ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​កំណើត​ «​រាំវង់​»​ របាំ​ប្រជាប្រិយ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

សៀវភៅ​«​របាំ​ប្រជាប្រិយ​ខ្មែរ​» ចងក្រង​ដោយ​«​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​» របស់​«​ពុទ្ធ​សាសន​បណ្ឌិត្យ​» បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៦៤​បាន​លើក​បង្ហាញ​ពី​ដើម​កំណើត​របាំ​រាំវង់​ឲ្យ​ដឹង​ថា ការ​សង្កេត​រិះរក​ដើម​កំណើត​នៃ​របាំ​នេះ​នៅ​ពេល​បច្ចុប្បន្ន​ឃើញ​ថា មតិ​ព្រម​គ្នា​បាន​ឆ្លើយ​ឡើង​ថា​«​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​លាវ​(​ខ្លះ​កាត់​ខ្លី​ថា​មក​ពី​សៀម​)» ។ ហេតុ​បានជា​គេ​រក​ឃើញ​ថា​របាំ​នេះ​មក​ពី​លាវ ព្រោះ​អ្នកស្រុក​ខ្មែរ​ដែល​នៅ​ជិត​ទល់ដែន​លាវ​បាន​ចេះ​ច្រៀង ចេះ​រាំ​របៀប​នេះ​មុនគេ…

សៀវភៅ​«​របាំ​ប្រជាប្រិយ​ខ្មែរ​» ចងក្រង​ដោយ​«​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​» របស់​«​ពុទ្ធ​សាសន​បណ្ឌិត្យ​» បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៦៤​បាន​លើក​បង្ហាញ​ពី​ដើម​កំណើត​របាំ​រាំវង់​ឲ្យ​ដឹង​ថា ការ​សង្កេត​រិះរក​ដើម​កំណើត​នៃ​របាំ​នេះ​នៅ​ពេល​បច្ចុប្បន្ន​ឃើញ​ថា មតិ​ព្រម​គ្នា​បាន​ឆ្លើយ​ឡើង​ថា​«​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​លាវ​(​ខ្លះ​កាត់​ខ្លី​ថា​មក​ពី​សៀម​)» ។

ហេតុ​បានជា​គេ​រក​ឃើញ​ថា​របាំ​នេះ​មក​ពី​លាវ ព្រោះ​អ្នកស្រុក​ខ្មែរ​ដែល​នៅ​ជិត​ទល់ដែន​លាវ​បាន​ចេះ​ច្រៀង ចេះ​រាំ​របៀប​នេះ​មុនគេ ដោយ​ធ្លាប់​ទាក់ទង​ចេញចូល​ទៅ​មក​ជាមួយ​ប្រទេស​លាវ ឬ​បាន​ទាក់ទង​ពូជពង្ស​គ្រួសារ​ជាមួយ​គ្នា នាំ​ឱ្យ​ចេះ​និយម​ទំនៀម​ជាមួយ​គ្នា​ឡើង ។ ក្រៅពី​នោះ​មាន​របៀប​តែងខ្លួន ដូច​ជា​ស្ត្រី​ស្លៀកសំពត់​ស៊ឹង​ជាដើម ។

បន្ទាប់​ពី​ឆ្លង​តាម​ខ្មែរ​ដែល​នៅ​ទល់ដែន​នឹង​លាវ នៅ​មានការ​ឆ្លង​តាម​ខ្មែរ​នៅ​ទល់ដែន​សៀម​ទៀត ព្រោះ​សៀម​បាន​យក​លំនាំ​របាំ​នេះ​មក​ទុកជា​ប្រពៃណី​យូរ​មក​ហើយ ព្រមទាំង​បាន​ច្នៃ​រចនា​បន្ថែម​ទៀត ។ ការ​ឆ្លង​ចូល​ពី​តាម​រយៈ​ជាយ​ដែន​សៀម​នេះ ទើបតែ​មាននៅ​ក្នុង​រវាង​ឆ្នាំ​១៩៤៦-៤៧​ប៉ុណ្ណោះ ឯការ​ឆ្លង​តាម​រយៈ​ជាយ​ដែន​លាវ​វិញ​មាន​មក​ជា​យូរ​ឆ្នាំ​ណាស់​ហើយ គឺ​តាំងពី​មុន​សម័យ​បារាំង​មក​តាំង​អាណាព្យាបាល​នៅ​លើ​ទឹកដី​ឥណ្ឌូចិន​នោះ​ទៅ​ទៀត ។

សរុប​ទៅ​យើង​គួរ​ពិចារណា​ដោយ​យក​ប្រវត្តិសាស្ត្រ​ជា​សំអាង យើង​យល់​បាន​ថា សិល្បៈ​រាំរែក ក្បាច់ក្បូរ ផ្សេង​ៗ កើត​មាននៅ​ប្រទេស​ខ្មែរ​យើង​មុនគេ​បង្អស់ ក្នុង​បណ្ដា​ប្រទេស​ជិតខាង​ទាំង​ឡាយ​នេះ ដូច​ជា​ក្បាច់​របាំ​តន្ត្រី​(Danse classique) ដែល​សព្វថ្ងៃ​យើង​ហៅ​ថា «​របាំ​ព្រះរាជ​ទ្រព្យ​» របស់​យើង​នោះ មាន​មក​តាំងពី​សតវត្ស​ទី​៣​នៃ​គ្រឹះ​សករាជ ។ ដូច្នេះ​សិល្បៈ​របស់​យើង​នោះ​បាន​សល់​នៅ​គ្រប់​ភូមិភាគ​ទាំងអស់​ដែល​ជា​អាណាចក្រ​បុរាណ​របស់​យើង ប៉ុន្តែ​ប្រែក្លាយ​បន្តិចបន្តួច​ទៅ​តាម​ចំណូលចិត្ត​របស់​អ្នកស្រុក​ដែល​រស់នៅ​ដោយ​ពួក ដោយ​ក្រុម ឬ​ដោយ​សញ្ជាតិ​ដែល​បែកខ្ញែក​គ្នា​ទៅ​ជា​ប្រទេស ផ្សេង​ៗ ។

ហេតុនេះ​ហើយ​បានជា​សិល្បៈ​ទាំងនេះ​វិល​ត្រឡប់​មក​កាន់​ប្រទេស​ជាតិ​យើង​វិញ ក្រោយ​ពេល​ដែល​ជាតិ​ជិតខាង​យក​ទៅ​ពត់​បត់បែន​តាម​របៀប​គេ​រួច​ហើយ តែ​នៅ​តែ​មាន​អ្នកស្រុក​យើង​និយម​ស្រឡាញ់​រាប់អាន គ្រប់​គ្នា​ៗ ដូច​ជា​ភ្លេងពិណពាទ្យ​ជាដើម ។ មិនតែប៉ុណ្ណោះ​កើត​បានជា​សេចក្ដី​សម្គាល់​មួយទៀត​ថា​ទោះបីជា​ខ្មែរ​យើង​ទទួលយក​សិល្បៈ​កាឡៃ​ពី​ភាព​ដើម​របស់​យើង​នេះ​មក​វិញ​ក៏​ដោយ ក៏​យើង​គ្រាន់តែ​ទុកជា​សិល្បៈ​ប្រជាប្រិយ​ប៉ុណ្ណោះ​មិន​បាន​ទុកដាក់​ដល់​ថ្នាក់ខ្ពស់​ជា​សិល្បៈ​តន្ត្រី​ប្រចាំ​ជាតិ​យើង​ឡើយ ។ ព្រោះ​ជា​ធម្មតា​សិល្បៈ​ប្រជាប្រិយ​នៃ​ជនជាតិ នីមួយ​ៗ រមែង​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ជិតខាង​គ្នា​ជា​ដរាប ។

អាស្រ័យ​ហេតុនេះ​យើង​យល់​ថា «​របាំ​រាំវង់​ពិតជា​ឆ្លង​ចូល​ពី​ប្រទេស​ជិតខាង​យើង​មែន ប៉ុន្តែ​ជា​សិល្បៈ​ចាស់​បុរាណ​ដែល​មាន​ប្រភព​ដើម​នៅ​ប្រទេស​យើង​នោះ​ឯង​» ។ អាស្រ័យ​លើ​ការ​យល់​ដូច្នេះ​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នកស្រុក​យើង​ត្រូវ​ចំណង់​របស់​ខ្លួន ព្រោះ​ជា​កេរមត៌ក​ចាស់​របស់​ផង់​ខ្លួន​ស្រាប់ ទើប​នាំ​គ្នា​និយម​កុះករ​ឡើង​។

បើ​ឃើញ​ថា​ប្លែក គឺ​ប្លែក​ត្រង់​ទម្លាប់​លាវ​គេ​រាំ​ជា​ដង្ហែ​គ្នា ឆ្លាស់​ប្រុស​មួយ​ស្រី​មួយ គ្រប់​ៗ​គូ​រាំ​ដើរ​វាត​វង់​ជុំវិញ ប៉ុន្តែ​នេះ​ក៏​ជា​របៀប​រាំ​ខ្មែរ​យើង​ដែរ ប្លែក​ត្រង់​ចាក់​ក្បាច់​មិនសូវ​ពិបាក ហើយ​ស្លៀកពាក់​ធម្មតា​មិនបាច់​តែង​គ្រឿង​ច្រើន​ផង ។ ត្រង់​ចំណុច​នេះ​ទៀត​ដែល​អ្នកស្រុក​ខ្មែរ​យើង​ទូទៅ​នាំ​គ្នា​និយម​តាម​យ៉ាង​រហ័ស​ណាស់ ព្រោះ​ស្រួល​ងាយ​នឹង​ធ្វើ​តាម​បាន គឺ​មិនបាច់​តែងខ្លួន​ឱ្យ​មាន​អលង្ការ ប្លែក​ៗ​ផង មិនបាច់​ចាក់​ក្បាច់​កាច់​កែ​តាម​កំណត់​លក្ខខណ្ឌ​ពិបាក​ពេក​ផង ។

លាវ​សន្មត​របាំ​នេះ​ហៅ «​ឡាំ​លាវ ឬ​ឡាំ​កេ​ន​» (​ឡាំ​=​លាវ ប្រែ​ថា​រាំ ,​កេ​ន គឺ​គ្រឿង​ភ្លេង​ផ្លុំ​ដែល​ខ្មែរ​ហៅ​ថា​គែន ,​បាន​ន័យ​ថា​រាំ​អាស្រ័យ​នឹង​សំឡេង​គែន​) របាំ​បែប​ឡាំ​លាវ​នេះឯង​ដែល​ឆ្លង​មក​ក្នុ​ដែនដី​ខ្មែរ ត្រង់​ភូមិភាគ​ព្រំដែន​លាវ​ជា​យូរ​មក​ហើយ ឥឡូវ​ក៏​ក្លាយ​ចូល​ក្នុង​រាំវង់​នេះ​ទៅ​ដែរ ។ លុះ​ឆ្លង​ទៅ​សៀម សៀម​ហៅ​ថា «​ឡាំ​ថូន​» (​ឡាំ​=​រាំ ,​ថូន​=​ឈ្មោះ​ស្គរ​ធុន​តូច​ដែល​ខ្មែរ​ហៅ​ថា​ធន គឺ​បាន​សេចក្ដី​ថា រាំ​អាស្រ័យ​នឹង​ស្គរ​) ប៉ុន្តែ​ខ្មែរ​យើង​ដោយ​ឃើញ​ថា ក្បាច់​រាំ​នេះ​ដើរ​ជុំវិញ​តុ​ផ្កា​ទើប​យើង​សន្មត​ថា «​រាំវង់​» វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ