ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ប្រកាស​ជួសជុល​ជាន់​ឡៅតឿ​ផ្សារ​អូរ​ឫស្សី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជួសជុល​ជាន់​ឡៅតឿ​ផ្សារ​អូរ​ឫស្សី​ឡើង​វិញ​ជា​បន្ទាន់ ដើម្បី​ការពារ​សុវត្ថិភាព​អាជីវករ​និង​ប្រជាពលរដ្ឋ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជួសជុល​ជាន់​ឡៅតឿ​ផ្សារ​អូរ​ឫស្សី​ឡើង​វិញ​ជា​បន្ទាន់ ដើម្បី​ការពារ​សុវត្ថិភាព​អាជីវករ​និង​ប្រជាពលរដ្ឋ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ បាន​ជម្រាប​ជូន​ដល់​សាធារណជន និង​បងប្អូន​អាជីវករ​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា បច្ចុប្បន្ន​សំណង់​អគារ​ផ្សារ​អូរ​ប្ញ​ស្សី​មាន​លក្ខណៈ​រឹង​មាំ​និង​មានគុណ​ភាព​ប្រើប្រាស់​យូរអង្វែង ដោយឡែក​តែ​សំណង់​ឡៅតឿ​ប៉ុណ្ណោះ​ដែល​មាន​សភាព​បែក​ប្រេះស្រាំ​ដោយ​អន្លើ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ប្រសិនបើ​សំណង់​ឡៅ​តឿន​នេះ​ទុក​យូរ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ អតិថិជន និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​ចៀសវាង​រាល់​ហានិភ័យ​ដែល​កើត​មាន​ឡើងជា​យថាហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​បងប្អូន​អាជីវករ​ដែល​កំពុង​លក់ដូរ​នៅ​លើ​ឡៅតឿ ក្រោម​ឡៅតឿ និង​ជុំវិញ​បរិវេណ​ទីតាំង​នេះ​ទាំងអស់ ផ្ទេរ​ការ​លក់ដូរ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ខ្លី ទៅ​ទីតាំង​ថ្មី​នៅ​ក្រៅ​ផ្សារ​តាម​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​សំណង់ ធ្វើការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ និង​ឆាប់​រួចរាល់​។

សេចក្តីជូនដំណឹង​បាន​សន្យា​ថា នៅ​ពេល​ជួសជុល​រួចរាល់ នឹង​បើក​ឲ្យ​អាជីវករ​ចូល​មក​លក់ដូរ​នៅ​កន្លែង​ដើម​វិញ​ហើយ​ធានា បាន​សុវត្ថិភាព និង​សោភ័ណ​ភាព​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តី​សង្ឃឹម​ទុកជា​មុន​ថា សាធារណជន និង​បងប្អូន​អាជីវករ នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី​ទាំងអស់ បាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​នេះ និង​សហការ​ចូលរួម​អនុវត្ត សេចក្តីជូនដំណឹង​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ