៍​នោះ​លោកស្រី តូច ភក្ដី ក៏​បាន​និយាយ​ថា វា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បី​ស្វែងរក​ដៃគូរ​ចែកចាយ​ទំនិញ​ពី​ប្រទេស​នៅ​ក្នុង​ប្រទេសកម្ពុជា ។

អ្នកស្រី​បាន​បញ្ជាក់​ថា « ក្នុង​នាម​ជា​អ្នក​នាំ​ចូល​មួយ​រូប យើង​ចង់អោយ​ពលរដ្ឋ​ខ្លួន​ទទួល​បាន​ទំនិញ​ដែល​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព ដូច្នេះ​ហើយ​ទើប​យើង​សម្រេច​នាំ​ចូល​ផ្លែ​ឈើ​ដែល​ជំនួយ​សុខភាព​មក​កាន់​ប្រទេស​កម្ពុជា » ។ អ្នកស្រី​បាន​បន្ត​ថា តាម​រយៈ​ពិព័រណ៍ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​នា​ពេល​នេះ​នឹង​ជំរុញ​ការ​លក់​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា និង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ឥ​ណ្ឌ​នេ​ស៊ី​បន្ថែម​ទៀត តាម​រយៈ​ការ​នាំ​ចេញ​នាំ​ចូល ។ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​នេះ យើង​រំពឹង​ថា នឹង​មាន​អ្នក​ស្គាល់​ផលិតផល​ដែល​ដាក់​តាំង​ក្នុង​ពិព័រណ៍​នេះ​កាន់តែ​ច្រើន ហើយនឹង​អាច​អោយ​ពួក​យើង​កាន់តែ​មាន​ទីផ្សារ​បន្ថែម​ទៀត ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ថ្លែង​ក្នុង​ពិធី​ពិព័រណ៍​កាលពី​ថ្ងៃ​ទី ១៥ ធ្នូ​២០១៩​នេះ​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ព្រឹត្តិការណ៍នេះ ក៏​ជា​កាលានុវត្តភាព​ក្នុង​ការ​ជួយ​កម្ពុជា​លើ​ការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា ជា​ឱកាស​ស្វែងរក​ទីផ្សារ​នាំ​ចេញ ការ​ផ្សព្វផ្សាយ​វប្បធម៌ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត​ជាមួយ​បណ្ដា​ប្រទេស​ដៃគូ​នៅ​ក្នុង​តំបន់​និង​ពិភពលោក ។

​គួរ​កត់​សំគាល់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​បើកចំហរ​ដល់​ធុរជន​ទាំងអស់ ដើម្បី​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នឹង​បង្កើត​ធុរកិច្ច​នៅ​កម្ពុជា​។ ការ​ហូរ​ចូល​របស់​វិនិយោគទុន​បរទេស​មក​កាន់​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​នូវ​ធនធាន​ហិរញ្ញវត្ថុ ប​ច្ទេ​ក​វិទ្យា ជំនាញ ចំណេះដឹង​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប បទ​ពិសោធន៍ សហគ្រិន និង​ការ​បង្កើត​ការងារ​ថ្មី​សម្រាប់​ប្រជាជន ការ​ពង្រីក​ផលិតកម្ម​ក្នុងស្រុក​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ៕

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​ប្រាក់ខែ​ឡើង​ខ្ពស់​ស្ទើរតែ ១៥ ភាគរយ​ទំនងជា​នឹង​មាន​ជំងឺខ្សោយបេះដូង​ក្នុង​រយៈពេល ២៥ ឆ្នាំ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ